អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្បួនទ័ព​អា​មេ​រិ​ត្រូវ​ស្វាគមន៍​ដោយ​ចលនា​បាតុកម្ម​នៅ​អឺរ៉ុប​ខាងកើត
02, Apr 2015 , 2:48 pm        
រូបភាព

ក្បួន​កងទ័ព​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​បានបញ្ចប់​ដំណើរ​របស់ខ្លួន​ក្រោយ​ជិះ​ឆ្លងកាត់​តាម​ប្រទេស​មួយចំនួន​នៅ​តំបន់​អឺរ៉ុប​ខាងកើត។កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​និង​វត្តមាន​កងទ័ព​អាម​រិ​ក​ដើម្បី​ចង់​បញ្ជាក់​ពី​ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​អឺរ៉ុប​ប្រឆាំង​រុស្ស៊ី។ប៉ុន្តែ​គួរអោយ​សោកស្តាយ​ដែលមាន​ចលនា​បាតុកម្ម​ជាច្រើន​ប្រឆាំង​វត្តមាន​កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត។


រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត



ក្រោយពេល​រុស្ស៊ី​ក្រសោប​យក​ទឹកដី​ឧបទ្វីប Crimea ពី​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បន្តធ្វើ​សមយុទ្ធ​យោធា​នៅ​អឺរ៉ុប​ខាងកើត​ឥតឈប់ឈរ។ សហរដ្ឋអាមេរិក​បន្ត​បញ្ជូន​សព្វាវុធ កងទ័ព ប្រឹក្សា​យោធា ទៅកាន់​អ៊ុយ​ក្រែ​ន​និង​ទៅ​ចូលរួម​ធ្វើ​សមយុទ្ធ​ដោយ​ព្យាយាម​បង្ហាញ​ពី​តួនាទី​របស់ខ្លួន​ក្នុង​ការរក្សាសន្តិសុខ​ក្នុង​តំបន់។

កាលពីថ្មីៗនេះ គេ​ឃើញ​ក្បួន​រថយន្តយោធា​អាមេរិក​បើក​ឆ្លងកាត់​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត​ដើម្បី​បញ្ជាក់ថា​ខ្លួន​នៅចាំ​គាំទ្រ និង​រក្សា​សន្តិសុខ​នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​និង​អឺរ៉ុប​ទាំងមូល។ ក្បួន​រថយន្ត​រាប់រយ​គ្រឿង​និង​កងកម្លាំង​រាប់ពាន់នាក់​ចូលរួម​ក្នុង​ព្យុះ​ហយា​ត្រា​យោធា​នេះ ហើយ​គេ​ដឹងថា​ចម្ងាយ​ក្បួន​យោធា​នេះ​បើក​ឆ្លងកាត់​ប្រទេស​ប្រាំ​ដែលមាន​ចម្ងាយ ១៧៧០ គីឡូម៉ែត្រ ក្នុងនោះ​មាន​អេ​ស្តូ​នី លី​ទុយ​អា​នី ប៉ូឡូញ ឡេ​តូ​នី និង​សាធារណរដ្ឋ​ឆេ​ក។

ក្នុងពេលដែល​ក្បួន​យោធា​ឆ្លងកាត់ គេ​សង្កេតឃើញ​មាន​ប្រជាជន​ខ្លះ​កាន់​ទង់ជាតិ​ប្រទេស​របស់​ពួកគេ​និង​ទង់​សហរដ្ឋអាមេរិក ដែល​នេះ​បញ្ជាក់ថា​ពួកគេ​ស្វាគមន៍​វត្តមាន​យោធា​អាមេរិក​នៅលើ​ទឹកដី​រប​ស់​ពួកគេ។ ប៉ុន្តែ​ក្រៅពី​មាន​ប្រជាជន​ស្វាគមន៍ គេ​ក៏​សង្កេតឃើញ​មាន​ចលនា​បាតុកម្ម​ផុសផុល ប្រឆាំងនឹង​វត្តមាន​កងទ័ព​និង​សព្វាវុធ​អាមេរិក​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ដូចគ្នា​ដែរ។ ក្នុង​ចលនា​បា​តុម្ម​នេះ ក្រុមបាតុករ​បាន​លើក​បដា​ដែល​បង្ហាញ​ពី​ការមិន​ពេញចិត្ត​ចំពោះ​វត្តមាន​កងទ័ព​អាមេរិក ដោយ​ក្នុងនោះ​មានការ​ប្រើប្រាស់​ពាក្យបញ្ចើចបញ្ចើរ​ទាហាន​អាមេរិក​ផង។ សកម្មជន​មួយចំនួន​មកពី​ប្រទេស​ឆេ​កបាន​លើក​បដា​ដែលមាន​លើកឡើងថា៖« រថក្រោះ! ទេ អគុណ​ហើយ! អញ្ជើញ​ទៅផ្ទះ​អ្នក​វិញ​ទៅ គ្មាន​អ្នកណាម្នាក់​ត្រូវការ​ឡើយ»។

បើតាម​អ្នក​ដែល​ប្រឆាំង​លំ​ហាត់​យោធា​អាមេរិក និង​វត្តមាន​យោធា​នេះ បាន​បញ្ជាក់ថា បច្ចុប្បន្ន​មិនមែនជា​សម័យ​សង្គ្រាមត្រជាក់​ទេ ដូច្នេះ​វា​មិន​ទំនង​សោះ​ដែល​ចាំបាច់​ត្រូវបញ្ជូន​កងទ័ព​ច្រើនសន្ធឹក​សន្ធាប់​មក​ធ្វើ​សមយុទ្ធ​និង​ដង្ហែរ​ក្បួន​វែង​អន្លាយ​បែបនេះ​មកកាន់​អឺរ៉ុប​ខាងកើត។ ពួកគេ​បាន​បន្ថែមថា ក្បួន​យោធា​របស់​ក្រុង​វ៉ាស៊ីនតោន ជាការ​បង្អួត​សាច់ដុំ​ដាក់​រុស្ស៊ី​ច្រើនជាង ហើយ​ម្យ៉ាង​សកម្មភាព​យោធា​ទាំងនោះ​ជាការ​បង្ករឿង​និង​គ្រោះថ្នាក់ ដោយ​បង្កើន​ភាព​តានតឹង​រវាង​អឺរ៉ុប​និង​រុស្ស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com