អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កំណែទម្រង់​ស៊ីជម្រៅ​របស់​ប្រា​យុទ្ធ មិនអាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បានឡើយ
16, Feb 2015 , 3:53 pm        
រូបភាព
រយៈពេល​ជាង ៨ខែ​ទៅហើយ​បើ​រាប់​ចាប់តាំងពី​ព្រឹ​ត្ត​ការណ៍​រដ្ឋប្រហារ​ដោយ​យោធា​ជាថ្មី​កើតឡើង​នៅ​រាជាណាចក្រ​ថៃ ក្រោមលេស​បញ្ចប់​វិបត្តិ​នយោបាយ​ជាប់គាំង​ទៅមុខ​មិន​រួច ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មានការ​ផ្ទេរអំណាច​ទៅអោយ​រដ្ឋាភិបាល​ស៊ីវិល​នៅឡើយ​ទេ។



នាយករដ្ឋមន្ត្រី​ឡើងកាន់តំណែង​ដោយ​រដ្ឋប្រហារ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អះអាង​ហើយ​ថា ដរាបណា​ដំណើរ​កំណែទម្រង់​ស៊ីជម្រៅ​មិន​ចាប់ ការផ្សះផ្សា​នយោបាយ​និង​ដោះស្រាយ​វិបត្តិ​នយោបាយ​រក​ផ្លូវ​ស្រាយ​មិនឃើញ ការផ្ទេរអំណាច​នឹងមិន​អាច​កើតឡើង​ឡើយ​ទោះ​មានការ​ថ្កោលទោស​ឬ​រិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ក្តី។

កាលពី​ឆ្នាំមុន របប​សឹក​ធ្លាប់​សន្យាថា​នឹង​ផ្ទេរអំណាច​ទៅអោយ​រដ្ឋាភិបាល​ស៊ីវិល​នៅ​ចុងឆ្នាំ២០១៥ដោយ​ការបោះឆ្នោត ស្រាប់តែ​ក្រោយមក​ប្រកាសថា​មិនមាន​ការបោះឆ្នោត​ឡើយ​នៅ​ឆ្នាំ ២០១៥។ ការបោះឆ្នោត​អាចមាន​នៅ​ឆ្នាំក្រោយ​ព្រោះ​កំណែទម្រង់​មិនទាន់​ចប់។ គេ​មិនដឹងថា ការកែទម្រង់​ស៊ីជម្រៅ​របស់លោក​ប្រា​យុទ្ធ​ពិតជា​មាន​ផ្លែផ្ការ​កម្រិតណា​សម្រាប់​ប​ញ្ច​ប់​វិបត្តិ​នយោបាយ​រាំ​រ៉ៃ ប​ង្រួ​បង្រួម​សង្គម​ដែល​បែកខ្ញែក​គ្នា​មាន​ពណ៌​លឿង​ពណ៌​ក្រហម​ឡើយ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ


គ្មាន​ឡើង​ការផ្ទេរអំណាច​ទៅអោយ​រដ្ឋាភិបាល​ស៊ីវិល​ដោយ​ការបោះឆ្នោត​សម្រាប់​ឆ្នាំ ២០១៥នេះ។ នេះ​ជាការ​លើកឡើង​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ប្រមុខ​របប​សឹក​ក្រុង​បាងកក​ដែល​ឡើងកាន់​អំណាច​ដោយ​រដ្ឋប្រហា​រ​កាលពី​ខែឧសភា​ឆ្នាំ ២០១។ គេ​មើលឃើញថា រដ្ឋាភិបាលយោធា​របស់​ឧ​ត្ត​ម​សេនីយ៍​ប្រយុទ្ធ​នេះ​កំពុង​ប្រឹងប្រែង​អនុវត្ត​យន្តការ​កំណែទម្រង់​រប​ស់​ខ្លួន ដើម្បី​សម្រេច​អោយបាន​នូវ​ការផ្សះផ្សា​នយោបាយ បង្រួបបង្រួម​ជាតិ​ថៃ និង​បញ្ចប់​វិបត្តិ​នយោបាយ​ក្នុងប្រទេស​ថៃ​ប​ច្ច​ប្បន្ន។ បើកាលណា​កំណែទម្រង់​ចប់សព្វគ្រប់​ត្រឹមត្រូវ​តាម​ការចង់បាន​របស់​ក្រុម​យោធា​ហើយ​នោះ ម្ល៉េះ​គេ​នឹង​រៀបចំ​បោះឆ្នោត​ផ្ទេរអំណាច​ទៅអោយ​រដ្ឋាភិបាល​ស៊ីវិល​វិញ​ជាក់​ជា​មិន ប៉ុន្តែ​មិនដឹង​សំដី​មេដឹកនាំ​របប​សឹក​គួរអោយ​ទុកចិត្តបាន​កម្រិតណា​ឡើយ។ 

ក្នុងសង្គម​ថា និយាយ​ដល់​ឈ្មោះ​ឬ​ពាក្យសម្តី​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា មាន​ប្រជាជន​ថៃ​ខ្លះ​នាំគ្នា​សើច ហើយ​ចម្អក​ថា នាយករដ្ឋមន្ត្រី​រូបនេះ​និយាយ​ច្រើន ប៉ុន្តែ​មិន​ធ្វើ​អ្វី​បាន​ដុំកំភួន​សោះ។ ប្រជាជន​ខ្លះ​រិះគន់​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នេហា​រាជ្យ​ប​ល្ល័​ង្គ​ថា​ជា​មនុស្ស​មិនគួរ​អោយ​ទុកចិត្ត និង​និយាយ​អោយតែ​រួចពីមាត់​មិន​គោរព​ពាក្យសន្យា​ឡើយ។ យ៉ាងណាក៏ដោយ​បើទោះជា​ប្រជាជន​ថៃ​ខ្លះ​រិះគន់​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ក៏ពិតមែន ប៉ុន្តែ​គេ​ឃើញ​រដ្ឋាភិបាលយោធា​និង​ក្រុមប្រឹក្សា​កំណែទម្រង់​ប្រជាធិបតេយ្យ​ថៃ​កំពុងតែ​មរ​មារ​ញឹក​អនុត្ត​គោលការណ៍​ដែល​ខ្លួន​កំណត់​ដើម្បី​សម្រេច​អោយបាន​នូវ​ការ​ឯកភាពគ្នា​ផ្នែក​នយោបាយ​ក្នុងសង្គម​ថៃ។ គណកម្មាធិការ​ចងក្រង​និង​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ដុតដៃដុតជើង រៀបចំ​ចងក្រង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​អាច​ធានា​ពី​ដំណើរ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​នយោបាយ​ថៃ​បច្ចុប្បន្ន ហើយ​កាលពី​សប្តាហ៍​មុនគេ​ប​ញ្ជូ​ល​តួនាទី​គណកម្មាការ​កំណែ​ទម្រង់​ជាតិ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ថៃ​ថែមទៀត។

តាមពិតទៅ លែស​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ត្រូវការ​ពេល​យូរ​របស់​មេដឹកនាំ​យោធា​ថៃ មិន​ធ្វើ​អោយគេ​ឆ្ងល់​ច្រើន​ឡើយ ដ្បិដ​រយៈពេល​កាន់តែ​យូរ​កាន់តែ​ល្អ ហើយ​របប​យោធា​កាន់តែ​មានឱកាស​គាស់​រំលើង​សែស្រឡាយ​ឬ​បងប្អូន​ត្រកូល​ស៊ីណាវ៉ាត្រា​ចេញពី​ឆាកនយោបាយ​ថៃ។ ដូចដែល​ឃើញស្រាប់​ហើយ សំណុំរឿង​ពុករលួយ​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា កំពុងស្ថិត​ក្នុង​ដំណើរការ​នៅឡើយ ក្រោយ​ពេលដែល​សភា​អាយ៉ង​លោក ប្រា​យុទ្ធ បោះឆ្នោត​ចោទប្រកាន់​លោកស្រី ក្រោម​បទ​ពុករលួយ​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ពី​ពលរដ្ឋ​ថៃ។ បើសិនជា​ដំណើរការ​នីតិវិធីតុលាការ​បញ្ចប់ សម្រេច​កាត់ទោស​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​ខាងលើ​មែន លោកស្រី​នឹងត្រូវ​ចាក​ឆ្ងាយ​ពី​ឆាកនយោបាយ និង​ត្រូវ​ជាប់ពន្ធនាគារ​ផងដែរ។ បើសិន​របប​សឹក​មិន​បោសសម្អាត​អោយ​ស្អាត​អស់​ទេ កុំ​សង្ឃឹមថា​មាន​បេក្ខជន​មក​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​ភឿ​ថៃ​អាច​ឈ្នះឆ្នោត​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​អោយសោះ។

ក្រៅពី​រៀបចំ​បោសសម្អាត​អំពើពុករលួយ​ដោយ​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​លោកស្រី​យី​ង​ឡាក់ របប​ដឹកនាំ​យោធា និង​គណកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ថៃ​ក៏ កំពុង​ឃ្លាំមើល ក៏ដូចជា​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​អតីត​សមាជិកសភា​ដែល​អស់តំណែង​ក្រោយ​រដ្ឋប្រហារ​ទាំង ២៦៩នាក់​ផងដែរ។  បើ​តាមមើល​ភាគច្រើន​នៃ​សមាជិកសភា​ជា​សមាជិក​បក្ស​ភឿ​ថៃ​គា​ម​ទ្រ​លោកស្រី​យី​ង​ឡាក់។ របប​សឹក​អះអាងថា ខ្លួន​កំពុង​គាស់​រំលើង​អោយអស់​នូវ​អំពើពុករលួយ​ដែល​បន្សល់ទុក​ដោយ​រប​ប​ដឹកនាំ​មុន។ របប​ដឹកនាំ​នេះ​ហាក់ដូច​ជាមាន​ក្តី​រំពឹង និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ផែនការ​កំណែទម្រង់​រប​ស់​ខ្លួន​បច្ចុប្បន្ននេះ បើទោះជា​មានការ​រិះគន់​ខ្លាំង​ក៏ដោយ។ គេ​ឆ្ងល់​ថា គ្រាន់តែ​ចាប់​សត្វ​កណ្តុរ​មួយ​ចាំបាច់​ត្រូវ​ដុត​ព្រៃ​ទាំងមូល ដូច​យោធា​ថៃ​ធ្វើ​បច្ចុប្បន្ន​មែន​ទេ? ចុះបើ លោក​ប្រា​យុទ្ធ និង​អភិជន​ថៃ​មួយចំនួន​ពិតជា​ចង់​បោសសម្អាត​អំពើពុករលួយ​មែន​ហេតុម្តេច បំផ្លាញ និង​ធ្វើ​ទុក្ខទោស​តែ​សមាជិក​និង​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់។

 អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថៃ និង​អតីត​តំណាងរាស្ត្រ​ទាំង​បក្ស​ភឿ​ថៃ និង​បក្ស​ប្រ​ធិបតេយ្យ បានបង្ហាញ​ការជំទាស់ និង​រិះគន់​គោលនយោបាយ​កំណែទម្រង់​របស់​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ និង​រដ្ឋាភិបាលយោធា​ប​ច្ចុ​ប្បន្ន។ ពួកគេ​បាន​លើកឡើងថា គេ​គ្មាន​ជំនឿ​ចិត្ត​បន្តិច​សោះ​ថា​លោក​ប្រា​យុទ្ធ​ដាក់ចិត្ត​ដាក់​កាយ​កម្ចាត់​អំពើពុករលួយ ប៉ុន្តែ​មិនមែន​មានតែ​បក្ស​លោកស្រី​យី​ង​ឡាក់​ទេ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ មន្ត្រី​ច្រើន​នាក់​មកពី​បក្សធំៗទាំងពីរ​សុទ្ធតែ​ប្រព្រឹត្ត​អំពើពុករលួយ​ដូចគ្នា។ ក្រុម​យោធា​ថៃ​ប្រហែលជា​កំពុង​ស្រមៃ​ទាំង​ថ្ងៃ ថា​គ្រាន់តែ​បញ្ចប់​ឥទ្ធិពល​ស៊ីណាវ៉ាត្រា រារាំង​មិនអោយ​លោកស្រី​យី​ង​ឡាក់​ចូលក្នុង​ឆាកនយោបាយ វា​នឹង​បញ្ចប់​បញ្ហា​គ្រប់យ៉ាង​ក្នុងសង្គម​ថៃ​បច្ចុប្បន្ន​បាន​ហើយ។

ផ្ទុយទៅវិញ ងាក​ទៅ​មើល​ការបោះឆ្នោត​ជ្រើសរើស​របប​ដឹកនាំ​ស៊ីវិល​វិញ​ម្តង ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ជប៉ុន​ដើមខែ​កុម្ភៈ លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ បានប្រកាសថា លោក​នឹង​ព្យាយាម​បង្កើនល្បឿន​ដំណើរការ​កំណែទម្រង់ ប៉ុន្តែ​ការបោះឆ្នោត​ត្រូវ​រៀបចំ​យ៉ាង​ឆាប់​បំផុត​ក៏​ចុងឆ្នាំ​នេះដែរ។ លោក​បាន​ប្រាប់​ទៅ​ប្រជាជន​ថៃ និង​សហគមន៍​អន្តរជាតិ​ថា កុំ​ព្រួយបារម្ភ​អោយសោះ យោធា​របស់លោក​នឹង​ដកខ្លួន​ទៅ​ឆ្ងាយ​ក្រោយ​រដ្ឋាភិបាល​ស៊ីវិល​ត្រូវ​បង្កើតឡើង។ ប៉ុន្តែ​អ្វីដែល​គេ​មិន​ធ្លាប់​រំពឹង​សោះ​នោះ គឺ​លោក ប្រា​យុទ្ធ បាន​បង្ហើប​ថា បើ​វិបត្តិ​នៅតែ​កើតមាន យោធា​នៅតែមាន​តួនាទី​ជួយ​ដោះស្រាយ ដែល​មានន័យថា​រដ្ឋប្រហា​រ​ថ្ងៃ ២២ ឧសភា​មិនមែនជា​រដ្ឋប្រហារ​ចុងក្រោយ​សម្រាប់​ថៃ​នោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com