ជាតិ
សាលា​រាជធានី​នឹង​បិទ​ផ្សាយ​លទ្ធផល​វាយតម្លៃ​បឋម​នៅ​បុរី​កីឡា​ជា​សាធារណៈ
17, Mar 2015 , 5:43 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ នៅ​ថ្ងៃទី២០ ខែមីនា​ខាងមុខនេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នឹង​បិទ​ផ្សាយ​ជា សាធារណៈ នូវ​លទ្ធផល​នៃ​វាយតម្លៃ​បឋម​របស់​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី ការតវ៉ា​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​រក​ដំណោះស្រាយ​ពី​ការបណ្តេញ​ពី​លំនៅដ្ឋាន​របស់ សហគមន៍​បុរី​កីឡា​កាលពី​ឆ្នាំ ២០១២កន្លង​មកជា​បន្តបន្ទាប់ ។



យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី១៧ មីនា​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​បិទ​ផ្សាយ​លទ្ធ ផល​វាយតម្លៃ​បឋម​ប្រជាជន​ក្នុង​សហគមន៍​បុរី​កីឡា ចាប់ពី​ថ្ងៃទី២០ រហូតដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅ​សាលាខណ្ឌ៧មករា។

ចំពោះ​ពលរដ្ឋ​ដែល​ពុំ​ឯកភាព​នឹង​លទ្ធផល​នៃ​ការវាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​គ្រួសារនីមួយៗនេះ សាលា​រាជធានី​ភ្នំពេញ បាន​ទុក​រយៈពេល​ពិនិត្យ​តវ៉ា​រហូតដល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ។

ទាក់ទិន​នឹង​ដំណោះស្រាយ​បញ្ហា​នេះដែរ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា៖«ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណោះស្រាយ បញ្ចប់​បញ្ហា​នេះ»។

គួររម្លឹកថា កន្លងមក តំណាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា​បាន​តវ៉ា​ទាមទារ​ឲ្យ​សាលា រាជធានី​ភ្នំពេញ​រក​ដំណោះស្រាយ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ពលរដ្ឋ​ជាង ១០០គ្រួសារ ដែលមាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាល​អំឡុង​ឆ្នាំ ២០១២ ។ ពួកគេ​អះអាងថា ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល​មួយ​នេះ បាន​បណ្តេញ​ពួកគេ​ចេញពី​លំនៅ ដ្ឋា​ន ដោយ​ពុំបាន​ផ្តល់​សំណង​អ្វី​ទាំងអស់៕


© រក្សាសិទ្ធិដោយ thmeythmey.com