ជាតិ
សេដ្ឋកិច្ច
លោក សុខ អាន៖ វិស័យអាកាសចរណ៍នឹងកើនឡើងជាង៤ភាគរយក្នុង២០ឆ្នាំខាងមុខ
× លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា អាត្រាកំណើននៅក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា នឹងមានការកើនឡើងបន្ថែមប្រមាណ ៤,៧ភាគរយ នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ។
ថ្លែងនៅក្នុងពិធីសាងសង់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺន ជំនាញអាកាសចរណ៍ស៊ីវិល លោក សុខ អាន បន្ថែមថា តាមការព្យាករណ៍របស់អង្គការអាកាសចរណ៍ស៊ីវិល អន្តរជាតិ (ICAO) កំណើនក្នុងវិស័យអាកាសចរ គឺអាចកើនទ្វេរដងផងដែរ ខណៈដែលវិស័យអាកាសចរណ៍ស៊ីវិលពិភពលោកកំពុងមានការរីកលូតលាស់យ៉ាងខ្លាំង។
ទន្ទឹមនឹងនេះលោក សុខ អាន បានឲ្យដឹងថា ក្នុងអំឡុងពេលឆ្នាំ២០១៤ អាកាសចរកម្ពុជាមានជើងហោះហើរចំនួន៥០.១៨៨ ជើង គឺកើនឡើងចំនួន៦,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ដែលមានចំនួន៤៧.១៧០ជើង ។ ហើយវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាក៏មានការ រីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យជាច្រើនជាពិសេសការដឹកជញ្ជូននិងទេសចរណ៍។
កន្លងមកក្រសួងទេសចរណ៍បានបង្ហាញថា ចំនួន៥០ភាគរយនៃភ្ញៀវទេសចរមកទស្សនាកម្ពុជា បានធ្វើដំណើរតាមយន្តហោះ។ ហើយវិស័យអាកាសចរណ៍ស៊ីវិលនេះ គឺមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។ គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរបរទេសមាន៤,៥លាននាក់នៅឆ្នាំ២០១៤ ហើយចំនួនភ្ញៀវទេសចរ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងចំនួនប្រមាណ៧លាននាក់ នៅឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com