ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែវ រ៉េមី៖ «បើ​រដ្ឋាភិបាល​ផ្តាច់ការ ហេតុអ្វី​មាន NGOs រាប់ពាន់?»
14, Apr 2015 , 10:00 am        
រូបភាព
លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី
លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី
រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​កំពុង​ឆ្លើយឆ្លង​ពាក្យសំដី​រិះគន់​គ្នា​ស្តីពី​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​គ្រោង​អនុម័ត​ដោយ​រដ្ឋាភិបាល​នៅក្នុង​ខែឧសភា​ក្រោយនេះ។ នៅពេលដែល​តំណាង​សង្គម​ស៊ីវិល​ចោទប្រកាន់​រដ្ឋាភិបាល​ថា​កំពុង​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល​ក៏​ប្រតិកម្ម​វិញ​ថា ការ​ចងក្រង​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល គឺជា​រឿង​ស្របច្បាប់ ហើយ​ថា​កម្ពុជា​ក៏​មិន​បានធ្វើ​ខុសពី​ប្រទេស​នានា​ក្នុង​តំបន់​ឡើយ។


ប្រតិកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​គ្រោង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខែឧសភា​ក្រោយនេះ បាន​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយតប​បន្ទាន់។ នៅពេលដែល​លោក នី ចរិយា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា​ការអនុម័ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នេះ បង្ហាញ​អំពី​ការគ្រប់គ្រង​បែប​ផ្តាច់ការ​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​រិះគន់​វិញ​ថា «នេះ​ជាការ​អត្ថាធិប្បាយ​បែប​អនាធិបតេយ្យ»។

«ការអត្ថាធិប្បាយ​របស់​ក្រុម​សង្គម​ស៊ីវិល​មកលើ​រដ្ឋាភិបាល មាន​លក្ខណៈ​បះបោរ និង​ប្រមាថ។ អ្វី​ទៅ​ថា​រដ្ឋាភិបាល​ផ្តាច់ការ? បើ​រដ្ឋាភិបាល​ផ្តាច់ការ តើ​វា​អាចមាន NGOs រាប់ពាន់​អ៊ីចឹង? នៅ​ជុំវិញ​កម្ពុជា ប្រទេស​ណា​ក៏មាន​ច្បាប់​គ្រប់គ្រង NGOs ដែរ»។ នេះ​ជាការ​ពន្យល់​របស់លោក កែវ រ៉េមី ដែល​បាន​រំលឹក​ខ្លឹមសារ​មាត្រា៤២នៃ​រដ្ឋធម្មនុញ្ញ​ដូច​លោកនាយក​រដ្ឋមន្ត្រី​ដែរ ដែល​ចែងថា «ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្សនយោបាយ ប៉ុន្តែ​ថា​សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់»។

បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​រដ្ឋាភិបាល​ដដែល ការគ្រប់គ្រង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​សង្គម​ស៊ីវិល គឺជា​រឿង​ចាំបាច់​មួយ​ដែល​ត្រូវ​មានចែង​នៅក្នុង​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូង ចម្រាស​នេះ។ លោក កែវ រ៉េមី បន្ត​ប្រាប់​សារព័ត៌ថ្មីៗយ៉ាង​ដូច្នេះ​ថា៖«សេចក្តីព្រាងច្បាប់​នេះ មិនមែន​សម្រាប់តែ​កម្ពុជា​តែមួយ​ទេ។ វា​នឹង​ជួយ​ដល់​ការថែរក្សា​សន្តិសុខ​ជាតិ​ផង និង​សន្តិសុខ​ក្នុង​តំបន់​ផង ដើម្បី​ប្រឆាំង​អំពើ​ភេរវកម្ម។ ខ្ញុំ​សង្កេតឃើញថា NGOs ដែល​ត្រឹមត្រូវ​មិនបាន​បង្ហាញ​ការតវ៉ា​ណាមួយ​ទេ។ មានតែ NGOs មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិន​ពេញចិត្ត»។

តំណាង​សង្គម​ស៊ីវិល​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ប្រឆាំង​គម្រោង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល របស់​រដ្ឋាភិបាល។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​បានប្រកាស​នា​ថ្ងៃអាទិត្យ​ទី៥មេសា ថា​រដ្ឋាភិបាល​របស់លោក​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​នៅក្នុង​ខែឧសភា មុននឹង​បញ្ជូនទៅ​រដ្ឋសភា៕



© រក្សាសិទ្ធិដោយ thmeythmey.com