ជាតិ
មន្ត្រីរាជការ យោធា និង​នគរបាល គ្មាន​ការប្រឡង​ប្តូរ​ក្របខណ្ឌ និង​ដំឡើង​ស័ក្តិ​ឡើយ​នៅ​ឆ្នាំនេះ
09, Mar 2015 , 8:15 pm        
រូបភាព
ដើម្បី​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​ការដាក់​ឲ្យ​ដំណើរការ​ស​ន្ទ​ស្សន៍​បៀវត្ស និង​ប្រាក់​បំណាច់​មុខងារ​ថ្មី ការប្រឡង​ផ្ទៃក្នុង​ផ្លាស់ប្តូរ​ប្រភេទ​ក្របខណ្ឌ និង​ការដំឡើង​ឋានន្តរសក្តិ ឬ​ថ្នាក់​របស់​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ យោធិន និង​នគរបាលជាតិ មិនត្រូវ​អនុវត្តន៍​ឡើយ​ក្នុង​ឆ្នាំ២០១៥នេះ។ នេះ​បើ​យោងតាម​សារាចរ​របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​សម្រាប់​ការគ្រប់គ្រង មន្ត្រីរាជការ​ស៊ីវិល យោធិន នគរបាលជាតិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ក្នុង​ឆ្នាំ២០១៥ ។



សារាចរ ចុះ​ថ្ងៃទី៥មីនា ចុះហត្ថលេខា ដោយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បន្តថា ដើម្បី​ធានា​ការអនុវត្ត​កម្មវិធី​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល ឲ្យ​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​បាន​ជោគជ័យ ពិសេស​ដើម្បី​គាំទ្រ​ការរៀបចំ​ប្រព័ន្ធ​បៀវត្ស​ថ្មី​សម្រាប់​ឆ្នាំ២០១៥ និង​វិធានការ​សម្រាប់​ការបង្កើន​បៀវត្ស​ជូន​មន្ត្រីរាជការ នៅ​ឆ្នាំ២០១៥នេះ ការជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រសួង ឬ​ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ យោធិន និង​នគរបាល ត្រូវ​ជ្រើសរើស​ស្មើនឹង​ចំនួន​មន្ត្រី​ដែល​បាត់បង់​ពី​ក្របខណ្ឌ ដោយសារ​ការចូលនិវត្តន៍ លាឈប់ បញ្ឈប់​ពី​ការងារ បាត់បង់​សម្បទា​វិជ្ជាជីវៈ ឬ​មរណៈភាព។

«ក្រសួង ស្ថាប័ន ឬ​អង្គភាព​ដែល​បង្កើត​ថ្មី ត្រូវ​ប្រើប្រាស់​មន្ត្រីរាជការ​ដែល​មាន​ស្រាប់​ឲ្យ​អស់​លទ្ធភាព ការជ្រើសរើស​ក្របខណ្ឌ​ថ្មី​ត្រុ​វ​មាន​លក្ខណៈ​រឹតត្បិត​បំផុត និង​ស្ថិតនៅ ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៥ ។ ចៀសវាង​ការរៀបចំ​បង្កើត ឬ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​នៅតាម​ក្រសួង ស្ថាប័ន ឬ​នៅតាម​មន្ទីរ​ជុំវិញ​រាជធានី​ភ្នំពេញ ខេត្ត ដែល​នាំ​ឲ្យ​មាន​តម្រូវ​មន្ត្រី​ថ្មី ប៉ុន្តែ​បើ​ក្នុងករណី​ចាំបាច់ រចនាសម្ព័ន្ធ​ថ្មី​អាចត្រូវកែសម្រួល ឬ​រៀបចំ​ថ្មី​តែ​មិនត្រូវ​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រី​ថ្មី​ឡើយ។ ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ត្រូវ​ជ្រើសរើស​តាម​ចំនួន​ដែល​រាជរដ្ឋាភិបាល​អនុញាត ក្នុងករណី​ជ្រើសរើស​មន្ត្រី​ថ្មី ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សារាចរ ដដែល។

ជាមួយគ្នានេះដែរ គ្រប់​ក្រសួង ស្ថាប័ន​ត្រូវ​សហការ​ជាមួយ​ក្រសួង​មុខងារសាធារណៈ ដើម្បី​ពិនិត្យឡើងវិញ នូវ​ការប្រើប្រាស់​មន្ត្រីរាជការ​នៅតាម​ក្រសួង ស្ថាប័ន ក្នុង​គោលដៅ ធានា​ការជ្រើសរើស ការពង្រាយ​មន្ត្រីរាជកា​រ ការផ្លាស់ប្តូរ​ការងារ ការប្រើប្រាស់​ធនធានមនុស្ស ឲ្យ​ស្របតាម​តម្រូវការ​ពិ​ប្រាកដ នៃ​ការងារ និង​មាន​ប្រសិទ្ធិភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com