ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នារីៗ​ស្អប់​​បុរស​​មិន​​ស្មោះ ​ក្រោយ​​បង់​ប្រាណ​
16, Aug 2015 , 4:28 pm        
រូបភាព
ស្ត្រី​មួយចំនួន​បាន​ត្រឹម​ពោល​ពាក្យ​ថា​ស្តាយក្រោយ បន្ទាប់ពី​បុរស​ជា​សង្សារ​តែង​ប្រែចិត្ត ក្រោយពី​ទទួលបាន​ស្នេហា​ស៊ីជម្រៅ​ពី​នាង។ នារី​ខ្លះទៀត​ហ៊ាន​និយាយ​ដល់​ស្អប់​មនុស្ស​ប្រុស​ទូទៅ​ទៀតផង។


កញ្ញា ស៊ឹម ពិសី មាន​អាយុ២៦ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ ធ្លាប់​រងគ្រោះ​នឹង​រឿង​ស្នេហា​ក្បត់ចិត្ត​របស់​បុរស​ម្នាក់ ក្រោយពី​បាន​កសាង​ស្នេហា​ជាមួយគ្នា​បាន២ឆ្នាំ។ ការឈឺចាប់​របស់​ពិសី នៅ​មិនទាន់​រសាយ​នៅឡើយ។ ពិសី ដែល​និយាយ​លាយឡំ​នឹង​កំហឹង បាន​រម្លឹកថា ដៃគូ​ស្នេហា​របស់ខ្លួន បានចាប់ផ្តើម​និយាយ​ផ្អែមល្ហែម និង​ស្រឡាញ់​នាង តែ​ពីដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​នាង​ដាក់ចិត្ត​ស្រឡាញ់​វិញ បុរស​ជា​ដៃគូ​ក៏បាន​ចាប់ផ្តើម​ដកចិត្ត​ពី​នាង​វិញ។ ពិសី ដែល​តែង​និយាយថា ស្នេហា​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់​នោះ បាន​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖«ពេល​ស្រលាញ់គ្នា​ដំបូង គេ​និយាយ​ប្រើពាក្យ​ផ្អែម​ណាស់ ធ្វើ​អ្វី​ក៏​ធ្វើ​ដែរ​ដើម្បី​យើង។ តែ​នៅពេលដែល​យើង​ស្រលាញ់​គេ​ខ្លាំង​ដែរ គេ​ក៏​ធ្វើ​ចាប់​ផ្តើមធ្វើ​ឬ​ក​ពារប្លែកៗ ហាក់​មិន​ពេញចិត្ត​យើង​ឡើយ។ ពេលខ្លះ​គេ​នៅ​មនុស្ស​ស្រី​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​ប្រចណ្ឌ និង​យំ​ទៀតផង។ ចុងក្រោយ គេ​ក៏​និយាយថា បើ​ខ្ញុំ​ទ្រាំ​មិនបាន ឲ្យ​ខ្ញុំ​បែក​ពី​គេ​ទៅ»។

និយាយ​អំពី​ស្នេហា កញ្ញា ជឹម ផល្លា លែង​ចង់​ឮ​ទៀតហើយ។ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ និង​ជា​និស្សិត​ផង ផល្លា បាន​សារភាពថា​កញ្ញា​ធ្លាប់បាន​បង់ខ្លួន​ប្រាណ​ជាមួយ​សង្សារ ហើយ​វា​ក៏​នៅតែ​សុ​បិ​ន្ត​អាក្រក់​ដែល​តាម​លង​អារម្មណ៍​របស់ខ្លួន​ជានិច្ច។ ជាង​មួយឆ្នាំ​មកនេះ គឺជា​ពេលវេលា​ដែល​ផល្លា​បាន​បាត់បង់​មនុស្ស​ប្រុស​ដែល​ខ្លួន​បានដាក់​ចិត្ត​ស្រឡាញ់។ ផល្លា ដែល​ឆ្នាំនេះ​មាន​អាយុ២៤ឆ្នាំ​បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​សោកស្ដាយ ក្រោយ​ពេលដែល​ខ្ញុំ​បានសម្រេច​ចិត្ត​ស្រឡាញ់​គេ ហើយ​ខ្ញុំ​ដឹងថា​គេ​មានការ​ទាក់ទង​ជាមួយ​នារីផ្សេងៗច្រើន​នាក់​ទៀត។ រាល់​ពេលដែល​ខ្ញុំ​សួរ​គេ​អំពី​រឿងនេះ គេ​នៅតែ​អះអាង គេ​ស្រឡាញ់​តែ​ខ្ញុំ។ នៅពេលដែល​ខ្ញុំ​សួរ​គេ​បញ្ជាក់​ច្រើនដង គេ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​បែក​ពី​គេ បើ​ខ្ញុំ​មិន​ជឿ​គេ។ ខ្ញុំ​ក៏​ព្រម​បែក​ពី​គេ»។

កញ្ញា ធីតា ក៏​ស្អប់​មនុស្ស​ប្រុស​ជា​អតីត​សង្សារ​ដែល​ធ្លាប់ធ្វើ​ឲ្យ​កញ្ញា​ខូចចិត្ត​ដែរ។ មិន​ត្រឹមតែ​ស្អប់​បុរស​អតីត​សង្សារ​ដែល​ធ្លាប់​លួងលោម​បោកប្រាស់​ចិត្ត និង​យកបាន​ខ្លួនប្រាណ​នាង​ទេ ប៉ុន្តែ​ធីតា​មាន​អារម្មណ៍​ស្អប់​មនុស្ស​ទាំងអស់​ទៀតផង។

ជា​អ្នក​ធ្លាប់​រងគ្រោះ​ដោយសារ​ស្នេហា​របស់​បុរស​មិន​ស្មោះ អឹម លីដា ចង់​ផ្ញើ​សារ​ទៅ​នារី​គ្រប់រូប មិនត្រូវ​ឆាប់​ជឿជាក់ និង​ដាក់ចិត្ត​ទទួលយក​ការ​លួងលោម​របស់​បុរស​ឆាប់​ពេក​នោះទេ ហើយ​ជាពិសេស​ការដាក់​ចិត្ត​ស្រឡាញ់​បុរស។ យល់ឃើញ​ស្រដៀង​គ្នា​នេះ អ្នកស្រី វ៉ាន់ បុ​ប្ជា ដែល​រៀបការ​មានកូន៣នាក់​ហើយ​នោះ បានផ្តល់​ដំបូន្មាន​ដល់​នារី​គ្រប់គ្នា​ថា សេចក្តី​ស្នេហា​រប​ស់បុរ​ស​ពិតប្រាកដ យ៉ាងហោចណាស់​ត្រូវ​ស្តែងចេញ​តាមរយៈ​ការ​ស្តីដណ្តឹង​រៀបការ៕



© រក្សាសិទ្ធិដោយ thmeythmey.com