អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងទ័ព​​អ៊ុយ​ក្រែ​ន​​បោះបង់​​ក្រុង ​Debaltseve អោយ​​ក្រុម​​បះបោរ​
19, Feb 2015 , 9:41 am        
រូបភាព
ដោយ:
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​បះបោរ​គាំទ្រ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បាន​ដណ្តើមបាន​ក្រុង​យុទ្ធសាស្ត្រ​ Debaltseve ទាំងស្រុង​ពី​ទាហាន​អ៊ុយ​ក្រែ​ន បំបាក់មុខ​ប្រធានាធិបតី​ប៉ូ​រ៉ូ​ឆិ​ន​កូ​ក្នុង​សមរភូមិ។ ប្រធានាធិបតី​រុស្ស៊ី អ៊ុយ​ក្រែ​ន បារាំង និង​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ ប្រជុំគ្នា​តាម​ទូរ​សព្ទ​ជាថ្មី​ទាក់ទង​នឹង​ហេតុការណ៍​នេះ។ សហភាព​អឺរ៉ុប​បាន​បរិហារ​ពី​ការរំលោភ​បទ​ឈប់​បាញ់​ក្រុង​មីន​ស្គ៍។


ក្បួន​រថក្រោះ​និង​រថយន្ត​ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ក្រុង​យុទ្ធសាស្ត្រ​Debaltseve ដោយ​ធ្វើដំណើរ​ទៅកាន់​ក្រុង​Artemivsk ដើម្បី​គេចចេញ​ពី​ការឡោមព័ទ្ធ​របស់​ក្រុម​បះបោរ​ភាគ​ខាងកើត។ យោងតាម​ក្រុង​គៀវ ទាហាន២៤៥៩នាក់​បាន​ចាក​ចេញពី​ក្រុង​នេះ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។ យោងតាម​សារព័ត៌មាន​រុស្ស៊ី​វិញ មាន​ទាហាន​អ៊ុ​ុ​យ​ក្រែ​ន​យ៉ាងហោច ៧២នាក់ បាន​ព្រម​ចូលខ្លួន​ធ្វើជា​ឈ្លើយសឹក​ក្រុម​បះបោរ។

ជាមួយ​ក្រុង​Debaltseve ដែល​ទើប​ដណ្តើមបាន​ថ្មី តំបន់​ដែល​ក្រុម​បះបោរ​កាន់កាប់​នៅ​ភាគ​ខាងកើត ពេលនេះ ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​តែមួយ ធ្វើអោយ​ទាហាន​អ៊ុយ​ក្រែ​ន​ពិបាក​រុលទៅមុខ​ទៀត​បាន។ គេ​នៅចាំ​មើលថា តើ​ក្រុម​បះបោរ​ត្រូវ​បន្ត​ការវាយលុក​ទៅ​ភាគ​ខាងលិច​ប្រទេស រឺ​ទៅ​ភាគខាងត្បូង​ផ្នែក​ជើង​ទឹក​វិញ។

ដោយឡែក ប្រឈម​នឹង​បរាជ័យ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពេ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ បាន​អះអាងថា ការដកថយ​ទ័ព​នេះ​គឺ​ស្ថិតក្រោម​បញ្ជា​របស់លោក​ផ្ទាល់។ ទាហាន​អ៊ុយ​ក្រែ​ន​មួយចំនួន​ពិបាក​ជឿ​លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ​ណាស់ ព្រោះថា​ខ្លួន​ត្រូវ​បោះបង់​ការប្រយុទ្ធ​នៅ Debaltseveដើម្បី​គេចចេញ​ពី​ការឡោមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម។  ប្រទេស​លោកខាងលិច​បា​ន​បរិហារ​ថា ការដណ្តើម​យកបាន​ក្រុង​Delbaltseve អាច​នឹង​ប៉ះពាល់​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ ហើយ​បាន​ទំលាក់កំហុស​លើ​រុស្ស៊ី។ អង្គការ​អូតង់​វិញ​ក៏​នៅតែ​ចោទ​រុស្ស៊ី​ថា បន្ត​វត្តមាន​យោធា​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន។ ទោះ​យ៉ាងនេះ​ក្តី ក្រុម​បះបោរ​ភាគ​ខាងកើត​បាន​អួតថា ខ្លួន​បានចាប់ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​សមរភូមិ ស្របតាម​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​ទី២ ដែល​បាន​ចុះហត្ថលេខា​កាលពី​សប្តាហ៍​មុន។ ក្រុម​បះបោរ​បានទាមទារ​អោយ​អ៊ុយ​ក្រែ​ន​គោរព​កិច្ចព្រមព្រៀង​នេះ។

ការដក​ទ័ព​អ៊ុយ​ក្រែ​ន កាន់តែ​ធ្វើអោយ​រដ្ឋាភិបាល​ក្រុង​គៀវ​បាក់មុខ ព្រោះថា យុទ្ធសាស្ត្រ​សង្គ្រាម​របស់លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ ត្រូវបាន​គេ​រិះគន់​ជាខ្លាំង។ លើសពីនេះ ក្រុម​បះបោរ​ភាគ​ខាងកើត​គ្រាន់តែ​ជា​ប្រជាជន​សាមញ្ញ ជា​អ្នកបើក​ត្រាក់ទ័រ រឺក៏​ជា​អ្នក​ជីក​រ៉ែ​ប៉ុណ្ណោះ តែ​បែរជា​អាច​ប្រយុទ្ធ​ឈ្នះ​ទាហាន​រដ្ឋាភិបាល​ដែល​ទទួល​ការហ្វឹកហ្វឺន។ ប្រធានាធិបតី​រុស្ស៊ី​បានប្រកាស​តាំងពី​ថ្ងៃ​អង្គារ​ម្ល៉េះ​ថា ក្រុង​Debaltseveបាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​បះបោរ​ហើយ។ លោកពូ​ទីន​ថែមទាំង​បាន​អំពាវនាវ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​មិនអោយ​ឃាត់​ទាហាន​ដែល​ចង់​គេច​ពី​ការឡោមព័ទ្ធ​របស់​ក្រុម​បះបោរ​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com