ជាតិ
ពីនេះ ពីនោះ
គណបក្សនយោបាយនៅកម្ពុជាឈ្លោះគ្នាច្រើនជាងគិតពីប្រយោជន៍ជាតិ មិនយល់…?
×
ចាប់តាំងពីឆ្នាំ១៩៩៣មក គណបក្សនយោបាយខ្មែរតែងតែឈ្លោះគ្នារវាងបក្សនយោបាយ និងបក្សនយោបាយ។ បទពិសោធន៍អតីតកាលបានបង្ហាញថា អ្នកនយោបាយកាច់បំបាក់គ្នា បំបែកគណបក្សនយោបាយដែលជាដៃគូប្រជែងចោល។
ឧទាហរណ៍ជាក់ស្តែង គណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបានគេបំបែកទៅជាគណបក្សតូចៗជាច្រើន រហូតដល់ចុងក្រោយបង្អស់ គណបក្សនេះ គ្មានសល់កៅអីសូម្បីតែមួយកៅអីនៅរដ្ឋសភាជាតិ។ គណបក្សសមរង្ស៊ី គណបក្សលោកតា សឺន សាន។ល។ ក៏មានវាសនាមិនសូវខុសគ្នាដែរ។
មិនមែនតែជម្លោះរវាងគណបក្សនយោបាយ និងគណបក្សនយោបាយទេ។ តែសូម្បីតែក្នុងគណបក្សខ្លួនឯងនីមួយៗ ការប្រជែងកម្លាំងនយោបាយក៏កើតឡើងដែរ។ កាលពីពេលមុន ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាត្រូវបានបែងចែកជាពីរក្រុមធំ។ ក្រុមទី១ គឺក្រុមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមទី២ គឺក្រុមរបស់លោក ជា ស៊ីម។
នៅក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច អំណាចត្រូវបានបែងចែកជាពីរប្លុកដែរ។ ប្លុកទី១ គឺក្រុមព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងក្រុមទី២ គឺក្រុមរបស់ លោក ញឹក ប៊ុនឆៃ។ នៅក្នុងគណបក្សសង្ត្រោះជាតិឯណេះវិញ កម្លាំងនយោបាយក៏ត្រូវបានចែកចេញជាពីរដែរ។ កម្លាំងនយោបាយទី១ គឺក្រុមរបស់លោក សម រង្ស៊ី និងកម្លាំងនយោបាយទី២ គឺក្រុមលោក កឹម សុខា។
តាមរយៈបទពិសោធន៍នេះ អ្នកបោះឆ្នោតគិតថា អ្នកនយោបាយខ្មែរប្រហែលជាគិតពីជម្លោះ មិនថាក្នុងបក្ស ឬក្រៅបក្សទេ ច្រើនជាងគិតពីផលប្រយោជន៍រួមរបស់ជាតិ មិនយល់…?
© រក្សាសិទ្ធិដោយ thmeythmey.com