ជាតិ
NGO Forum នឹង​បង្ហាញ​បញ្ហា​ប្រឈម​នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម២ នៅ​ថ្ងៃទី២០
19, Mar 2015 , 4:46 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) នឹង​រៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ​វីដេអូ​ឯកសារ​ស្តីពី ទំនប់​វា​រី​អគ្គិសនី​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម​របស់​ប្រជា សហគមន៍ ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ នៅ​ថ្ងៃទី២០ ខែ​មិនា ឆ្នាំ ២០១៥ ។ នេះ​បើតាម​លោក តឹក សុវណ្ណារ៉ា នាយក​វេទិកា​នៃ​អង្គការក្រៅរដ្ឋាភិបាល​ស្តីពី​កម្ពុជា។



ខ្សែ​វីដេអូ​ឯកសារ​មាន​រយៈពេល​ជាង ២០នាទី នឹង​ចាក់​បង្ហាញ​ដើម្បី​ពង្រីក​ចំណេះដឹង ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គីសនី​សេ​សាន ២ ក្នុង​វេទិកា​នៃ​អង្គការ​មិនមែន រដ្ឋាភិបាល​ស្តីពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២០ ស្អែក។ នេះ​បើតាម​ប្រសាសន៍​របស់ លោក តឹក សុវណ្ណ​រ៉ា នាយក​ប្រតិបត្តិ​នៃ អង្គការ​មិនមែន​រដ្ឋាភិបាល។

នាយក​ប្រតិបត្តិ​រូបនេះ បាន​ឲ្យ​ដឹងថា វីដេអូ​នេះ បាន​ផ្តិត​យក​នូវ​ទិដ្ឋភាព​ពិត​ទាំងស្រុង ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​រស់នៅ​ផ្ទាល់​ក្នុង​សហគមន៍។ ជាមួយគ្នា នេះដែរ លោក​បញ្ជាក់ថា វីដេអូ​នេះ​ក៏​អាច​ចាត់ទុកថា ជា​ទស្សនៈ​ផ្នែក​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ទាក់ទង​ទៅនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ផងដែរ។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែល​នឹងមាន​តំណាង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អ្នកស្រាវជ្រាវ អាជ្ញាធរ​ជាតិ សមាជិក​សហគមន៍រ​ង​គ្រោះ​អ្នកចូលរួម​ជាង ៥០ នាក់ ចាប់ផ្តើម​ម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។

បើតាម​លោក តឹក សុវណ្ណារ៉ា អនុសាសន៍​ដែល​ទទួលបាន​ពី​ការពិភាក្សា​របស់ សហគមន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ធ្វើការ​ទៅលើ​បញ្ហា​នេះ នឹងត្រូវ​ដាក់ជូន​រដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​ពិចារណា​លើ​ការ សាងសង់​ទំនប់​អគ្គិសនី​នេះ​ឡើងវិញ។ លោក​ថា៖«ពលរដ្ឋ​រង ផលប៉ះពាល់​ជាង ៥០ភាគរយ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ពី​គម្រោង​នោះឡើយ ដូច្នេះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាងសង់​គួរ​ចុះទៅ​សិក្សា​ឡើងវិញ ជាមួយ​ប្រជាជន​ក្នុង​សហគមន៍​នោះ»។

គួររម្លឹកថា កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៤កន្លងមក រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ឡើង​បំភ្លឺ​ជូន​តំណាងរាស្ត្រ​នៅ​រដ្ឋសភា ជុំវិញ​គម្រោង​សាងសង់​ទំនប់ វា​រី​អគ្គិសនី​សេសា​ន​ក្រោម២ ស្ថិតក្នុង​អាង​ទន្លេសេសាន ក្នុង​ខេត្តស្ទឹងត្រែង។ លោក​ថា គម្រោង​នេះ ត្រូវបាន​សិក្សា​តាំងពី​ឆ្នាំ២០០៤មក​ម្លេះ ហើយ​លោក​បន្តថា ប្រជាជន​ជាង ៧០០ គ្រួសារ​ដែល​រង​ប៉ះពាល់​នោះ រដ្ឋ​បាន​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់។

គម្រោង​សាងសង់​នេះ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៧ ដោយ​ចំណាយ​ថវិកា​ជាង ៨០០លាន​អាមេរិក ហើយ​គម្រោង​នេះ​មាន​អនុភាព​អគ្គិសនី​ជាង ៤០០មេ​ហ្គា​វ៉ា​ត់ និង​បរិមាណ​ថាមពល​ជាង ២ពាន់​លាន​គីឡូវ៉ាត់ម៉ោង។ នេះ​បើតាម​ប្រសាសន៍​របស់ លោក ស៊ុយ សែម៕


© រក្សាសិទ្ធិដោយ thmeythmey.com