អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ថា គ្មាន​ការផ្តល់​សិទ្ធិ​ជ្រកកោន​យោ​បាយ​ដល់​លោកស្រី​យី​ង​ឡាក់ ឡើយ
13, Feb 2015 , 10:59 am        
រូបភាព

សហរដ្ឋអាមេរិក​បាន​បដិសេធចោល​ពាក្យ​ចចាមអារ៉ាម​ដែលថា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ា​ត្រា​កំពុងតែ​ស្នើរ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ស្ថានទូត​របស់ខ្លួន​ខណៈដែល​លោកស្រី​រង​ការចោទប្រកាន់​ពី​តុលាការ​ជាន់ខ្ពស់​ថៃ​ពីបទ​ពុករលួយ​នៅក្នុង​ស្ថាន​ប័នជា​តិ​ថៃ។ ពាក្យ​ច​ចាម​រ៉ា​ម​នេះដែរ​កើតឡើង​ក្រោយ​ក្បួន​រថយន្ត​របស់លោក​ស្រី​យី​ង​ឡាក់​ត្រូវបាន​ទាហាន​ថៃ​បង្អាក់​ហើយ​ឆែកឆេរ​ដែល​ត្រូវបាន​មតិសាធារណៈ​ចាត់ទុកថា​វា​ជាការ​ការពារ​លោកស្រី​មិនអោយ​គេចខ្លួន។



អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ​លោកប៉ា​ទ្រិ​ក​ម័​រ​ហ្វី (Patrick Murphy) បាន​ច្រានចោល​ពាក្យ​ច​ចាម​រ៉ា​ម​ដែល​លើកឡើងថា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ា​ត្រា​កំពុង​ព្យាយាម​គេចខ្លួន​ពី​ការចោទប្រកាន់​តាមរយៈ​ការសុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ពី​អាមេរិក​ខណៈពេល​លោកស្រី​កំពុងតែ​រង​នូវ​ការចោទប្រកាន់​ពី​តុលាការ​ជាន់ខ្ពស់​ថៃ​ពីបទ​ពុករលួយ។

ក្រោយពី​សំណុំរឿង​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​ដំណើរការ​នៅក្នុង​នីតិវិធី​របស់​តុលាការ​ជាន់ខ្ពស់​ថៃ​សកម្មភាព​របស់លោក​ស្រី​ទាំងអស់​ត្រូវ​ស្ថិតក្រោម​ការតាមដានរ​បស់​អាជ្ញាធរ​ថៃ​គ្រប់ពេលវេលា​និង​ទីកន្លែង។ជាក់ស្តែងថ្មីៗនេះ​ក្បួន​ឡាន​របស់​លោកស្រី​ត្រូវបាន​ទាហាន​ថៃ​ដែល​ឈរជើង​នៅ​ខេត្ត​ឈៀង​ម៉ៃ​បង្អាក់ដំណើរ​ហើយ​ត្រួតពិនិត្យ។ គេ​ចាត់ទុកថា​ការឆែកឆេរ នេះ​ជា​សកម្មភាព​ទប់ស្កាត់​លោកស្រី​មិនអោយ​គេចខ្លួន។ប៉ុន្តែ​ទាហាន​ថៃ​បាន​បដិសេធថា​វា​ជាការ​ការពារ​សុវត្ថិភាព​របស់លោក​ស្រី​នោះទេ។

បន្ថែម​ពី​បញ្ហា​នេះ​ក៏មាន​ពាក្យ​ច​ចាម​អារាម​បាន​លើកឡើងថា​លោកស្រី​យី​ង​ឡាក់​កំពុងតែ​ស្នើរ​សុំ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លើ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ។យ៉ាងណាមិញ លោក​អគ្គរដ្ឋទូត​មេ​រិ​ក​ម័​រ​ហ្វី​បាន​ច្រានចោល​ការលើកឡើង​នេះ​លោក​បញ្ជាក់ថា​មិនមាន​ការស្នើរ​សុំ​ណាមួយ​ពី​លោកស្រី​យី​ង​ឡាក់​នោះទេ។លើសពីនេះទៅទៀត​សហរដ្ឋអាមេរិក​មិន​លូកដៃ​ករ​កូករ​កាយ​បញ្ហានយោបាយ​របស់​ប្រទេស​ថៃ​នោះទេ។

ទោះបីយ៉ាងណា​ក៏ដោយ​អតីតរដ្ឋមន្ត្រី​ការបរទេស​និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បាន​អះអាងថា បញ្ហា​លោកស្រី​យី​ង​ឡាក់ គឺ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​នូវ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នោះទេ ព្រោះ​បច្ចុប្បន្ន​លោកស្រី​កំពុង​រង​នូវ​ការចោទប្រកាន់​ដែលជា​សំណុំរឿង​ព្រហ្មទណ្ឌ។

គួរបញ្ជាក់​ផងដែរ បច្ចុប្បន្ន​លោកស្រី យី​ង ឡាក់ ក្រៅពី​ត្រូវគេ​ដក​មុខតំណែង​សាធារណៈ​ពី​សំណាក់​សភាជាតិ​ថៃ និង​រង​ការចោទប្រកាន់​ពី​តុលាការ​ថៃ​នោះ លោកស្រី ត្រូវបាន​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ ចាន់ អូ ចា មិន​អនុញ្ញាតអោយ​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​នោះទេ ទោះបីជា​ក្នុង​លក្ខខណ្ឌ​ណាមួយ​ក៏ដោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com