អន្តរជាតិ
ចិន​ចាត់វិធានការ​ប្រឆាំង​ភាពយន្ត​គំនូរជីវចល​ជប៉ុន
04, Apr 2015 , 4:08 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​អង្គារ​កន្លងទៅ អាជ្ញាធរ​ចិន​បានប្រកាស​ចាត់វិធានកា​រ​ធ្ងន់​ចំពោះ​ភាពយន្ត​គំនូរជីវចល​ជប៉ុន ដែល​ធ្លាប់​ចាក់ផ្សាយ​តាម​ទូរទស្សន៍ ហើយ​ត្រូវ​ចុះផ្សាយ​ឡើងវិញ​ក្នុង​អ៊ី​ន​ថឺ​នេ​ត។ មូលហេតុ​គឺ​ដោយសារ​គំនូរជីវចល​ទាំងនេះ មាន​ខ្លឹមសារ​និង​រូបភាព​ដែល​អាច​ជំរុញក្មេងៗអោយ​ធ្លាក់​ក្នុង​អំពើហិង្សា ភាព​ពាលា​អាវ៉ាសែ អាសអាភាស និង​ភេរវកម្ម។ 



មាន​ភាពយន្ត​គំនូរជីវចល​ជប៉ុន​ចំនួន២៩ ដែល​បាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រួចហើយ តែ​ត្រូវបាន​ក្រសួង​វប្បធម៌​ចិន​ហាមឃាត់​ចុះផ្សាយ​ឡើងវិញ​តាម​អ៊ី​ន​ថឺ​នេ​ត។ គំនូរជីវចល​ទាំងនេះ​មានដូចជា​រឿង Blood-C រឿង Highschool of The Dead រឹ​ក៏​រឿង​Samurai Champlooជាដើម។ 

ក្នុង​រឿង Blood-C តួឯក​ស្រី​ដែលមាន​កាតព្វកិច្ច​កំចាត់​សត្វ​ចម្លែក មាន​រូបរាង​ជា​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ១៨ឆ្នាំ​នៅឡើយ។ ក្មេងស្រី​នេះ​បាន បញ្ចេញ​សកម្មភាព​ហិង្សា​ជ្រុល​ហួសហេតុ។ ក្នុង​រឿង​Highschool of The Dead វិញ គេ​ឃើញ​តួអង្គ​សិស្សសាលាស្រីៗមាន​គល់​ដោះធំៗ និង​បង្ហាញ​ខោ​ទ្រនាប់​ពួកគេ​ទៀតផង។ គេ​មិនដឹងថា ក្នុង​ហេតុផល​អ្វី ទើបបានជា​ជប៉ុន​បង្កើត​រូបភាព​គំនូរជីវចល​បែប​អាសអាភាស​ដូច្នេះ​ទេ។ បើ​គេ​មើល​រឿង​Samurai Champloo វិញ គេ​ឃើញ​តួអង្គ​យុវវ័យ២នាក់​បាននាំគ្នា​ធ្វើ​សកម្មភាព​លួច​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម និង​បំផ្ទុះ​គ្រាប់បែក​នៅតាម​សង្កាត់​ជាច្រើន​ក្នុង​ទីក្រុង​តូ​ក្យូ។ ខណៈ​ភាពយន្ត​គំនូរជីវចល​ប្រភេទ​នេះ​ត្រូវបាន​គេ​និយម​ច្រើន​នៅ​អឺរ៉ុប អាជ្ញាធរ​ចិន​មិនអាច​ទទួលយក​រូបភាព​ទាំងអស់នេះ​បានទេ ពិសេស​រូបភាព​បែប​អាសអាភាស​របស់​កុមារី​ដែល​មិនទាន់​ពេញវ័យ។

ដោយឡែក អាជ្ញាធរ​ចិន​មិនបាន​ប្រាប់ថា តើ​ចាត់វិធានការ​អ្វីខ្លះ​ចំពោះ​គំនូរជីវចល​ជប៉ុន​ទេ។ បើ​យោងតាម​ទូរទស្សន៍ BBC វេ​ប​សាយ​ដែល​ចង់​ចុះផ្សាយ​គំនូរជីវចល​ទូរទស្សន៍​ឡើងវិញ ត្រូវតែមាន​អាជ្ញាប័ណ្ណ​ចេញ​ដោយ​រដ្ឋអំណាច​ចិន​ជាមុនសិន។ នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​ចិន​កំណត់ព្រំដែន​នៃ​ការចុះផ្សាយ​វីដេអូ​បរទេស​ក្នុង​អ៊ី​ន​ថឺ​នេ​ត។ កាលពី​ខែ​មុន ក្រុង​ប៉េកាំង​បាន​រឹតបន្តឹង​វេ​ប​សាយ​ដែល​ចែករំលែក​វីដេអូ​និយាយ​ជា​ភាសា​អង់គ្លេស ដោយ​ទាមទារ​អោយ​អ្នក​ចុះផ្សាយ​ក្នុង​វេ​ប​សាយ បង្ហាញ​ឈ្មោះ​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ៕





© រក្សាសិទ្ធិដោយ thmeythmey.com