សង្គមអន្តរជាតិ
អន្តរជាតិ
បវរកញ្ញាកូនកាត់បង្កភាពចម្រូងចម្រាសនៅជប៉ុន
× កាលពីថ្ងៃ១២មិនា ជប៉ុនបានសម្រេចជ្រើសរើសកញ្ញា Ariana Miyamoto អោយជាប់ឈ្មោះជាបវរកញ្ញាប្រចាំប្រទេសឆ្នាំ២០១៥ ។ ប៉ុន្តែ ការជ្រើសរើសនេះបានបង្កភាព ចម្រូងចម្រាសពេញស្រុក ដោយសារតែបវរកញ្ញារូបនេះមិនមែនជាជនជាតិជប៉ុន១០០ភាគរយ។ នាងជាកូនកាត់ជប៉ុន-អាមេរិក។
នេះជាលើកដំបូងបង្អស់ហើយ ដែលជប៉ុនមានបវរកញ្ញាជាកូនកាត់។ Ariana Miyamoto អាយុ២០ឆ្នាំ កំពស់១,៧៣ម៉ែត្រ មានឳពុកជាជនជាតិអាមេរិកាំងស្បែកខ្មៅ និងម្តាយជនជាតិជប៉ុន។ នាងនឹងតំណាងប្រទេសជប៉ុនចូលរួមការប្រកួតបវរកញ្ញាចក្រវាឡ២០១៥ ។ ការជ្រើសរើសAriana Miyamoto អោយជាប់ឈ្មោះជាបវរកញ្ញាជាតិ បានធ្វើអោយអ្នកជាតិនិយមជ្រុលមួយចំនួនខកចិត្តជាខ្លាំង។ ពួកគេបានហៅAriana ដោយប្រើពាក្យជាតិនិយមក្នុងភាសាជប៉ុនថា hafu មានន័យថា ជនជាតិជប៉ុនពាក់កណ្តាល។ អ្នកបណ្តាញសង្គម មួយចំនួនសរសេរបង្ហាញពីបំណងចង់ឃើញបវរកញ្ញាជាជនជាតិជប៉ុនសុទ្ធសាធ។ អ្នកខ្លះថែមទាំងសរសេរថា ការវិនិច្ឆ័យជ្រើសរើសនេះមានភាពអាថ៌កំបាំងទៀតផង។
មិនពិបាកនឹងឆ្ងល់ឡើយ ដែលបវរកញ្ញាកូនកាត់បង្កភាពចម្រូងចម្រាសក្នុងស្រុកជប៉ុន ព្រោះបើមើលទៅ ប្រជាជនជប៉ុនជាកូនកាត់ មានអត្រាតិចជាង២ភាគរយ ក្នុងចំណោមប្រជាជនសរុបក្នុងស្រុកជាង១២៧លាននាក់។ ដោយឡែក ក៏មានប្រជាជនមួយចំនួនយល់ស្របនឹងការជ្រើសរើសកញ្ញាAriana Miyamoto ជាបវរកញ្ញាជាតិផងដែរ។ ពួកគេយល់ថា ការជ្រើសរើសនេះសបញ្ជាក់ពីភាពបើកចំហនិងការអនុគ្រោះ។ ក្នុងពេលប្រកួត គេបានសួរកញ្ញាAriana Miyamoto ថា តើអ្នកណាជាអ្នកមានឥទ្ធិពលចំពោះនាង? នាងឆ្លើយថា គឺ Mariah Carey ព្រោះគាត់បានឆ្លងកាត់ការលំបាកជាច្រើន មុននឹងក្លាយជាអ្នកចម្រៀងដ៏មានប្រជាប្រិយ។ នាងបានប្រដូចខ្លួននាងទៅនឹងអ្នកចម្រៀងរូបនេះ ដោយបានលើកឡើងពីការតស៊ូប្រឈមនឹងការប្រកាន់ពូជសាសន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com