ជាតិ
សិក្ខាសាលា​ស្តីពី «ស្ត្រី​កម្ពុជា​ផ្លាស់ប្តូរ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ» ជំរុញ​ឲ្យ​គោរព​សិទ្ធិ​ស្ត្រី
04, Mar 2015 , 5:30 pm        
រូបភាព
ដោយ​សង្កេតឃើញថា ស្ត្រី​កម្ពុជា នៅតែ​ទទួលរង​នូវ​អំពើហិង្សា ការរើសអើង​ក្នុង​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​ការរំលោភបំពាន​នានា អង្គការ​សង្គម​ស៊ីវិល​ចំនួន១៦ ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី«ស្ត្រី​កម្ពុជា​ផ្លាស់ប្តូរ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ» នៅ​ថ្ងៃទី ៥មិនា​ស្អែក​នេះ នៅ​មជ្ឈមណ្ឌល​លី​ឡា។



សិក្ខាសាលា​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​សេចក្តីព្រាង​កម្មវិធី ទិវា​នារី​អន្តរជាតិ លើក​ទី១០៤ នៅក្នុង​ឆ្នាំ២០១៥នេះ​ផងដែរ។

សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង ពិនិត្យ​លើ​បញ្ហា​ស្ត្រី និង​ការរីកចម្រើន​កាលពី១ឆ្នាំ​កន្លងទៅ បង្កើត​ឱកាស​ដល់​ស្ត្រី​មកពី​គ្រប់​ទីកន្លែង និង​គ្រប់ផ្នែក ក្នុងការ​ចែករំលែក​ពី​ការ​ព្រួ​បារម្ភ​ពី បញ្ហា​អាទិភាព និង​ភាពរឹងមាំ​របស់គាត់ និង​កសាង​សាមគ្គីភាព​រវាង​ស្ត្រី គ្រប់ផ្នែក​ក្នុងការ​តស៊ូ​មតិ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​គោលនយោបាយ និង​ផ្សាភ្ជាប់​សំឡេង​ស្ត្រី​នៅ​ទីសាធារណៈ។

កម្មវិធី​នៅ ក្នុង​សិក្ខាសាលា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃស្អែក ក៏មាន​ការ​រាំ​សាមគ្គី ជាមួយនឹង​បទ​ស្ត្រី​ចំនួន៥បទ​ផងដែរ ដែល​រួមមាន​ចង្វាក់​ឆា​ឆា ម៉ា​ឌី​ហ្សុ​ន ក​ន្ទ្រឹ​ម សា​រ៉ា​វ៉ាន់ និង​រាំង​រង់។ ដោយឡែក​នៅពេល​ល្ងាច ក៏មាន​ការជួប​ជុំគ្នា​រាំ​ទីសាធារណៈ​ចំនួន៥កន្លែង​ផ្សេងគ្នា នៅ​រាជធានី​ភ្នំពេញ រួមមាន សួនច្បារ​វត្ត​បទុម​វ​ត្តី សួនច្បារ​មាត់ទន្លេ នៅ​ផ្សារ​រាត្រី​សម្ម​ត្តិ​ទន្លេបាសាក់ ស្តា​ត​អូឡាំពិក និង​នៅ​សួនច្បារ​ដេ​អិន។

នៅ​ឆ្នាំ២០១៥នេះ ក្រសួង​កិច្ចការនារី នឹង​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ៨មិនា ក្រោម​ប្រធានបទ«ដំណើរ​ឆ្ពោះទៅមុខ៖ស្ត្រី​កម្ពុជា​ក្រោយ​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ១៩៩៥»។
ការកំណត់​ប្រធានបទ​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ៨មិនា នៅ​ឆ្នាំនេះ គឺ​ដើម្បី​រំលឹក​ពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​ពិភពលោក​ក្នុងការ​ទាមទារ​សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​ស្ត្រី ក៏ដូចជា​ពិនិត្យឡើងវិញ សមិទ្ធផល​នានា​ដែល​កើតមាន​ក្នុង​រយៈពេល២០ឆ្នាំ ក្រោយពី​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ១៩៩៥ និង​ធ្វើការ​បំផុស ព្រមទាំង​កៀងគរ​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​នូវ​សមភាព​ដ៏​ពិតប្រាកដ​រវាង​បុរស និង​ស្ត្រី៕



© រក្សាសិទ្ធិដោយ thmeythmey.com