អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ហាម​ប្រជាជន​ឥស្លាម​ពាក់​ស្បៃ​ហ៊ុំ​មុខ​នៅ​តំបន់​ទាមទារ​ផ្តាច់ខ្លួន Xinjiang
15, Jan 2015 , 4:07 pm        
រូបភាព

អាជ្ញាធរ​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​ចិន ស៊ិន​ជាំ​ង (Xinjiang) បានសម្រេច​អនុម័ត ច្បាប់​ថ្មី​មួយ ដោយ សម្រេច​ហាមឃាត់​បណ្តា​ប្រជាជន​ឥស្លាម​នៅ​តំបន់​ខាងលើ​ពាក់​ស្បៃ​ហ៊ុម​ខ្លួន​នៅ​ទីសាធារណៈ។ យ៉ាងណាក៏ដោយ​ការសម្រេច​ហាមឃាត់​ប្រជាជន​ឥស្លាម​នោះ​ហាក់បីដូចជា​ប៉ះពាល់​ដល់​សេរីភាព​សាសនា និង​រើសអើង​ផ្នែក​សាសនា​ផងដែរ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



កាលពី​ម្សិលមិញ​នេះ​អាជ្ញាធរ​តំបន់​ស៊ីន​ជាំ​ង បានសម្រេច​អនុម័ត ច្បាប់​ថ្មី មួយ​ដែល​ហាមឃាត់​បណ្តា​ប្រជាជន​ឥស្លាម​នៅ​តំបន់​ខាងលើ​ពាក់​ស្បៃ ឬ​ក្រណាត់​ហ៊ុម​ខ្លួន​តាមបែប​សាសនា​នៅ​ទីសាធារណៈ​បន្តទៀត។ ច្បាប់​ថ្មី​ត្រូវបាន​សភា​តំបន់​អនុញ្ញាត ដោយ​ផ្តល់​ភ្លើង​បៃតង អោយ​អនុវត្តន៍​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ប៉ុន្តែ​ការសម្រេច​អោយមាន​ច្បាប់​នេះ បានធ្វើអោយ​មានប្រតិកម្ម ពី​ប្រជាជន​ក្នុង​តំបន់​ដែលជា​អ្នក​កាន់សាសនា​ឥស្លាម​ផងដែរ។

តាមពិតទៅ​ប្រជាជន​ម៉ូ​ស្លី​ម​ជា​ស្ត្រី​ភាគច្រើន​បាន​ប្រើប្រាស់​ស្បៃ​ដែល​ហ៊ុម​ដណ្តប់​ដងខ្លួន និង​មុខ​នៅតាម ទីសាធារណៈ ហើយ​គេ​អះអាងថា​វា​ជា​ទំនៀមទម្លាប់​និង​ប្រពៃណី​មួយ​របស់​ប្រជាជន​ឥស្លាម​ប៉ុណ្ណោះ។ មានមតិ​លើកឡើងថា​ការសម្រេច​ចេញ​ច្បាប់ ដោយ​បញ្ជា​ប្រជាជន​ឥស្លាម​ឈប់​ប្រើប្រាស់​ស្បៃ​នេះ​តទៅ ទៀត នៅពេល​ពួកគេ​នៅតាម​ទីសាធារណ​នោះ ជា​ទង្វើ​ដែល​ប៉ះពាល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ឬ ជា ការរើសអើង​ផ្នែក​សាសនា​មួយ​ផងដែរ។ គេ​សង្ស័យថា ការសម្រេច​អោយ​ប្រជាជន​នៅក្នុង​តំបន់​ខាងលើ ជា​វិធានការ​មួយ​របស់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​និង​សន្តិសុខ ដ្បិត​នៅក្នុង​តំបន់​នេះ សម្បូរ ទៅដោយ​អំពើហិង្សា និង​មាន​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​រវាង​ប្រជាជន​ចិន​ចំណូល​ថ្មី និង​ជនជាតិ ភាគច្រើន​ប្រកាន់​សាសនា​ឥស្លាម។

យ៉ាងណាក៏ដោយ​ក្រៅពី​សម្រេច​ហាម​ប្រជាជន​ឥស្លាម​ក្នុងការ​ប្រើប្រាស់​ស្បៃ​ហ៊ុមព័ទ្ធ​ខ្លួន អាជ្ញាធរ​តំបន់ មួយ​របស់​ខេត្ត​ស៊ីន​ជា​ងំ​ក៏​ធ្លាប់បាន​ហាមឃាត់​ប្រជាជន​ឥស្លាម​ដែល​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ឥស្លាម និង​ទុក​ពុកមាត់​វែង​មិនអោយ​ជិះ​រថយន្ត​សាធារណៈ​ផងដែរ​កាលពី​ខែសីហា​ឆ្នាំ ២០១។ សម្លៀក បំពាក់​បី​ប្រភេទ​ដែល​ត្រូវបាន​គេ​ហាមឃាត់ ហើយ​រាល់​រថយន្តក្រុង​ត្រូវបាន​អាជ្ញាធរ​បញ្ជា​អោយ​ត្រួត ពិនិត្យ​និង​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ប្រសិនបើ​មាន​អ្នក​បំពាន​បទបញ្ជា​រប​ស់​អាជ្ញាធរ។ ដោយឡែក​នៅក្នុង តំបន់​នេះ ដដែល​កាលពី​ប៉ុន្មាន​ខែ​មុន អាជ្ញាធរ​តំបន់​បានចេញ​វិធាន​ការហាម​សិស្សសាលា និង​មន្ត្រីរាជការ ចំពោះ​ការ​តម​ដោយ​អនុវត្តតាម​ពិធី​សាសនា​រ៉ា​ម៉ា​ដាន់ (Ramadan)ថែម​ទៀតផង។

តាមពិតទៅ​ខេត្ត​ស៊ីន​ជាំ​ង​ជា​តំបន់​មួយ​ដែល​សម្បូរ​ប្រជាជន​ឥស្លាម​ដែល​គ្រប់គ្នា​ស្គាល់​ថា​ជនជាតិ​អ៊ុយ​ហ្គួ (Uyghurs) ហើយ​ភាព​តានតឹង​និង​បញ្ហា​ទើបតែ​កើតមានឡើង​ប៉ុន្មាន ទសវត្ស​ចុងក្រោយ​នៅពេលដែល ជនជាតិ​ហាន​របស់​ចិន​ជាច្រើន បាននាំគ្នា​ទៅ​រស់នៅក្នុង​ខេត្ត​ខាងលើ​ប៉ុណ្ណោះ។ ដោយសារ​មាន​ភាព​តាន តឹង​និង​ជម្លោះ​រវាង​ប្រជាជន​ផ្សេងគ្នា​ក្នុង​តំបន់ គេ​សង្កេតឃើញ​មានការ​វាយប្រហារ​ហិង្សា​កើត​ឡើងជា​ញឹកញយ​នៅ​ស៊ីន​ជាំ​ង ហើយ​អាជ្ញាធរ​ចិន​បាន​ចោទប្រកាន់​ជនជាតិ Uyghursថា​ជា​ក្រុម​ជ្រុលនិយម​សាសនា និង​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នេះ។ 

យ៉ាងណាក៏ដោយ​សា្ថ​ប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សកម្មជន​សិទ្ធិមនុស្ស Uyghurs បាន​ថ្កោលទោស អាជ្ញាធរ​ចិន​ដែល​បន្ត​រឹតបន្តឹង​សេរីភាព រើសអើង និង​ប្រើ​វិធានការ​ក្តៅ​ប្រឆាំង​ប្រជាជន​ឥស្លាម​ផងដែរ។ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​បញ្ជាក់ថា ប្រជាជន​អ្នក​កាន់សាសនា​ឥស្លាម​ខាងលើ​មិន ត្រឹមតែ រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ទេ ពួកគេ​ក៏​ប្រឈមមុខ​ការរើសអើង​ការងារ ការរស់នៅ​សិទ្ធិ នយោបាយ សេរីភាព​សេដ្ឋកិច្ច និង​ឱកាស​ក្នុងការ​អប់​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com