អន្តរជាតិ
ឥណ្ឌា៖ កូនក្រមុំ​ដើរចេញ​ពី​រោងការ ដោយសារ​កូនកំលោះ​មិនចេះ​បូកលេខ “១៥+៦=១៧”
16, Mar 2015 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ

កូនក្រមុំ​នៅក្នុង​ប្រទេស​ឥណ្ឌា​ម្នាក់ បានសម្រេច​ចិត្ត​ដើរ​ចេញពី​ពិធីមង្គលការ​របស់​នា​ង​បន្ទាប់ពី​អនាគត​ស្វាមី​របស់​នាង គ្មាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ដ៏​សាមញ្ញ បំផុត​មួយ។ នៅក្នុង​ពិធី​រៀបការ​នោះ កូនក្រមុំ​បាន​សាកល្បង​លើ​ជំនាញ​ផ្នែក​គណិតវិទ្យា​របស់​កូនកំលោះ ដោយ​សួរថា ១៥+៦ ស្មើនឹង​ប៉ុន្មាន? ប៉ុន្តែ​កូនកំលោះ​បាន​ឆ្លើយថា ១៧ទើប​ធ្វើ​ឲ្យ​នាង​ដើរចេញ​ពិធី​រៀបការ​នោះភ្លាមៗតែម្ដង។



យោងតាម​ការផ្សាយ​រប​ស់កា​សែត New York Post ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​Rasoolabadជិត​ទីក្រុង​ឧស្សាហកម្ម Kanpur នៅ​រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។ បន្ទាប់ពី​កូនក្រមុំ​សម្រេចចិត្ត​ដើរ​ចេញពី​រោងការ​រួចមក ក្រុមគ្រួសារ​របស់​កូនកំលោះ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កូនក្រមុំ​ឲ្យ​ត្រឡប់មកវិញ ប៉ុន្តែ​នាង​បាន​បដិសេធ​ព្រោះ​នាង​យល់ថា ក្រុមគ្រួសារ​ខាង​កូនកំលោះ​បាន​កុហក​នាង​អំពី​ការអប់រំ​របស់​កូនកំលោះ។

លោក Mohar Singh ជា​ឪពុក​កូនក្រមុំ​បានឱ្យដឹងថា​គ្រួសារ​ខាង​កូនកំលោះ​ព្យាយាម​លាក់​មិន​ឲ្យ​យើង​ដឹង ពី​ការអប់រំ​ក្រីក្រ​របស់​កូនប្រុស​ពួកគាត់​ព្រោះ​សូម្បីតែ​ក្មេង​ថ្នាក់​ទី១ ក៏​អាច​ឆ្លើយ​លំ​ហាត់​គណិតវិទ្យា​មួយ​នេះ​បានដែរ។

ប៉ូលិស​ក្នុង​តំបន់​បាន​សម្របសម្រួល​រវាង​ក្រុមគ្រួសារ​និង​ភាគី​ទាំងពីរ ហើយ​បានប្រគល់​អំណោយ​និង​គ្រឿងអលង្ការ​ទាំងអស់​ទៅ​ឲ្យ​ភាគី​ទាំងសងខាង​វិញ។
អាពាហ៍ពិពាហ៍​ភាគច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមគ្រួសារ​ខាង​កូនក្រមុំ​និង​កូនកំលោះ​ដោយ​គូ​ស្វាមីភរិយា​កម្រ​នឹង​បាន​ស្គាល់គ្នា​មុនពេល​រៀបការ​ណាស់ ហេតុនេះហើយ​ទើប​មានរឿង​រ៉ាវចម្លែកៗ ជាច្រើន​បាន​ក់ត​ឡើង​នៅក្នុង​ពិធី​រៀបការ​ក្នុងប្រទេស​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com