អន្តរជាតិ
គីមី​វិទូ​នៅ​Stanford ផលិត​ថ្ម​ទូរ​សព្ទ​ពី​អាលុយមីញ៉ូម ដែល​អាច​សាក​ពេញ​ក្នុងពេល ១ នាទី
10, Apr 2015 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុម​អ្នក​គីមីវិទ្យា​នៅ​សាកលវិទ្យាល័យ Stanfordបាន​បង្កើត​ថ្ម​សម្រាប់​ប្រើ​ក្នុង​ទូរ​សព្ទ smartphonesប្រភេទ​ថ្មី​មួយ​ផលិត​ពី​អាលុយមីញ៉ូម ដែល​វា​អាចបំពេញ​មុខងារ​បាន​ល្អ​ជាង​ថ្ម​ទូរ​សព្ទ​ដែល​ផលិត​ពី​អ៊ីយ៉ុង​លី​ចូ​ម ដែល​គេ​កំពុង​ប្រើ​នៅក្នុង​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ននេះ ដោយ​ប្រើពេល​សាក​តែ ១ នាទី​តែប៉ុណ្ណោះ។នេះ​បើ​យោងតាម​កាសែត New York Daily New។



លោក Hongiie Dai សាស្ត្រាចារ្យ​គីមី​សាស្ត្រ​នៅ​សាកលវិទ្យាល័យ Stanfordបាន​ឲ្យ​ដឹងថា​ការបង្កើត​ថ្ម​ពី​អាលុយមីញ៉ូម គឺ​វា​អាច​ជំនួស​ថ្ម​ប្រភេទ​អាល់​កា​ឡាំង វា​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ហើយ​ពេលខ្លះ​វា​ក៏​អាច​ផ្ទុះ​ឆេះ​ផងដែរ។

កាលពីមុន​ក៏មាន​មន្ទីរពិសោធន៍​ផ្សេងទៀត បាន​ផលិត​ថ្ម​ទូរ​សព្ទ​ពី​អាលុយមីញ៉ូម​ផងដែរ វា​នឹង​ខូច​ប្រើ​លែងកើត​បន្ទាប់ពី​សាក​ថ្ម​ប្រើ​ឡើងវិញ​បាន ១០០ ដង​រួចមក ។ប៉ុន្តែ​ដោយឡែក ថ្ម​អាលុយមីញ៉ូម​ថ្មី​នេះ គឺមាន​សមត្ថ​ភាពខ្លាំង​ជាង​ថ្ម​អ៊ីយ៉ុង​លី​ចូ​ម​ធម្មតា​ដែលមាន​រយៈពេល​ប្រើ​រហូតដល់​ការ​សាក​ប្រើ​ឡើងវិញ ១០០០ ដង​ឯណោះ។

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អ្នកស្រាវជ្រាវ​ចង់​បង្កើត​ថ្ម​ទូរ​សព្ទ ពីសា​ធាតុ​អាលុយមីញ៉ូម​ប៉ុន្តែ​ដោយសារតែ​ពេលកន្លងមក​ក្រុម​អ្នកស្រាវជ្រាវ​បាន​បរាជ័យ​ក្នុងការ​បង្កើត​ថ្ម​ពី​អាលុយមីញ៉ូម ដែល​អាច​បញ្ចូល​ថ្ម​ក្នុង​រយៈពេល​ខ្លី និង​អាច​ប្រើ​បានយូរ​ដូច​ធម្មតា។ ម្យ៉ាងទៀត​ដោយសារ​ពួកគេ​មិនមាន​សមត្ថភាព​ក្នុង​ការផលិត​ថាមពល​ថ្ម​ឲ្យ​មាន​វ៉ុល​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​ក្នុង​ទូរ​សព្ទ​ដូច​ធម្មតា​បាន។ថ្ម​ទូរ​សព្ទ​ដែល​ផលិត​ពី​អាលុយមីញ៉ូម គឺអាច​ស្រូបយក​ថាមពល​អគ្គិ​នី ចូលទៅក្នុង​អេឡិចត្រូត​របស់​វា ដល់​ទៅ ២ ដង​បើ​ធៀប​នឹង​ថ្ម អ៊ីយ៉ុង​លី​ចូ​ម​ធម្មតា៕




© រក្សាសិទ្ធិដោយ thmeythmey.com