អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​បារាំង នៅ​ចិន
29, Jan 2015 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ


ថ្ងៃ​ព្រហស្បតិ៍២៩មករា​នេះ​រហូតដល់​ថ្ងៃ​សៅរ៍៣១មករា នាយករដ្ឋមន្ត្រី​បារាំង ម៉ា​នុយ​អែល វ៉ាល់​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុងទិសដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បារាំង​និង​ចិន​អោយ​កាន់តែខ្លាំង។



កិច្ចព្រមព្រៀង​ជាច្រើន​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន សុខាភិបាល រឺក៏​ដែនអាកាស អាច​នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​ទស្សនកិច្ច​នេះ។

ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​បារាំង​ម៉ា​នុយ​អែល វ៉ាល់ រយៈពេល៣ថ្ងៃ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើឡើង​ក្នុងឱកាស​បិទ​ពិធី​អបអរ​ខួប​លើក​ទី៥០នៃ​ទំនាក់ទំនង​ការទូត​រវាង​បារាំង​និង​ចិន។  អមដំណើរ​ដោយ​គណៈប្រតិភូ​ជា​ប្រធាន​សហគ្រាស​បារាំងធំៗជាង៥០នាក់ ទស្សនកិច្ច​របស់លោក​វ៉ាល់ ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច​រវាង​បារាំង​និង​ចិន។

នាយករដ្ឋមន្ត្រី​បារាំង​ត្រូវ​បង្អួត​ពី​គោលនយោបាយ​កំណែទម្រង់​របស់​បារាំង ក្នង​ការជួយ​សហគ្រាសផ្សេង។ ក្នុង​ប្រធានបទ​នេះ លោក​វ៉ាល់​នឹង​បង្ហាញថា បារាំង​ស្វាគមន៍​និង​បើកចំហ​ទីផ្សារ​វិនិយោគ​ដល់​សហគ្រាស​ចិន ស្វាគមន៍​និស្សិត​ក៏ដូចជា​ប្រជាជន​ចិន​ទូទៅ​ដែល​ចង់ទៅ​ទស្សនា​ប្រទេស​បារាំង​ផងដែរ។

ក្រៅពី​ក្រុង​ប៉េកាំង លោក​ម៉ា​នុយ​អែល វ៉ាល់ ត្រូវ​ទស្សនកិច្ច​ក្រុង​Tianjin និង​ក្រុង Shanghai។នៅ​ក្រុង​Tianjin លោក​វ៉ាល់​នឹង​ចុះទៅ​សហគ្រាស​ដំឡើង​គ្រឿង​យន្តហោះ​Airbus ដែលជា​សហគ្រាស​របស់​ចិន​និង​បារាំង​រួមគ្នា។លោក​ក៏​នឹង​ចុះទៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​Michelin នៅ​ក្រុង​សៀង​ហៃ​ផងដែរ។

ក្នុង​ទស្សនកិច្ច​នៅ​ចិន លោក​ម៉ា​នុយ​អែល វ៉ាល់ ចង់បង្ហាញ​ចិន​ថា​លោក​ជា​នាយករដ្ឋមន្ត្រី​ទាន់សម័យ។រូបភាព​នាយករដ្ឋមន្ត្រី​ដើរ​ទាន់​សម័យកាល​ទំនើប​នេះ បើ​យោងតាម​រដ្ឋាភិបាល​បារាំង​គឺជា​រូបភាព​ដែល​ទាក់ទាញ​ដៃគូ​ចិន។នាយករដ្ឋមន្ត្រី​បារាំង​ក៏​មិន​ភ្លេច​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ពីបញ្ហាសំខាន់ៗក្នុង​ឆាក​អន្តរជាតិ ដូចជា​បរិស្ថាន រឺក៏​ភេរវកម្ម​ជាដើម។សម្រាប់​នាយករដ្ឋមន្ត្រី​បារាំង​ចិន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​អោយ​សន្និសីទ​ស្តីពី​អាកាសធាតុ​ដែល​ត្រូវធ្វើ​នៅ​ទីក្រុង​ប៉ារីស ក្នុង​ខែធ្នូ ចុងឆ្នាំ២០១៥នេះ ទទួលបាន​ជោគជ័យ។កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ក្រុង​ប៉េកាំង​បាន​សន្យា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដើម្បី​ជួយ​ទប់​ការ​កើន​កំដៅ​ភពផែនដី៕


© រក្សាសិទ្ធិដោយ thmeythmey.com