ជាតិ
សង្គមជាតិ
សវនាការ​សំណុំ​រឿង​០០២​វគ្គ២ ​ថ្ងៃ​នេះ​​លុប​ចោល​​ព្រោះ​ ខៀវ សំផន​ មិនទាន់​​ចេញ​ពី​​ពេទ្យ
15, Jan 2015 , 11:29 am        
រូបភាព
​ លោក ខៀវ សំផន ។ រូបថត៖ សាលាក្តី​ខ្មែរ​ក្រហម
​ លោក ខៀវ សំផន ។ រូបថត៖ សាលាក្តី​ខ្មែរ​ក្រហម
ដោយ:
អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បានសម្រេច​លុបចោល​ស​វនា​ការ​លើ​ជនជាប់ចោទ ខៀវ សំផន និង នួន ជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ខែមករា នេះ ។ បើតាម​សេចក្តីជូនដំណឹង​របស់​អង្គជំនុំជម្រះ មូលហេតុ​លុបចោល​សវនាការ​នេះ ដោយសារ​អង្គជំនុំជម្រះ ទទួល​ព័ត៌មាន​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​ថា លោក ខៀវ សំផន មិនអាច​ចាកចេញ​ពី​មន្ទីរពេទ្យ នៅមុន​ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៥ បានទេ។



មេធាវី​របស់​ជនជាប់ចោទលោក ខៀវ សំផន គឺលោក គង់ សំអុន បាន​និយាយថា កូនក្តី​របស់លោក​មាន​ជំងឺ​ប្រព័ន្ធ​ដង្ហើម ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត មិនអាច​ចូលរួម​សវា​នា​ការដែល​គ្រោង​ធ្វើ​នៅថ្ងៃនេះ​បានទេ ។ លោក​មេធាវី បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដូច្នេះ​ថា៖  « គ្រូពេទ្យ​ប្រាប់​ខ្ញុំ​ថា ប្រព័ន្ធ​ដង្ហើម​របស់លោក ខៀវ សំផន ដំណើរការ​មិនល្អ​ឡើយ ។ គាត់​ពិបាក​ដកដង្ហើម​ណាស់។ តែ​មកទល់ពេលនេះ ស្ថានភាព​ជំងឺ​របស់គាត់ បាន​ធូរស្រាល​ជាង​មុន​ហើយ» ។

ដោយយោង​ទៅលើ​សម្តី​គ្រូពេទ្យ លោក គង់ សំអុន បញ្ជាក់​ថា នៅ​ថ្ងៃ ១៥ មករា នេះ កូនក្តី​របស់លោក​ទំនង​ជាង​នឹង​អាច​ចេញពី​មន្ទីរពេទ្យ​បាន ។ ហើយ​សម្រាប់​សវនាការ​លើ​សំណុំរឿង ០០២ វគ្គ២ ជាថ្មី​ម្តងទៀត ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ២១ ខែមករា ខាង​មុននេះ នឹងមាន​វត្តមាន​រប​ស់លោក ខៀវ សំផន ប្រសិនបើ​អាកា​រៈ​ជំងឺ​របស់លោក​មាន​ភាព​ល្អប្រសើរ។ នេះ​ជាការ​អះអាង​របស់លោក​មេធាវី ។

ជាមួយគ្នានេះដែរ បើតាម​សេចក្តីជូនដំណឹង​របស់អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ ​​អ.វ.ត.ក ខាងលើ អង្គជំនុំជម្រះ​សាលាដំបូង​ក៏បាន​បង្គាប់​ឱ្យមាន​ការវាយតម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​ពី​អ្នកជំនាញ​ដែល​ត្រូវបានចាត់តាំង​ដោយ​តុលាការ​រួចហើយ ដើម្បី​វាយតម្លៃ​លើ​សម្បទា​ក្នុងការ​ចូលរួម​សវនាការ​របស់​ជនជាប់ចោទ​ ​ខៀវ សំផន និង នួន ជា នៅ​ថ្ងៃទី ១៩ និង ថ្ងៃទី២០ ខែមករា ។ សវនាការ​លើ​សំណុំរឿង ០០២/០២  នៅ​ថ្ងៃ​ពុធ ទី២១ ខែមករា ឆ្នាំ២០១៥ នឹង​ចាប់ផ្តើម​សាជាថ្មី នៅវេលា​ម៉ោង ៩ ព្រឹក៕



© រក្សាសិទ្ធិដោយ thmeythmey.com