ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភ្នំពេញ នឹង​បង្កើត​ក្រុង​សម្ព័ន្ធភាព​ជាមួយ​ក្រុង​ឡូ​វែ​ល​របស់​អាមេរិកសប្តាហ៍​ក្រោយ​
11, Jan 2015 , 10:48 am        
រូបភាព
រូបថត​សាលារាជធានី​ភ្នំពេញ
រូបថត​សាលារាជធានី​ភ្នំពេញ
អភិបាលក្រុង​ឡូ​វែ​ល​លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត (Rodney M. ELLIOTT) នៃ​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) របស់​សហរដ្ឋអាមេរិក​នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី១៣ដល់​ថ្ងៃទី១៧ខែមករា ក្នុង​សប្តាហ៍​ក្រោយនេះ។ ក្នុងចំណោម​នៃ​ជំនួបសំខាន់ៗជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​រួមមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ អភិបាលក្រុង​ឡូ​វែ​ល​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ​ស្តីពី​ការបង្កើត​ក្រុង​សម្ព័ន្ធភាព​ជាមួយ​ជាមួយ​រាជធានី​ភ្នំពេញ។


អភិបាលក្រុង​ឡូ​វែ​ល​លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត នឹងត្រូវ​ចុះហត្ថលេខា​ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​ក្រុង​សម្ព័ន្ធភាព នៅក្នុង​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា។ ពិធី​ប្រកាស​បង្កើត​ចំណង​មេត្រីភាព​រវាង​ក្រុង​ទាំងពីរ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អភិបាលក្រុង​ឡូ​វែ​ល​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុង​ឡូ​វែ​ល គឺជា​ក្រុង​ធំ​ទី៤នៃ​រដ្ឋ​ម៉ាស្សាឈូសេត ហើយ​ដែលមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់នៅ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ការចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រុង​ឡូ​វែ​ល​របស់​អាមេរិក នឹង​នាំមក​នូវ​ផលប្រយោជន៍​ដល់​រាជធានី​ភ្នំពេញ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ទីក្រុង​ឡូ​វែ​ល​ជាទី​ក្រុង​ឧស្សាហកម្ម ក្រុង​ពាណិជ្ជកម្ម។ ដូច្នេះ​យើង​អាច​ផ្តើម​គិតគូរ​ជាមួយគ្នា​ថា តើ​យើង​អាចធ្វើ​សហប្រតិបត្តិការ នាំចេញ​នាំចូល​ទំនិញ​ជាមួយគ្នា និង​ធ្វើ​សហប្រតិបត្តិការ​លើ​វិស័យផ្សេងៗទៀត»។
បើតាម​ការអះអាង​រប​ស់លោក ឡុង ឌី​ម៉​ង់ វត្តមាន​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ក្រុង​ឡូ​វែ​ល​នោះ បានរួម​ចំណែក​ធ្វើអោយ​លោក រ៉ូ​ដ​នី អិ​ម អ៊ី​លៀត បាន​ជាប់ឆ្នោត​ធ្វើជា​អភិបាលក្រុង ដូច្នេះ លោក​អភិបាលក្រុង​រូបនេះ ចង់​បន្ត​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា។

ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​បង្កើត​ចំណង​មេត្រីភាព​ជាមួយ​ក្រុង​ឡូ​វែ​លហើយ​នោះ ក្រុង​ឡូ​វែ​ល​គឺជា​ទីក្រុង​ទី២របស់​សហរដ្ឋអាមេរិក​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​ភ្នំពេញ បន្ទាប់​ក្រុង គ្លី​វិ​ឡិន​នៃ​រដ្ឋ​ថេ​នេ​ស៊ី (Tennessee)។ «ក្រោយពី​បាន​ភ្ជាប់​សម្ព័ន្ធភាព​ជាមួយ​ក្រុង​គ្លី​វិ​ឡិន​ហើយ អាជ្ញាធរ​ក្រុង​គ្លី​វិ​ឡិន បាន​ផ្តល់ជំនួយ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅក្នុង​សហគមន៍​ភូមិ​អណ្តូង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ។ ដូច្នេះ យើង​សង្ឃឹមថា សម្ព័ន្ធភាព​ជាមួយ​ក្រុង​ឡូ​វែ​ល​នេះ នឹង​នាំមក​ការជួយ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​បន្ថែមទៀត»។ នេះ​ជា​ជាការ​រំពឹងទុក​របស់​លោក ឡុង ឌី​ម៉​ង់។

រាជធានី​ភ្នំពេញ​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការបង្កើត​ចំណង​មេត្រីភាព​ជាមួយ​ទីក្រុង​មួយចំនួន​ក្នុងពេល​កន្លងមក​ដូចជា ទីក្រុង​គុន​មីង​របស់​ប្រទេស​ចិន ទីក្រុង​អ៊ិន​ឈាន់ និង​ទីក្រុង​ប៊ូសាន​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​ទីក្រុង​ហូជីមិញ នៃ​ប្រទេស​វៀតណាម​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com