អន្តរជាតិ
រុស្ស៊ី​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​និង​ស្នើ​បញ្ឈប់​ការទម្លាក់​គ្រាប់​នៅ​យេ​ម៉ែន
04, Apr 2015 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធរុស្ស៊ី បាន​អំពាវនាវ​ឲ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ពិភាក្សា​ពី បញ្ហា​ជម្លោះ​និង​ការទម្លាក់​គ្រាប់បែក​របស់​រដ្ឋ​អារ៉ាប់​នៅ​យេ​ម៉ែន។ កិច្ចប្រជុំ​ស្នើឡើង​ដោយ​រុស្ស៊ី នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​បញ្ឈប់​អន្តរាគមន៍​ផ្លូវអាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពេល ដែលមាន​របាយការណ៍​ថា​ជន​ស៊ីវិល ជាពិសេស​ស្ត្រី និង​កុមារ​បន្ត​ស្លាប់​រាល់ថ្ងៃ​ដោយសារ​ការ ទម្លាក់​គ្រាប់បែក។



រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត


មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ម្នាក់​បានបង្ហាញ​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ការបន្ត​ធ្វើ សង្គ្រាម​ផ្លូវអាកាស​របស់​រដ្ឋ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងប្រទេស​យេ​ម៉ែន​ដើម្បី ប្រឆាំង​ក្រុម​ឧទ្ទាម Houthis ដែល​ភាគច្រើន​សម្លាប់​ជន​ស៊ីវិល។ ចំនួន​មនុស្ស​ស្លាប់​ជា​ជន​ស៊ីវិល​ជាពិសេស​ស្ត្រី​និង​កុមារ​កើនឡើង​យ៉ាង​រហ័ស ហើយ​មនុស្ស​របួស​ក៏​កើនឡើង​ដូចគ្នា​ដែរ។
បើតាម​ទិន្នន័យ​អង្គការសហប្រជាជាតិ​អ្នកស្លាប់​មកទល់​បច្ចុប្បន្ន​ដោយសារ​ការទម្លាក់​គ្រាប់បែក​កើន​ដល់ ៥១៩នាក់ ក្នុងនោះ​មាន​កុមារ​ជិត ៧០នាក់​ដែរ ហើយ​អ្នករបួស​កើនឡើង​ដល់ ១៧០០នាក់​ឯណោះ។

ឆ្លើយតប​ស្ថានភាព​អាក្រក់​នេះ ម្សិលមិញ​ប្រទេស​រុស្ស៊ី​ដែលជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ ក្រុមប្រឹក្សាសន្តិសុខ​ដែរនោះ បានប្រកាស​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​យេ​ម៉ែន ដោយ​រុស្ស៊ី​មាន​គោលបំណង​ចង់​ឲ្យ​មានការ បញ្ឈប់​ការទម្លាក់​គ្រាប់បែក​បន្តទៀត។ អ្នកនាំពាក្យ​រុស្ស៊ី​ប្រចាំ​នៅ​អង្គ​សហប្រជាជាតិ Aleksey Zaytsev បាន​បញ្ជាក់ថា កិច្ចប្រជុំ និង​ពិភាក្សាគ្នា​ពី​បញ្ហា​យេ​ម៉ែន​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​រុស្ស៊ី​ត្រៀមខ្លួន​ហើយ​ក្នុងការ​ស្នើសុំ​ឲ្យ​មានការ​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​របស់​រដ្ឋ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រឆាំង​ក្រុម​ឧទ្ទាម​យេ​ម៉ែន​ផង។

តាមពិតទៅ​បញ្ហា​ហិង្សា និង​ស្ថានភាព​កាន់តែ​អាក្រក់ឡើងៗ ក្រោយ​ពេលដែល​រដ្ឋាភិបាល ក្រុង​រី​យ៉ា​ដប​ញ្ជា​ឲ្យ​មានការ​ទម្លាក់​គ្រាប់​ប្រឆាំង​ក្រុម​ឧទ្ទាម​និកាយ​ស៊ី​អ៊ី​ត​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច។ អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាសថា​ខ្លួន​ទម្លាក់​គ្រាប់បែក​ក្រោយ​ទទួលបាន​ការស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​លោក Abedrabbo Mansour Hadi ដើម្បី​ការពា​រដ្ឋាភិបាល​ស្របច្បាប់​របស់​យេ​ម៉ែន​ផង។

យ៉ាងណាមិញ ការប្រើប្រាស់​អន្តរាគមន៍​យោធា​មិនមែនជា​ដំណោះស្រាយ​ក្នុង​បញ្ហា​ជម្លោះ​នៅ យេ​ម៉ែន​ឡើយ ប៉ុន្តែ​វា​កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​អាក្រក់ឡើងៗតែប៉ុណ្ណោះ។ ការប្រើប្រាស់ កម្លាំង​របស់​បណ្តា​រដ្ឋ​អារ៉ាប់ និង​មានការ​គាំទ្រ​ពី​ចក្រភព​អង់គ្លេស និង​អាមេរិក​ផង​នោះ បាន ប្រែ​ជម្លោះផ្ទៃក្នុង​យេ​ម៉ែន​ទៅជា​សង្គ្រាម​រវាង​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅវិញ​ព្រោះ​មានតែ ប្រជាជន​យេ​ម៉ែន​ជា​ជនរងគ្រោះ​ក្នុង​ជម្លោះ​នេះ។

សង្គ្រាម​នៅ​យេ​ម៉ែន​បច្ចុប្បន្ន​មិនបាន​ជួយ​ឲ្យ​បញ្ហា​គ្រប់យ៉ាង​ឈានដល់​ទីបញ្ចប់ឆាប់ៗនោះ ឡើយ ប៉ុន្តែ​វា​នឹង​អាច​ជំរុញ​ឲ្យ​ជម្លោះ​កាន់តែ​រីក​សាយភាយ​កាន់តែ​ធំ​នៅក្នុង​តំបន់​មជ្ឈិម បូព៌ា​ទាំងមូល​ក៏​ថា​បានដែរ។

គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន​អេ​ហ្ស៊ី​ប និង​អា​រ៉ា​ប៊ី​សា​អូ​ឌី គំរាម​បញ្ជូន​ទ័ពថ្មើរជើង​ទៅ ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម Houthisទៀត ដែល​នេះ​បង្ហាញថា ជម្លោះ​នេះ​លែង​ជា​ជម្លោះ​ក្នុង ប្រទេស​ទៀតហើយ។ មានមតិ​រិះគន់​សហគមន៍​អន្តរជាតិ និង​អង្គការ​តំបន់ ដោយ​គេ​អះអាងថា អង្គការ​ទាំងនោះ​គួរ​ធ្វើ​សកម្មភាព​ច្រើន​ជាមុន​ដើម្បី​បញ្ចប់​ជម្លោះ​នេះ មិនមែន​ឈរ​ចាំមើល​ការ លូកដៃ​ពី​ខាងក្រៅ​ចូលក្នុង​វិបត្តិ​ដូច​បច្ចុប្បន្ន​ឡើយ។ សហរដ្ឋអាមេរិក និង​លោកខាងលិច​ផ្សេង ទៀត​គាំទ្រ​រដ្ឋាភិបាល​យេ​ម៉ែន និង​អន្តរាគមន៍​យោធា​របស់​រដ្ឋ​អារ៉ាប់ ប៉ុន្តែ​អ៊ីរ៉ង់ ចិន រុស្ស៊ី ប្រឆាំង​ការអន្តរាគមន៍​យោធា​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com