អន្តរជាតិ
Changi Airport របស់​សិង្ហ​បុរី រក្សា​តំណែង​ជា​ព្រលានយន្តហោះ​ល្អ​បំផុត​នៅលើ​ពិភពលោក
13, Mar 2015 , 2:01 pm        
រូបភាព
ដោយ:
ព្រលានយន្តហោះ Changiរបស់​ប្រទេស​សិង្ហ​បុរី នៅតែ​រក្សា​តំណែង​របស់ខ្លួន​ជា​ព្រលានយន្តហោះ​ល្អ​បំផុត​នៅលើ​ពិភពលោក ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា។ នេះ​បើ​យោងតាម​លទ្ធផល​នៃ ពិធី​ប្រគល់​ពានរង្វាន់ ព្រលានយន្តហោះ​ពិភពលោក​ឆ្នាំ ២០១៥នា​ពិព័រណ៍​មួយ ដែល​បាន​ប្រារព្ធ​ឡើង​នៅឯ​ស្ថានីយ​អ្នកដំណើរ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។



ចំណែកឯ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន​ជាប់​ជា​ព្រលានយន្តហោះ​ដ៏​ល្អ​បំផុត​ទី​ពីរ​របស់​ពិភពលោក​តាម​ពីក្រោយ​ដោយ​ព្រលានយន្តហោះ​ទីក្រុង Munich ក្នុងប្រទេស​អាល្លឺម៉ង់​និង​ទី៤ បាន​ទៅលើ​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​ហុងកុង​Hong Kong International Airport។

មិនមែន​ត្រឹមតែ​ជា​ម្ចាស់​ពានរង្វាន់​ព្រលានយន្តហោះ​ល្អ​បំផុត​នៅលើ​ពិភពលោក សម្រាប់​ឆ្នាំ ២០១៥ នេះ​ទេ Changi Airport ក៏​ជាប់​ជា​ព្រលានយន្តហោះ​ដ៏​ល្អ​បំផុត​សម្រាប់​លំហែ​ផងដែរ ដោយសារ​សណ្ឋាគារ​Crowne Plaza Changi Airport បាន​ជាប់​ឈ្មោះ​ជា សណ្ឋាគារ​ក្នុង​ព​ញរ​លាន​យន្តហោះ ល្អ​បំផុត​ក្នុង​ពិភពលោក​ផងដែរ។

ព្រលានយន្តហោះ​Changiមាន​បម្រើសេវា​កន្លែង​ក​ម្សា​ន្ត​យ៉ាង​ទូលាយ​រោងភាពយន្ដ​និង​មជ្ឈមណ្ឌល​លេង​ហ្គេម​បន្ទប់ដេក​និង​កន្លែង​ងូតទឹក​ដោយ​ឥតគិតថ្លៃ​ផងដែរ​ព្រមទាំង​មាន​សួន​មេអំបៅ​ក្នុង​អគារ​ពីរ​ជាន់ ដែលមាន​មេអំបៅ​ជាង ១០០០ រស់នៅ​ក្នុងនោះ​ទៀតផង។ កាលពី​ឆ្នាំមុន​Changi Airport បានទទួល​អ្នកដំណើរ​ជាង ៥៤ លាន​នាក់។
សូមបញ្ជាក់ថា លទ្ធផល​នៃ​ការផ្ដល់​ពានរង្វាន់​ព្រលានយន្តហោះ​ល្អ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ គឺ​បានមកពី​ការវាយតម្លៃ ការពេញចិត្ត​របស់​អតិថិជន ជា​អ្នកដំណើរ​នៅ​ទូទាំង​ពិភពលោក​សរុប ជាង ១៣ លាន​នាក់ ចំពោះ​ការអនុវត្ត​សម្រាប់​សេវា​ព្រលានយន្តហោះ​និង​ផលិតផល​នានា​ក្នុង​ព្រលាន​យន្ត​ទាំងនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com