អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មនុស្ស​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​បែលហ្ស៊ិក
17, Jan 2015 , 2:30 pm        
រូបភាព

ក្រោយ​មានការ​ការបើក​ប្រតិបត្តិ​ការតាមប្រមាញ់​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស​បែលហ្ស៊ិក គេ​សង្កេតឃើញ​ប៉ូលិស​អឺរ៉ុប​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​ដែល​គេ​ជឿជាក់ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម។ គេ​ព្រួយបារម្ភ​ថា ចលនា​ភេរវកម្ម​វាយប្រហារ​កើតមានឡើង​ច្រើន​នៅក្នុង​តំបន់​អឺរ៉ុប ដោយសារ​ប្រជាជន​អឺរ៉ុប​រាប់​ពន្ធ​នាក់​ឆ្លងដែន​ទៅធ្វើ​សង្គ្រាម​ជី​ហាត​នៅ​មជ្ឈិមបូព៌ា។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅតាម​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ក្រោយ​ពេលដែល​រដ្ឋាភិបាល​បែលហ្ស៊ិក​សម្រេច​រឹតបន្តឹង​សន្តិសុខ និង​បើក​យុទ្ធនា​ការតាមប្រមាញ់​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស។

 ក្នុង​ប្រតិបត្តិ​ការតាមប្រមាញ់​បណ្តា​ក្រុម​ភេរវជន​នៅ​អឺរ៉ុប​កំពុង​ត្រូវបាន​គេ​រៀបចំឡើង​យ៉ាង​សស្រាក់​ស្រាំ ហើយ​សន្តិសុខ​ត្រូវបាន​គេ​រឹតបន្តឹង​ដោយ​ការពង្រាយ​កងកម្លាំង និង​ទាហាន​ជាច្រើន​រយ​នាក់​នៅតាម​ទីតាំងសំខាន់ៗផងដែរ។ បច្ចុប្បន្ននេះ គេ​សន្និដ្ឋានថា ប្រជាជន​អឺរ៉ុប​ភាគច្រើន​ជា​យុវវ័យ បាន​ឆ្លងដែន​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធ្វើសង្គ្រាម​នៅ​ទីនោះ​ដោយ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ក្រុម​អាល់​កៃ​ដា ហើយ​ពួកគេ​ក៏​ព្យាយាម​ត្រលប់មក​តំបន់​អឺរ៉ុប​វិញ​ដើម្បី​ចាប់ផ្តើម​វាយប្រហារ។

ប្រជាជន​ទាំងនោះ​ភាគច្រើន​បានទទួល​ការបណ្តុះបណ្តាល និង​ហ្វឹកហាត់​ជាពិសេស ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ពួកគេ​ក៏បាន​រៀនសូត្រ​មនោគមន៍វិជ្ជា​ជ្រុលនិយម​របស់​ក្រុម​ភេរវជន​ផងដែរ។ នៅ​បែលហ្ស៊ិក​ម្សិលមិញ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ ដោយសារ​ពួកគេ​បាញ់​ប៉ូលិស​មុន នៅក្នុង​យុទ្ធនាការ​តាម​កម្ចាត់​ក្រុម​ភេរវជន។ ខណៈនោះ​ដែរ គេ​ឃើញ​មាន​ជនសង្ស័យ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន នៅ​បារាំង និង អាល្លឺម៉ង​ផងដែរ។

បើតាម​ការ​អោយដឹងពី​សំណាក់​ប៉ូលិស​បែលហ្ស៊ិក  មនុស្ស១៣នាក់​ត្រូវបាន​ចាប់ខ្លួន ដោយ​ក្នុងចំណោម​នោះ​មាន ៥នាក់​រង​ការចោទប្រកាន់ថា​បាន​ចូលរួម​ក្នុង​សកម្មភាព​ភេរវកម្ម ហើយ​មាន​ខ្លះទៀត​ទើបតែ​ត្រលប់​មកពី​ប្រទេស​ស៊ី​រី​វិញ។ 

ក្នុង​ប្រតិបត្តិការ​នៅ​បែលហ្ស៊ិក ប៉ូលិស​បាន​រកឃើញ​កាំភ្លើងយន្ត កាំភ្លើងខ្លី គ្រឿងផ្ទុះ និង ឧបករណ៍​ទាក់ទង​គ្នា​ជាច្រើន​ផ្សេងទៀត ដែល​ពួកគេ​ទាំងនោះ​យកមកប្រើ​ប្រាស់​ប៉ុនប៉ង​បើ​ការវាយប្រហារ។

 ចំណែក​ជនជាតិ​បែលហ្ស៊ិក​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​បារាំង បន្ទាប់ពី​ព្យាយាម​រត់គេចខ្លួន​ចេញពី​ការតាមប្រមាញ់​របស់​ប៉ូលិស ដោយ​ពួកគេ​ប៉ង​រត់​ចេញពី​បារាំង​ទៅកាន់​ប្រទេស​អូស្ត្រាលី។ ក្រោយ​បារាំង​ចាប់ខ្លួនបាន ខាង​អាជ្ញាធរ​បែលហ្ស៊ិក​បានស្នើ​សុំ​អោយមាន​ការធ្វើ​បត្យាប័ន​បញ្ជូន​ជន​ទាំងនោះ​មកកាន់​បែលហ្ស៊ិក​វិញ។

ដោយឡែក កាលពី​ម្សិលមិញ​នេះ កងកម្លាំង​ពិសេស​បារាំង​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១២នាក់​ដែលជា​ជនសង្ស័យ ដើម្បី​យកមក​សួរនាំ ទាក់ទិន​នឹង​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​ជនល្មើស​ពីរ​នាក់​បងប្អូន​ដែល​វាយប្រហារ​ទស្សនា​វ​ដ្តី CharliHebdoកាលពី​សប្តាហ៍​មុន​នោះ។

 ចំណែក​នៅ​ប្រទេស​អាល្លឺម៉ង់​ឯណោះ​វិញ ក៏មាន​ការតាមប្រមាញ់​ក្រុម​ភេរវជន​ដូចគ្នា​ដែរ ហើយ​មនុស្ស​ពីរ​នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ក្នុងនោះ​មាន​ម្នាក់​ជា​មេក្រុម​ប៉ុនប៉ង​រៀបចំ​គម្រោង​វាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី និង​ម្នាក់ទៀត​បានផ្តល់​ចំ​នួ​យ​គាំទ្រ​ផ្នែក​ហរិញ្ញវត្ថុ​ដល់​ដំណើរការ​វាយប្រហារ​នេះ។

ដោយឡែក​ក្រៅពី​តាម​ប្រមាញ់​ភេរវជន នៅ​ប៉ា​គី​ស្ថាន និង​នី​ហ្សេ ក៏មាន​ការផ្ទុះ​ចលនា​បាតុកម្មហិង្សា​ប្រឆាំងនឹង​ការប្រើប្រាស់​រូប​ថ្លុក​ដែល​ប្រមាថ​ព្យា​ការី​សាសនា​ឥស្លាម​ផងដែរ។ មនុស្ស ៤នាក់ បាន​ស្លាប់​និង​មនុស្ស ៤៥នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​បាតុកម្មហិង្សា​នៅក្នុង​ប្រទេស​នី​ហ្សេ៕





© រក្សាសិទ្ធិដោយ thmeythmey.com