ជាតិ
បទវិភាគ
អ្នក​រិះគន់​គេ គួរ​ធ្វើ​ខ្លួនឯង​ឲ្យ​ល្អ​ជាមុនសិន!
02, Apr 2015 , 2:53 pm        
រូបភាព
ដោយ:


នៅ​សង្គម​ប្រជាធិបតេយ្យ ការរិះគន់​សកម្មភាព​របស់​បុគ្គល ឬ​ស្ថាប័ន​ណាមួយ ដែល​ខ្លួន​មិន​ពេញចិត្ត គឺ​គេ​អាចធ្វើ​បាន​ដោយ​សេរី។ ការរិះគន់​ខ្លះ​ធ្វើឡើង​ក្នុងន័យ​ស្ថាបនា តែ​ការរិះគន់​ខ្លះទៀត​ធ្វើឡើង​ក្នុងន័យ​បន្តុះបង្អាប់ ។ តែ​យ៉ាងណាក៏ដោយ ច្បាប់​ក៏​មិនបាន​ហាមឃាត់​នោះឡើយ កុំ​ឲ្យ​តែ​បំពាន​ទៅលើ​សិទ្ធិ​អ្នកដទៃ។ ក៏ប៉ុន្តែ​ចំណុច ដែល​គួរអោយកត់សម្គាល់​នៅត្រង់ថា អ្នក​ដែល​រិះគន់​គេ​ចំពោះ​បញ្ហា​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត ចង់​ឲ្យ​គេ​កែប្រែ តែ​ខ្លួនឯង​គឺជា​មនុស្ស​មិន​ស្អាតស្អំ ឬ​កំពុងតែ​ប្រព្រឹត្ត​ទង្វើ​ដែល​ខ្លួន​កំពុង​រិះគន់​អ្នកដទៃ​នោះ។



ជាទូទៅ​ការអភិវឌ្ឍ​ទាំងឡាយ តែងតែ​ចាប់ផ្តើម​ពី​ការរិះគន់ ពោលគឺ​ការមើលឃើញ​នូវ​ចំណុច​ខ្វះខាត ដែល​ជួនកាល​អ្នក​ដែល​ធ្វើ មិនបាន​មើលឃើញ​ពី​កំហុស​របស់ខ្លួន​នោះឡើយ។ ប៉ុន្តែ គេ​នឹង​មើលឃើញ​នូវ​ចំណុច​ខ្វះខាត​ទាំងនោះ​វិញ នៅពេលដែល​អ្នកដទៃ​ជួយ​ប្រាប់  ឬ​រិះគន់ ដើម្បី​ស្ថាបនា។ នេះ​ប្រសិនបើ​បុគ្គល ឬ​ស្ថាប័ន​នោះ ចេះ​ស្តាប់ ចេះ​ទទួលយក​ពាក្យរិះគន់រ​បស់​គេ យកទៅ​គិតពិចារណា​រកហេតុ​ផល។

ជាការ​ពិតណាស់ នៅក្នុង​ប្រទេសមួយ ដែល​ប្រកាន់យក​នូវ​របប​ប្រជាធិបតេយ្យ គឺ​រដ្ឋ​នោះ​បើក​ឲ្យ​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ ពោលគឺ​អនុញ្ញាត​ឲ្យ​មាន​សំឡេង​ប្រឆាំង​ទៅនឹង​ទស្សនៈ​របស់​រដ្ឋាភិបាល​ផងដែរ។ មិនបាច់​ទៅ​និយាយ​ឯណា​ឆ្ងាយ​ក្រៅពី​សង្គម​កម្ពុជា​នោះទេ ។ នៅ​កម្ពុជា មតិ​ប្រឆាំង​មួយចំនួន ក៏​ត្រូវបាន​រដ្ឋាភិបាល បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​គណបក្សប្រឆាំង សង្គម​ស៊ីវិល សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ ធ្វើការ​រិះគន់​មិន​សំចៃ​ផងដែរ បើទោះបីជា​មតិ​រិះគន់​នោះ ត្រូវ​ច្រានចោល​ដោយ​មន្ត្រី​រដ្ឋាភិបាល​ជានិច្ចកាល ឬ​រដ្ឋាភិបាល​មិន​អនុវត្តតាម​ក៏ដោយ។ នេះ​ជា​រឿង​ពិត ដែល​យើង​ត្រូវតែទទួលស្គាល់​ទាំងអស់គ្នា។

ក៏ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅត្រង់ថា បុគ្គល ស្ថាប័ន ឬ​សកម្មជន​ដែលជា​អ្នក​រិះគន់​គេ​ទាំងនោះ គឺជា​អ្នក​ដែល​មិន​ស្អាតស្អំ ពោល​គឺជា​អ្នក​ដែល​កំពុងតែ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​ខ្លួនឯង​កំពុងតែ​រិះគន់ និង​មិន​ចង់​ឲ្យ​គេ​ធ្វើ។ មនុស្ស​ដូច្នេះ សម​នឹង​សុភាសិត​បុរាណ​ខ្មែរ​និយាយថា «លាង​គូថ​ខ្លួនឯង​មិនទាន់​ជ្រះ​ផង ទៅ​លាង​គូថ​គេ» ឬ«គីង្គក់ លក់​ថ្នាំ​ស្រែង»។ បញ្ហា​នេះ មាននៅ​សង្គម​ខ្មែរ​ច្រើនណាស់ ជាពិសេស គឺ​កើតមាន​ចំពោះ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល។

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន​អះអាងថា  គណបក្សប្រឆាំង តែង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា សម្បូរ​បក្សពួកនិយម គ្រួសារនិយម ពោលគឺ​សែស្រឡាយ​លោក ហ៊ុន សែន ឬអ្នកធំៗដទៃទៀត សុទ្ធ​តែមាន​តួនាទីខ្ពស់ៗនៅក្នុង​បក្ស និង​នៅក្នុង​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​គណបក្សប្រឆាំង​ខ្លួនឯង ក៏​មិន​ស្អាតស្អំ​ដែរ ពោលគឺ​សម្បូរ​ដោយ​បក្សពួកនិយម គ្រួសារនិយម​ដូច​តែ​គ្នា។ បញ្ហា​នេះ គេ​អាច​សង្កេតមើល​ក្នុង​ជួរ​គណបក្សប្រឆាំង​ទាំងអស់គ្នា ដោយ​ឈរលើ​មូលដ្ឋាន​ពិចារណា និង​កុំ​លង់​ក្នុង​ឆន្ទាគតិ ពោលគឺ​កុំ​ស្រឡាញ់​ទាំង​បិទ​ភ្នែក។ រឿងនេះ អ្នក​នៅក្នុង​ជួរ​គណបក្សប្រឆាំង ប្រាកដជា​បានដឹង​ច្បាស់។ កូន និង​ភរិយា ប្តី ប្រពន្ធ មន្ត្រីធំៗបក្សប្រឆាំង​មួយចំនួន ឬ​អ្នកមាន​លុយ​មកពី​ស្រុក​ក្រៅ​ខ្លះទៀត បាន​ក្លាយជា​អ្នកដឹកនាំធំៗនៅក្នុង​គណបក្ស​នេះ។

ងាក​ទៅ​មើល​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​វិញ ក៏​មិន​ខុសពី​គណបក្សប្រឆាំង​ប៉ុន្មាន​ដែរ ពោល​គេ​តែងតែ​រិះគន់​រដ្ឋាភិបាល​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​អស់សាច់។ ក៏ប៉ុន្តែ​សង្គម​ស៊ីវិល​ខ្លួនឯង ក៏​ពេលខ្លះ​ប្រព្រឹត្ត​អំពើពុករលួយ​មិន​អន់​ប៉ុន្មាន​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល ខ្លះ​កឹ​ប​កេង​ជំនួយ ប្រើ​សម្ភារៈ​របស់​ស្ថាប័ន​ខ្លួន ដើម្បី​ផលប្រយោជន៍​គ្រួសារ ឬ​ក្រុម​របស់ខ្លួន។ បើ​និយាយ​ពី​គ្រួសារនិយម​វិញ ក៏មាន​ផងដែរ​នៅក្នុង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ។ ដំណឹង​ជ្រើសរើស​ការងារ ថ្វីដ្បិតតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ តែ​ពួកគេ​បាន​ត្រៀម​ទុកដាក់​ឈ្មោះ​បងប្អូន​របស់ខ្លួន​រួចជាស្រេច​ហើយ បើទោះបីជា​អ្នកដទៃ​មាន​សមត្ថភាព​ជាង​ក៏ដោយ។ ពេល​ជួយ​សាច់ញាតិ​ខ្លួនឯង​ដែល​គ្មាន​សមត្ថភាព​បាន​ហើយ ទើប​ចាប់ផ្តើម​ជ្រើសរើស​អ្នកដទៃ។

 មួយវិញទៀត អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន តែងតែ​រិះគន់ថា លោក ហ៊ុន សែន កាន់អំណាច​យូរ ដែល​ការណ៍​នេះ​ធ្វើ​ប្រទេស​កម្ពុជា​មិនមាន​ការអភិវឌ្ឍ ឬ​មិនសូវ​មានគំនិតថ្មីៗ សម្រាប់​ដឹកនាំ ដោយសា​តែ​មេដឹកនាំដដែលៗ ដែល​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​នោះ ក៏ប៉ុន្តែ​នៅក្នុង​សង្គម​ស៊ីវិល មាន​មេដឹកនាំ​អង្គការ​ខ្លះ ដែល​ពួកគេ​រិះគន់​លោក ហ៊ុន សែន បែរជា​នៅ​ក្រាញ​អំណាច រាប់​អាណត្តិ មិន​ព្រម​លាលែង​ពី​តំណែង​ឲ្យ​អ្នកដទៃ​ដឹកនាំ​ម្តង ជាពិសេស​នៅក្នុង​ស្ថាប័ន​នោះ មិនមាន​ការបោះឆ្នោត ឬ​មិនមាន​កំណត់​អាណត្តិ​មេដឹកនាំ​សោះឡើយ។

 សរុបមក អ្វីដែល​បានលើកឡើង​ខាងលើ  មិនមែន​ហាម​មិន​ឲ្យ​សង្គម​ស៊ីវិល ឬ​គណបក្សប្រឆាំង​រិះគន់​ដើម្បី​ស្ថាបនា គណបក្សកាន់អំណាចរ​ប​ស់លោក ហ៊ុន សែន ដែល​បាន​ប្រព្រឹត្ត​កំហុស ក្នុងការ​ដឹកនាំ​របស់​លោក​ជាង ៣០ ឆ្នាំកន្លងមក​នោះទេ។ ការរិះគន់​ដើម្បី​ស្ថាបនា គឺជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ជាពិសេស​នៅក្នុង​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​បច្ចុប្បន្ន។ ក៏ប៉ុន្តែ អ្នក​រិះគន់​រដ្ឋាភិបាល ដែល​អះអាងថា ខ្លួនឯង​ជា​ក្រុម​ស្អាតស្អំ ត្រូវធ្វើ​ខ្លួនឯង ឬ​ក្រុម​ខ្លួន​ឲ្យ​បានល្អ​ផង មុននឹង​រិះគន់​គេ៕


© រក្សាសិទ្ធិដោយ thmeythmey.com