អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនយោបាយ​ប្រឆាំង​គោលនយោបាយ​សេដ្ឋកិច្ច​ត្បិតត្បៀត​ជាប់ឆ្នោត​នៅ​ក្រិ​ក
26, Jan 2015 , 4:30 pm        
រូបភាព

លទ្ធផល​មិន​ផ្លូវការ​នៃ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​នេះ​បាន​បង្ហាញថា​គណបក្ស Syriza បានឈ្នះ​ឆ្នោត​ដោយ​ប្រជាជន​ក្រិ​ក​ច្រើន​សន្ធឹកសន្ធាប់​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​នេះ។ គណបក្ស​ដែល​ឈ្នះឆ្នោត​ជា​គណបក្ស​ដែល​ប្រឆាំង​គោលនយោបាយ​ត្បិតត្បៀត​សេដ្ឋកិច្ច  ហើយ​ការ​ឈ្នះឆ្នោត​នេះ​កំពុង​ធ្វើអោយ​សហភាព​អឺរ៉ុប​ព្រួយបារម្ភ ដ្បិដ​រដ្ឋាភិបាល​ថ្មី​នឹង​ចរចា​ឡើងវិញ​រឿង​បំណុល​ក្រិច​រាប់ពាន់​លាន​ដុល្លារ​និង​អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​និង​តំបន់​ចាយលុយ​អឺរ៉ូ​ផង។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ក្រោយ​ការបោះឆ្នោត​ជា​សកល​ម្សិលមិញ​នេះ លទ្ធផល​មិនទាន់​ផ្លូវការ​បង្ហាញថា​គណ​ក្ស Syrizaបានទទួល​សម្លេងគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​ក្រិ​ក រហូត​បាន ៣៦ភាគរយ​ច្រើនជាង​គណបក្សកាន់អំណាច​ដែល​បាន​សម្លេង​ត្រឹម ២៨ភាគរយ​នៃ​សម្លេងឆ្នោត​សរុប។  ប្រជាជន​ក្រិ​ក​ប្រហែល ៩.៨លាន​នាក់​បាន​ចេញទៅ​ចុះឈ្មោះ​បោះឆ្នោត ហើយ​ក្នុងការ​បោះឆ្នោត​កាលពី​ម្សិលមិញ​មិនមាន​អ្វី​ជា​បញ្ហា​អ្វី​កើតឡើង​នោះឡើយ។

យ៉ាងណាក៏ដោយ ការបោះឆ្នោត​ម្សិលមិញ ជាការ​បោះឆ្នោត​លើក​ទី៥ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​អស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ រហូត​ជាប់បំណុល​វ័ណ្ឌក។ 

គណបក្ស​ដែល​ទើប​ឈ្នះឆ្នោត​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គណបក្ស​ដែល​ប្រឆាំង​គោលនយោបាយ​ត្បិតត្បៀត​ផ្នែក​សេដ្ឋកិច្ច​ដែល​ប្រទេស​នេះ​បាន​អនុវត្ត​អស់​ពេល​ជាច្រើន​ឆ្នាំក្រោយ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

ក្រោយ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​ដែល​ទើប​ចប់​អាណត្តិ​លោក​Antonis Samaras បានប្រកាស​ទទួលស្គាល់​ការបរាជ័យ​របស់លោក ហើយ​លោក​បាន​ទូរស័ព្ទ​ទៅកាន់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ក្រិ​ក​ដើម្បី​សម្តែង​ការ​សាទរ​ចំពោះ​ជ័យជម្នះ​នេះ។ ការ​ឈ្នះឆ្នោត​របស់​គណបក្ស Syriza ត្រូវបាន​គេ​ចាត់ទុកជា​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រិ​ក និង​ជា​ក្តីបារម្ភ​សម្រាប់​សហភាព​អឺរ៉ុប​ផងដែរ ដោយសារ​គណបក្ស​នេះ​ក្លាយជា​គណបក្ស​ដែលមាន​គោលនយោបាយ​ប្រឆាំង​ការចាយវាយ​ត្បិតត្បៀត​របស់​រដ្ឋ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប។ ប្រជាជន​ក្រិ​ក​គាំទ្រ​គណបក្ស​និង​មេដឹកនាំ​ខាងលើ ដោយសារ​ប្រជាជន​ក្រិ​ករង​ទុក្ខ​ដោយ​ការអនុវត្តន៍​គោលនយោបាយ​សេដ្ឋកិច្ច​ត្បិតត្បៀត​សន្សំសំចៃ ជាពិសេស​ការកាត់បន្ថយ​ការចំណាយ និង​ដំឡើង​ពន្ធអាករ។

មេដឹកនាំ​គណបក្ស​Syrizaលោក Alexis Tsipras មាន​វ័យ ៤០ឆ្នាំ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រិ​ក​ក្នុង​រយៈពេល ១៥០ឆ្នាំ ហើយ​លោក​នឹង​ប្រើប្រាស់​អំណាច​របស់លោក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ក្រិ​ក​ចរចា និង​សើរើ​សំណុំរឿង​បំណុល​ជាច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ ២៦៩ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រិ​ក​ជំពាក់​អឺរ៉ុប​និង​អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិផ្សេងៗទៀត។

 គេ​កំពុង​បារម្ភ​ថា មេដឹកនាំ​ថ្មី​របស់​ក្រិ​ក នឹង​ចាប់ផ្តើម​ជជែក​ពិភាក្សា​អំពី​បញ្ហា​បំណុល​ដែល​ក្រិ​ក​ជំពាក់​ជាមួយ​ម្ចាស់បំណុលធំៗ មានដូចជា​អង្គការ​រូបី​យ​វត្ថុ​អន្តរជាតិ និង​សហភាព​អឺរ៉ុប ហើយ​មាន​ភាគរយ​ច្រើន​ដែល​រដ្ឋាភិបាល​នេះ​អាច​នឹងមិន​ព្រម​បង់លុយ​ជំពាក់ ដោយ​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ថែម​ទៀតផង។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron ដែល​ប្រទេស​អង់គ្លេស​មិនមែនជា​សមាជិក​តំបន់​ចាយលុយ​អឺរ៉ូ​ផង​នោះបាន​ថ្លែង​ដោយ​ក្តីបារម្ភ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ក្រិ​ក ជា​សញ្ញា​មួយ​បញ្ជាក់​ពី​គ្រោះថ្នាក់ និង​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ទូទាំង​អឺរ៉ុប​ទាំងមូល។  ប៉ុន្តែ​បើទោះជា​មានការ​ព្រួយបារម្ភ​យ៉ាងនេះ​ក្តី មេដឹកនាំ​ក្រិ​ក​ដែល​ទើប​ជាប់ឆ្នោត​បាន​សន្យាថា​ក្រិ​ក​នឹងមិន​ចាកចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​ឡើយ។  


© រក្សាសិទ្ធិដោយ thmeythmey.com