អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​ចង់​ធ្វើសង្គ្រាម​រយៈពេល​បី​ឆ្នាំ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម
13, Feb 2015 , 8:13 am        
រូបភាព

សំណើរ​របស់លោក​ប្រធានាធិបតី​ដើម្បី​ធ្វើសង្គ្រាម​នៅក្នុង​ទី​ដី​ស៊ី​រី និង​អ៊ីរ៉ាក់​តាម​ប្រមាញ់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ត្រូវបាន​បញ្ជូនទៅ​កាន់​សភា​រួចរាល់​ហើយ​កាលពី​ម្សិលមិញ​នេះ។ គម្រោង​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​របស់លោក មាន​រយៈពេល​ត្រឹម​បី​ឆ្នាំ​ប៉ុណ្ណោះ មានកំណត់​ទំហំ​ប្រតិបត្តិការ ហើយ​វា​មិន​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់ និង​ត្រូវ​ចំណាយ​ជីវិត​ទ័ព​អស់​រាប់ពាន់នាក់​ដូច​សង្គ្រាម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​អ៊ីរ៉ាក់​កាលពី​ជាង១០ឆ្នាំមុន​ឡើយ។


មានសំឡេង



ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​រង់ចាំ​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​សំណាក់​សភា​ដែល​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការធ្វើ​សង្គ្រាម​រយៈពេល​ខ្លី និង​មានកំណត់ ដើម្បី​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នាពេលខាងមុខ។ គម្រោង​ធ្វើសង្គ្រាម​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នេះ មាន​រយៈពេល​ខ្លី​ត្រឹម​បី​ឆ្នាំ​ប៉ុណ្ណោះ ដោយ​អាមេរិក​គ្មាន​យុទ្ធសាស្ត្រ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់ ចំណាយ​ជីវិត​កងទ័ព​ខ្លួន​រាប់ពាន់នាក់​ដូច​កាល​ជាង ១០ឆ្នាំមុន​នោះឡើយ។

កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ហាក់ដូចជា​មិនមែនជា​ផលប្រយោជន៍​សំខាន់​របស់​អាមេរិក​ទេ ហើយ​ក្រុម​នេះ​ក៏​មិនមែនជា​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​អាមេរិក​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​ប្រទេស​អឺរ៉ុប​ឯណោះ​វិញ​ទេ​ដែល​ត្រូវ​ព្រួយបារម្ភ និង​រងគ្រោះ​ដោយសារ​ការកើនឡើង​នៃ​ចលនា​ក្រុម​រដ្ឋ​ឥស្លាម​នេះ ព្រោះ​ប្រជាជន​អឺរ៉ុប​រាប់ពាន់នាក់​កំពុង​ធ្វើសង្គ្រាម​ជី​ហាត​នៅ​មជ្ឈិមបូព៌ា។

បើទោះជា​គេ​ដឹងថា​អាមេរិក​មិន​ធ្វើសង្គ្រាម​រយៈពេល​វែង​ដើម្បី​តាម​ប្រមាញ់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ក៏ដោយ ប៉ុន្តែ​បើតាម​ការអះអាង​របស់​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន សង្គ្រាម​នាពេលខាងមុខ មិនមាន​កំណត់​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់​ឡើយ ដែល​វា​មានន័យថា អាមេរិក​មិនមែន​ប្រើប្រាស់​ទ័ព​នៅត្រឹម​ស៊ី​រី និង​អ៊ីរ៉ាក់​ឡើយ។ អាមេរិក​ទំនងជា​ជួយ​ជ្រោមជ្រែង​សម្ព័ន្ធមិត្ត ពិសេស​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ អោយ​បើក​ការប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាង​មុន ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ព្រោះ​បច្ចុប្បន្ន​ក្រុម​ភេរវជន​ទាំងនោះ​ហាក់​ថមថយ​កម្លាំង ស្ថិតក្នុង​ដំណាក់កាល​វា​យ​ទប់ទល់​ប៉ុណ្ណោះ។

ក្រៅពីនេះ លោក​អូ​បា​ម៉ា ចង់​ប្រើប្រាស់​ទ័ព​សម្រាប់​រំដោះ​ចំណាប់ខ្មាំង ឈ្លបយកការណ៍ និង​គាំទ្រ​ក្រុម​កម្លាំង​ដែល​ប្រយុទ្ធ​នៅលើ​ដី។ កាលពី​ម្សិលមិញ​នេះដែរ ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ដោយ​លោក​សង្ឃឹមថា នឹង​ប្រើប្រាស់​កងកម្លាំង​ពិសេស​ដើម្បី​ប្រមាញ់​មេដឹកនាំ​កំពូល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ហើយ​លោក​អំពាវនាវ​អោយ​សមាជិកសភា​អាមេរិក​រួបរួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្រេច​ជ័យជម្នះ​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ។

លោក​បាន​សង្កត់ធ្ងន់ថា អាមេរិក​មិន​បណ្តែតបណ្តោយ​អោយ​ក្រុម​ជ្រុលនិយម​ទាំងនោះ អាច​បង្កបញ្ហា​ដល់​ពិភពលោក និង​រស់នៅ​ដោយ​សុខសាន្ត​នៅក្នុង​ទឹកដី​ស៊ី​រី​និង​អ៊ីរ៉ាក់​ឡើយ។ យ៉ាងណាក៏ដោយ​លោក អូ​បា​ម៉ា បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា អាមេរិក​មិន​ត្រលប់​ទៅធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​ផុង​ក្នុង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ជាថ្មី​នោះឡើយ។

បើទោះជា​សំណើរ​នេះ មិនមាន​គោលដៅ​ធ្វើសង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ក៏ដោយ សមាជិកសភា​អាមេរិក​មួយចំនួន បាន​រិះគន់​លោក អូ​បា​ម៉ា រួចស្រេច​ទៅហើយ។ ពួកគេ​បាន​លើកឡើងថា បើ​រដ្ឋាភិបាល​ចង់​សម្រេច​ជោគជ័យ​ក្នុងការ​ស្នើសុំ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម លោក​អូ​បា​ម៉ា ត្រូវ​បង្ហាញ​យុទ្ធសាស្ត្រ​យោធា​ច្បាស់លាស់​មួយ​ដែល​អាច​បញ្ជាក់ថា សង្គ្រាម​រយៈពេល​ខ្លី​នេះ​មាន​ប្រសិទ្ធភាព​និង អាច​ទទួល​ជ័យជម្នះ​លើ​កងកម្លាំង​ក្រុម​ភេរវជន​ទាំង​នោះបាន៕



© រក្សាសិទ្ធិដោយ thmeythmey.com