ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ថា ហ៊្វុនស៊ិនប៉ិច​នឹង​លែង​ឈ្លោះ​គ្នា​ទៀតហើយ
15, Mar 2015 , 12:05 pm        
រូបភាព
ភ្នំពេញ៖ ជម្លោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បានកើត​ឡើង​តាំងពី​អាណត្តិ​ទី១ដល់​អាណត្តិ​ទី៥នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ជម្លោះ​នេះ បានធ្វើអោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស ក្លាយទៅជា​គណបក្ស​ដែល​គ្មាន​កៅអី​នៅក្នុង​រដ្ឋសភាជាតិ​នៅពេលនេះ។ ដើម្បី​បង្កើត​បរិយាកាស​សុខដុម​រម្យ​នីយកម្ម​ក្នុង​គណបក្ស​ឡើងវិញ លោក ញឹក ប៊ុនឆៃ ថា ហ៊្វុននស៊ិនប៉ិច​នឹង​លែង​ឈ្លោះ​គ្នា​ទៀតហើយ​ចាប់ពីពេលនេះ​តទៅ។



«ខ្ញុំ​ប្រាកដថា វា​នឹង​គ្មាន​បញ្ហា​អ្វី​ទៀតឡើយ។ យើង​ត្រូវ​បង្រួបបង្រួម​គ្នា​ដើម្បី​កសាង​ប្រជាប្រិយភាព និង​ទទួល​ការគាំទ្រ​ឡើងវិញ។ បើ​យើង​រួបរួមគ្នា​ជាមួយនឹង​សំឡេងគាំទ្រ​នៅ​សេស​សល់ ខ្ញុំ​សង្ឃឹមថា យើង​នឹង​រកឃើញ​សញ្ញា​បូក​នា​ការបោះឆ្នោត​លើក​ក្រោយ​ទៀត»។ នេះ​គឺជា​ការ​ថ្លែង​បញ្ជាក់​សារជាថ្មី​នៅ​ថ្ងៃអាទិត្យ​នេះ របស់លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី២នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោយ​កំណែទម្រង់​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​បន្ទាប់ពី​លោក ប៉ះ​សម្តី​គ្នា​ខ្លះ​ជាមួយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ទាក់ទង​នឹង​ការរៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ហ៊្វុននស៊ិនប៉ិច​ថ្មី។

លោក ញឹក ប៊ុនឆៃ បាន​ពន្យល់​ប្រាប់ថា នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ ការបញ្ចេញមតិ​ខុសគ្នា​វា​ជា​រឿង​ធម្មតា​ទេ។ អ្វីដែល​សំខាន់ គឺ​ត្រូវគោរព​មតិ​ភាគច្រើន។ «យើង​មិន​ឈ្លោះ​គ្នា​ទេ តែ​ជាការ​បញ្ចេញយោបល់​តែប៉ុណ្ណោះ។ កន្លងមក ខ្ញុំ​បញ្ចេញយោបល់​ផ្ទាល់ខ្លួន តែ​ខ្ញុំ​គោរព​ការសម្រេច​របស់​អង្គប្រជុំ»។ នេះ​គឺជា​បន្ថែម​របស់លោក ញឹក ប៊ុនឆៃ។

ប្រភពពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានអោយដឹង​ថា លោក ញឹក ប៊ុនឆៃ និង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ តែងតែមាន​ទស្សនៈ​ខុសគ្នា​នៅក្នុង​ការដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ញឹក ប៊ុនឆៃ ក៏​ជា​ឥស្សរជន​ម្នាក់​ដ៏​មាន​ឥទ្ធិ​ល​ពល​នៅក្នុង​បក្ស​ហ៊្វុន​ស៊ិនប៉ិច​ដែរ។  

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ នៅ​ឆ្នាំ១៩៨១ និង​ក្រោយមក​នៅ​អំឡុង​ដើម​ទសវត្ស​រ៍៩០ គណបក្ស​ត្រូវ​ដឹកនាំ​បន្ត​ដោយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ពី​ឆ្នាំ១៩៩២ដល់​ឆ្នាំ២០០៦ ។ កាលពី​ឆ្នាំ១៩៩៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​គណបក្ស​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស ដោយ​ទទួលបាន​អាស​ន្នៈ​ចំនួន៥៨កៅអី ៤៣កៅអី​នៅ​ឆ្នាំ១៩៩៨ ២៦កៅអី​នៅ​ឆ្នាំ២០០៣ ២កៅអី​នៅ​ឆ្នាំ២០០៨ តែ​នៅក្នុង​អាណត្តិ​ទី៥កន្លងមកនេះ(២០១៣) ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​សូន្យ​កៅអី។ ការធ្លាក់ចុះ​នេះ គឺ​បណ្តាលមកពី​មួយផ្នែក​ជ​ម្លោះ​ផ្ទៃក្នុង​គណបក្ស៕



© រក្សាសិទ្ធិដោយ thmeythmey.com