អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ទៅ​អាល្លឺម៉ង់​ខណៈ​បញ្ហា​អ៊ុយ​ក្រែ​ន​តានតឹង
12, Feb 2015 , 4:59 pm        
រូបភាព

រដ្ឋាភិបាល​ក្រុង​វា​ស៊ីន​តោន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ A-10 ប្រហែល ១០គ្រឿង​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ស្រប​ពេលដែល​មេដឹកនាំ​អឺរ៉ុប​និង​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន​ជជែក​គ្នា​នៅ​បេឡា​រ៉ុ​ស ហើយ​ជម្លោះ​ភាគ​ខាងកើត​កំពុង​បន្ត​កើន​កម្តៅ។ យន្តហោះ​ចម្បាំង និង​អ្នកបើក​យន្តហោះ​ច្រើន​រយ​នាក់​របស់​អាមេរិក​នឹងចូលរួម​ក្នុង​លំ​ហាត់​យោធា​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ។


មានសំឡេង



មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បាន​ថ្លែងអោយដឹងថា រដ្ឋាភិបាល​ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រហែល១០គ្រឿង និង​អ្នកបើក​យន្តហោះ៣០០នាក់​ផ្សេងទៀត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ។ យន្តហោះ​ចម្បាំង​ប្រភេទ A-10 ដែល​ត្រូវ​បញ្ជូនទៅ​ចូលរួម​ក្នុង​លំ​ហាត់​យោធា​នេះ ចាក​ចេញពី​មូលដ្ឋានទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក​នៅ​តំបន់ Arizona ហើយ​បាន​ទៅដល់​ទីតាំង​ធ្វើ​សមយុទ្ធ​រួចរាល់​ហើយ ដើម្បី​ត្រៀមលក្ខណៈ​ប្រតិបត្តិការ។

យន្តហោះ​ចម្បាំង​ខាងលើ​មានឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មកម្ល៉េះ ហើយ​ការបញ្ជូន​យន្តហោះ​ទាំងនេះ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​របស់​សមាជិក​បក្ស​សម្ព័ន្ធ​យោធា​ណា​តូ​ស្ថិតក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

វត្តមាន​យន្តហោះ​និង​កងទ័ព​អាមេរិក​នៅ​អាល្លឺម៉ង​ស្រាប់តែ​កើតមានឡើង​ស្រប​ពេលដែល​បណ្តា​មេដឹកនាំ​អឺរ៉ុប និង​ភាគី​ពាក់ព័ន្ធ​មាន​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​កំពុងតែ​ជជែក​ពិភាក្សាគ្នា​លើ​សំណុំរឿង​អ៊ុយ​ក្រែ​ន​យ៉ាង​តឹងសរសៃក​នៅក្នុង​ទីក្រុង​Minsk ប្រទេស​បេឡា​រ៉ុ​ស។

បើតាម​ការ​អោយដឹងពី​សំណាក់​លោក​Christopher Karnsអ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស​អាមេរិក យន្តហោះ​ទាំងនោះ​នឹងត្រូវ​ពង្រាយ​ទៅកាន់​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ខាងកើត​ដែលជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ក្រោម​គម្រោង​សមយុទ្ធ​យោធា​រួមគ្នា​មួយ។

លោក​បាន​សង្កត់ធ្ងន់ថា សមយុទ្ធ​យោធា​និង​ការបញ្ជូន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទៅ​អឺរ៉ុប​ដើម្បី​ចូលរួម​លំ​ហាត់​យោធា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក និង​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការរក្សាសន្តិសុខ សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​អឺរ៉ុប​ទាំងមូល។

វត្តមាន​យន្តហោះ​ចម្បាំង​និង​កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត​ដូចជា​មិនមែនជា​រឿង​ថ្មី​ឡើយ ដ្បិត​បន្ទាប់ពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​កងទ័ព និង​យន្តហោះ​ជាច្រើន​គ្រឿង​ទៅ​ចូល​រួច​ក្នុង​សមយុទ្ធ​យោធា​ជា​ស៊េរី​នៅ​អឺរ៉ុប។

យ៉ាងណាក៏ដោយ​ការពង្រាយ​យន្តហោះ​ចម្បាំង​ថ្មី​នេះ កើតឡើង​ក្រោយ​ពេលដែល​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា ដាក់​ស្នើសុំ​ទៅ​សភា​នូវ​សេចក្តីព្រាងច្បាប់​ផ្តល់ជំនួយ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់ ១ពាន់​លាន​ដុ​លា្ល​រ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន។ ក្នុង​កញ្ចប់​ថវិកា ១ពាន់​លាន​ដុល្លារ​នេះ អាមេរិក​នឹង​ផ្គត់ផ្គង់​សម្ភារៈ​យោធា អាវុធ​ធ្ងន់​ស្រាល ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ការផ្តល់អោយ​នេះ​កើតឡើង​ដរាបណា​ការចរចា​គ្នា​រវាង​ប្រទេស​ពាក់ព័ន្ធ​បញ្ហា​អ៊ុយ​ក្រែ​ន​បរាជ័យ​ក្នុងការ​បញ្ចប់​វិបត្តិ​នៅ​ទីនោះ។ ប៉ុន្តែ​ចេតនា​ដ៏​ល្អ​របស់លោក អូ​បា​ម៉ា ក្នុងការ​បំពាក់អាវុធ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ត្រូវបាន​មេដឹកនាំ​អឺរ៉ុប​ជាពិសេស​អធិការបតី​អាល្លឺម៉ង់​បដិសេធចោល​អាល្លឺម៉ង់​មិន​ចង់អោយ​អាមេរិក​ផ្តល់​អាវុធ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​នោះឡើយ។

ទោះជា​យ៉ាងនេះ​ក្តី គេ​នៅ​ចាំមើល​ការពិភាក្សាគ្នា​នៅក្នុង​ប្រទេស​បេ​ឡេ​រ៉ុ​សសិន បើ​ការចរចា​មាន​ផ្លែផ្កា​អាច​បន្ថយកម្តៅ​និង​បញ្ចប់​ការប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន អាមេរិក​ប្រហែលជា​នឹង​ផ្លាស់ប្តូរ​បំណង​ផ្តល់​សព្វាវុធ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន៕


© រក្សាសិទ្ធិដោយ thmeythmey.com