ជាតិ
លោក ស ខេង ទៅ​ប្រទេស​អូស្ត្រាលី ចុះហត្ថលេខា​MOUលើ​ប្រធានបទ អន្តោប្រវេសន៍
24, Mar 2015 , 12:08 pm        
រូបភាព
ដោយ: ថ្មីៗ

 
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ដំណើរ ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ចុះហត្ថលេខា ជាមួយ​លោក ភី​ថើ ឌុ​ច​សុន រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​និង​ការពារ​ព្រំដែន​អូស្ត្រាលី លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ស្ដីពី​កិច្ចសហប្រតិបត្តិការ អន្តោប្រវេសន៍ នៅ​មន្ទីរ​រដ្ឋសភា​នៃ​ទីក្រុង​កង់​ប៊ែ​រ៉ា។



យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស អូស្ត្រាលី របស់លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា ធ្វើឡើង​តប​តាម​ការអញ្ជើញ របស់​រដ្ឋាភិបាល​អូស្ត្រាលី គឺ​ចាប់ពី​ថ្ងៃទី២៤-២៧ខែមីនា។

សេចក្ដីប្រកាស​ព័ត៌មាន​បន្ដថា ការចុះ​អនុស្សរណៈ​នេះ សបញ្ជាក់​កាន់តែច្បាស់​ថែមទៀត ពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា-អូស្ត្រាលី ក្នុងការ​រួមគ្នា ប្រយុទ្ធប្រឆាំង រាល់​ការគំរាមកំហែង ផ្នែក​សន្តិសុខ ជាពិសេស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង អន្តោប្រវេសន៍​ខុសច្បាប់។

ក្នុងជំនួប​ជាមួយ​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃទី១២មីនា​កន្លងមក លោក ភី​ថើ ឌុ​ច​សុន Peteer Dutton រដ្ឋមន្ត្រី​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី​អូស្ត្រាលី បាន​បញ្ជាក់ថា អូស្ដ្រាលី​គ្រោង​បញ្ជូន​ជន​ភៀស​ខ្លូន​តាម​គោលការណ៍​ស្ម័គ្រចិត្ត មក​ប្រទេស​កម្ពុជា​ក្នុងការ​សាកល្បង ប្រមាណ​ជា ៤ ឬ ៥គ្រួសារ ជាបឋម​សិន។

លោក​ភី​ថើ ឌុ​ច​សុន Peteer Dutton បន្ថែមថា គម្រោង​សាកល្បង​ពី៤ ឬ៥គ្រួសារ ដើម្បី​ស្វែងយល់​ពី​ការតាំង​ទីលំនៅ​ក្នុងប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​ទំនុកចិត្ត​សម្រាប់​អ្នកស្ម័គ្រចិត្តក្រោយៗទៀត។ ហើយ​គម្រោង​បញ្ជូន​ជនភៀសខ្លួន​ស្ម័គ្រចិត្ត​មក​កម្ពុជា​នេះ គឺជា​ការផ្ដល់​ឱកាស​ទី​ពីរ​ដល់​ជនភៀសខ្លួន ក្នុងការ​ជ្រើសរើស​មក​នៅក្នុង​ប្រទេស​កម្ពុជា និង​អាច​ឲ្យ​ជនភៀសខ្លួន​បង្ហាញ​សមត្ថភាព​ផ្នែក​ជំនាញផ្សេងៗ ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ ៕



© រក្សាសិទ្ធិដោយ thmeythmey.com