ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
​លោ​ក​ ​ឈឹ​ម​ ​ផ​ល​​​វ​រុ​ណ​ ​គាំ​ទ្រ​CPP​ ​តាំ​ង​ពី​​​នៅ​​វិទ្យា​ល័​យ​​ក្លា​យ​ជា​​​ស​មា​ជិ​ក​​​គ​ណៈ​ក​ម្មា​ធិ​កា​​​រ​​​ក​ណ្តា​ល​​ប​ក្ស​
04, Feb 2015 , 5:15 pm        
រូបភាព
ដោយ:
នៅក្នុង​សន្និបាត​វិសាមញ្ញ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​បញ្ចូល​សមា​សភាព​ថ្មី​ចូលក្នុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស ចំនួន ៣០៦ នាក់ នៅ​ក្នុងនោះ​ក៏​មាន​​កូន​មន្ត្រីជាន់ខ្ពស់ដែរ​។ លោក ឈឹម ផល​វរុណ ក៏ជា​មនុស្ស​ម្នាក់ ដែល​ទើប​ទទួលបាន​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អាណត្តិ​នេះ​ផងដែរ។ លោក ឈឹម ផល​វរុណ ចាត់ទុក​តួនាទី​នេះ​ថា ជា​កិត្តិយស​យ៉ាងខ្លាំង​សម្រាប់​រូបលោក ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់ឱកាស​ឲ្យ​ខ្លួន ដើម្បី​បម្រើ​បក្ស។ អ្នកវិភាគ​គាំទ្រ​គណបក្សកាន់អំណាច​រូបនេះ បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ខ្លួន​នៅ​ជា​សិស្ស​វិទ្យាល័យ​មក​ម្លេះ ពីព្រោះថា គណបក្ស​នេះ ជា​អ្នក​រំដោះខ្លួន និង​គ្រួសារ​ចេញពី​របប ប៉ុល ពត ហើយ​ថែមទាំង​ផ្តល់​ចំណេះដឹង​ដល់​ខ្លួន​ថែមទៀត។ ទាំងនេះ​ជាការ​អះអាង​របស់លោក​បណ្ឌិត ឈឹម ផល​វរុណ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ ការី​និពន្ធ​នៃ​សារព័ត៌មានថ្មីៗ ។



លោក ជា ធី​រិ​ទ្ធ៖ លោក ឈឹម ផល​វរុណ កាលពី​ចុង​សប្តាហ៍​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​បោះឆ្នោត​ជ្រើសរើស​រូបលោក​ឲ្យ​កា​ន់ំ​ណែ​ង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​របស់​បក្ស​នេះ ។ តើ​លោក​ពេញចិត្ត​ទេ?

លោក ឈឹម ផល​វរុណ៖ បាទ​ខ្ញុំ​ពេញចិត្ត ហើយ​វា​ជា​កិត្តិយស​ណាស់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់ឱកាស​ដល់​ខ្ញុំ​ដើម្បី​បម្រើ​គណបក្ស និង​ជាតិ។ ខ្ញុំ​នឹង​ខំប្រឹង​ដើម្បី​បក្ស។ តាមពិត​ខ្ញុំ​គាំទ្រ​គណបក្ស​តាំងពី​ខ្ញុំ​នៅ​ជា​យុវជន ពេលដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​មក​ម្លេះ។ ពេលនោះ​ខ្ញុំ​ជា​យុវជន​បក្ស​យ៉ាងសកម្ម។ ខ្ញុំ​គាំទ្រ និង​ស្រលាញ់​បក្ស​ប្រជាជន​កម្ពុជា ព្រោះ​បក្ស​នេះ​ជា​អ្នក​រំដោះ​ឪពុកម្តាយ បងប្អូន​ខ្ញុំ និង​រូបខ្ញុំ ព្រមទាំង​ប្រជាជន​ខ្មែរ​ចេញពី​របប​​ប្រល័យពូជសាសន៍ ។ ហើយ​ខ្ញុំ​ក៏​គាំទ្រ​ដោយសារ​បក្ស​នេះ បានផ្តល់​គុណធម៌​ជា​ចំណេះដឹង​ដល់​ខ្ញុំ តាំងពី​រៀន​វិទ្យាល័យ និង​ផ្តល់​អាហារូបករណ៍​ដល់​ខ្ញុំ​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុងដំណាក់កាល​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា។ មិត្តភក្តិ​ខ្ញុំ​សុទ្ធតែ​ដឹងថា ខ្ញុំ​ស្មោះស្ម័គ្រ​នឹង​បក្ស​ណាស់។

លោក ជា ធី​រិ​ទ្ធ៖ តើ​ពី​ពេលណា​ដែល​លោក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ពេញទំហឹង ក្នុងការ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ហើយ​គណបក្ស​នេះ ផ្តើម​ចាប់អារម្មណ៍​លើ​លោក​នោះ?

លោក ឈឹម ផល​វរុណ៖ ខ្ញុំ​រម្លឹក​បន្តិច​ថា​នៅពេលដែល​ខ្ញុំ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រឡប់មក​កម្ពុជា​វិញ នៅ​ឆ្នាំ ១៩៩៦ ពេលនោះ​ខ្ញុំ​មិនទាន់​បានធ្វើ​ការងារ​ជូន​បក្ស​ភ្លាម​ទេ ដោយសារ​ខ្ញុំ​បាន​បំពេញ​តួនាទី​ជាទី​ប្រឹក្សា​ច្បាប់​នៅ​រដ្ឋសភា ពី​ឆ្នាំ ១៩៩៧ ដល់២០០១ ។ បន្ទាប់ពី​ពេលនោះ នៅ​ឆ្នាំ២០០៣ ដល់២០០៥ ខ្ញុំ​លែង​ពាក់ព័ន្ធ​ក្នុង​រដ្ឋសភា។ ខ្ញុំ​ចាប់​ផ្តើមធ្វើ​សកម្មភាព​ពេញទី​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការពន្យល់​ពលរដ្ឋ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​និង​សេរីភាព នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ តាមបែប​អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង ជាដើម មិនមែន​តាមបែប​អាមេរិក​ទេ ។ ការពន្យល់​របស់ខ្ញុំ គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្អែកទៅលើ​ចំណេះដឹង និង​ស្មារតី​ជួយ​ប្រជាពលរដ្ឋ និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ពិតប្រាកដ។

លោក ជា ធី​រិ​ទ្ធ៖  និយាយ​ដល់​ការពន្យល់ និង​ការវិភាគ​របស់លោក​នៅ​តាម​ទូរទស្សន៍ និង​វិទ្យុ កន្លងមក អ្នកគាំទ្រ​បក្សប្រឆាំង និង​អ្នកវិភាគ​ខ្លះ ចាត់ទុក​ការវិភាគ​របស់លោក ដូចជា ងប់​ង​ល់​នឹង​បក្ស​កាន់អំណាច​ហួសហេតុ។ តើ​ក្នុង​ចិត្ត​លោក​ឃើញតែ​ចំណុច​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ឬ?

លោក ឈឹម ផល​វ​រុណ៖ តាមពិត​ខ្ញុំ​គ្រាន់តែ​ពន្យល់​ឲ្យ​ពលរដ្ឋ បាន​យល់ដឹង​ពីរ​របៀប​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ តែ​ខ្ញុំ​មិន​បិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពួកគាត់​ទេ ហើយ​ពួកគាត់​ក៏​មិនត្រូវ​បិទ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្ញុំ​ដែរ។ ខ្ញុំ​គ្រាន់តែ​វាយតម្លៃ​ទៅលើ​អ្នក​ជាន់ឈ្លី​ប្រវត្តិសាស្ត្រ និង​ចង់​លុបចោល​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស។ ខ្ញុំ​ស្រលាញ់ និង​និយាយ​ពី​គុណសម្បត្តិ​គណបក្ស​ប្រជាជន​កម្ពុជា។តាមពិតអ្នក​ទាំងនោះ ​មើល​ឃើញ​តែ​គុណ​វិបត្តិ​គណបក្សប្រជាជនកម្ពុជា។ ម្យ៉ាង​ទៀត​​ខ្ញុំ​មិនដែល​ឃើញ អ្នក​រិះគន់​ខ្ញុំ​នោះ ប្រាប់​ពី​គុណសម្បត្តិ​របស់​គណបក្ស​ប្រឆាំង​សោះ ហើយ​ខ្ញុំ​ក៏​មើលមិនឃើញ​គុណសម្បត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ តែ​ខ្ញុំ​សរសើរ​ខ្លះ​ដែរ ដែល​ចូលរួម​បង្កើត​វប្បធម៌​សន្ទនា​គ្នា។ ម្យ៉ាងវិញទៀត ដោយសារតែ​ស្ថានការណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​អ្នក​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ហៀរហូរ ដែល​មិន​សម​ហេតុ​សម​ផល ហើយ​តម្រូវ​ឲ្យ​រូបខ្ញុំ​ចេញមុខ ការពារ​គណបក្ស​ប្រជាជន​កម្ពុជា និង​តម្រង់ទិស​ក្រុម​នោះមក​វិញ។

លោក ជា ធី​រិ​ទ្ធ៖ ឥឡូវនេះ លោក​ធ្វើជា​ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋវិទ្យា​ផង ហើយ​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ទៀត  តើ​វា​មិន​ច្របូកច្របល់​គ្នា​រវាង​ស្ថាប័ន​លោក​ក្រៅ​រដ្ឋាភិបាល និង​រឿង​នយោបាយ​ទេ​ឬ?

លោក ឈឹម ផល​វរុណ៖ នៅ​កម្ពុជា​គ្មាន​ច្បាប់​កំណត់​ពី​អត្តសញ្ញាណ​ច្បាស់លាស់​ពី​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​ទេ ។ រូបខ្ញុំ​តែងតែ​ជំរុញ​ឲ្យ​មានច្បាប់​នេះ ។ ព្រោះតែ​គ្មាន​ច្បាប់​កំណត់​នេះហើយ បាន NGO  និង​សមាគម ជាច្រើន នៅ​កម្ពុជា អនាថា រួមទាំង​វិទ្យាស្ថាន​ពលរដ្ឋវិទ្យា​រប​ស់​ខ្ញុំ​ដែរ។ ដូច្នេះ​សកម្មភាព​របស់ខ្ញុំ មិន​ខុស​អ្វី​នោះទេ ៕



© រក្សាសិទ្ធិដោយ thmeythmey.com