អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឆាត​និង​នី​ហ្សេ​ផ្តើម​កម្ទេច​ក្រុម Boko Haram ដែល​ភ្ជាប់​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម
09, Mar 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

កងកម្លាំង​ឆាត និង​នី​ហ្សេ ចាប់ផ្តើម​បើក​ប្រតិបត្តិការ​សឹក​ជើងគោក និង​ជើង​អាកាស​ដើម្បី​កម្ទេច​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ប្រទេស​នី​ហ្សេ​រី​យ៉ា។ កងកម្លាំង​រដ្ឋ​អាហ្វ្រិក​បាន​ដណ្តើម​ទឹកដី​មកវិញ​ជាច្រើន ហើយ​ការ​ឈានទៅ​កម្ទេច​ក្រុម​ភេរវជន បូ​កូ​ហា​រ៉ា​ម នេះ​កើតឡើង​ក្រោយ​ក្រុម​នេះ​ប្រកាស​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី អ៊ីរ៉ាក់ និង​លី​ប៊ី។



ម្សិលមិញ​នេះ កងទ័ព​រដ្ឋាភិបាល​ឆាត និង​នី​ហ្សេ បាន​សហការគ្នា​បើក​ការវាយប្រហារ​តាមផ្លូវ​គោក និង​ផ្លូវអាកាស​ដើម្បី​កម្ទេច​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា។ ប្រទេស​ទាំងពីរ​បាន​បើក​ការវាយប្រហារ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី បណ្តេញ​ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម​ចេញពី​តំបន់​ដែល​ពួកគេ​ដណ្តើម​កាន់កាប់​បាន។

ការសម្រេច​បញ្ជូន​ទ័ព​ទៅ​ច្បាំង​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នេះ​កើតឡើង ប៉ុន្មាន​ថ្ងៃក្រោយ​ក្រុម​បូ​កូ​ហា​រ៉ា​ម​នេះ ប្រកាស​ចុះចូល​ជាមួយ​ក្រុម​ភេរវជន​ដ៏​សាហាវ​នៅ​អ៊ីរ៉ាក់ លី​ប៊ី និង​ស៊ី​រី រដ្ឋ​ឥស្លាម។ ហើយ​ការវាយប្រហារ​នេះដែរ​កើតឡើង​ក្រោយ​សហភាព​អាហ្វ្រិក​សម្រេច​អនុញ្ញាតអោយ​បង្កើត​កងកម្លាំង​ពិសេស​មាន​ទ័ព ១ម៉ឺន​នាក់​ដើម្បី​ប្រយុទ្ធ​កម្ទេច​ក្រុម​បូ​កូ​ហា​រ៉ា​មកាល​ពីថ្ងៃ​សុក្រ​ផងដែរ។

ប្រទេសជិតខាង​នី​ហ្សេ​រី​យ៉ា មានកា​ម៉េ​រូ នី​ហ្សេ និង​ឆាត​ផង សុទ្ធតែ​ប្រឈមមុខ​នឹង​បញ្ហា​សន្តិសុខ​ដោយសារ​ក្រុម​បូ​កូ​ហា​រ៉ា​ម​នេះ ហើយ​ពួកគេ​ពិបាក​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​ថែមទៀត​ដោយសារ​ក្រុម​ភេរ​ជន​ទាំងនេះ។ បើសិន​ប្រទេស​ទាំងនេះ​អាច​យកឈ្នះ ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម​បាន វា​នឹង​ជួយ​អោយ​ការបង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​តាម​ព្រំដែន​អាច​ប្រព្រឹត្តទៅបាន​ងាយស្រួល និង​ទប់ស្កាត់បាន​នូវ​បញ្ហា​អស្ថិរភាព​នៅក្នុង​តំបន់​ផង។ បើ​បណ្តែតបណ្តោយ​អោយ​ក្រុម​នេះ​ធ្វើ​ស្រេច​តែ​ចិត្ត​គ្មាន​ចំណាត់ការ​ទប់ស្កាត់​និង​កម្ចាត់​ចោល​ទេ អាហ្វ្រិក​ទាំងមូល​អាច​ប្រឈមមុខ​បញ្ហា​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com