កីឡាជាតិ
ជាតិ
កីឡា ៥ ប្រភេទនឹងដាក់ឱ្យប្រកួតនិងសម្ដែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ
× យ៉ាងហោចណាស់មានកីឡាចំនួន ៥ ប្រភេទរួមមាន អុកចត្រង្គ, ទាញព្រ័ត្រ, ល្បុក្កតោ, ចំបាប់ និង ប្រណាំងរទេះគោ នឹងដាក់ឱ្យប្រកួត និង សម្ដែងក្នុងពិធីអង្គរសង្ក្រាន្ត អំឡុងចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែលរៀបចំនៅខេត្តសៀមរាប។
លោក នាក់ សើគីរីន ប្រធានក្រុមផ្នែករៀបចំល្បែងប្រជាប្រិយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាធ្លាប់បានលើកឡើងថា ការដាក់ឱ្យប្រទេសកីឡាទាំងនេះក្នុងពិធីអង្គរសង្ក្រាន្តគឺដើម្បីបង្ហាញពីសិល្បៈអរូបីរបស់កម្ពុជា តាំងពីបូរាណកាល ដែលបានចាក់ឫស យ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់សម័យកាល។
សម្រាប់អុកចត្រង្គ នៅសល់បេក្ខភាពចំនួន ៨ នាក់ដើម្បីប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០១៥ នៅមុខប្រាសាទអង្គរវត្ត តែម្ដង។ តាមគម្រោងជើងឯកនឹងទទួលបានប្រាក់ចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក ជើងឯករងនឹងទទួលបាន ៣០០០ ដុល្លារ ចំពោះអ្នកលេខ ៣ ទទួលបាន ២០០០ ដុល្លារ និងលេខ ៤ នឹងទទួល រង្វាន់លួងចិត្ត ៥០០ ដុល្លារ។
ចំណែកទាញព្រ័ត្រជាលក្ខណៈមិត្តភាពវិញ មានគម្រោងដាក់ឱ្យជាប់ក្នុងកំណត់ត្រាពិភពលោក (Guinness World Record)ដោយប្រកួតនៅថ្ងៃទី ១៤ ខែ មេសា ពោលគឺថ្ងៃទី ១ នៃពិធីចូលឆ្នាំខ្មែរ។ ខ្សែព្រ័ត្រមានប្រវែង ២៥០ម៉ែត្រ ស្របពេលអ្នកចូលរួមទាញមានចំនួនសរុប ២.៥០០នាក់ ក្បែរលានជល់ដំរី។
ចំណែក ការសម្ដែងក្បាច់គុនល្បុក្កតោ ប្រកួតកីឡាចំបាប់ និង ប្រណាំងរទេះគោ នឹងធ្វើឡើងទាំង ៣ ថ្ងៃក្នុងពិធីតែម្ដង ដោយប្រណាំងរទេះគោ ធ្វើឡើងនៅអង្គរឃ្យុងយូ ចាប់ពីម៉ោង ៣ រសៀលតទៅ និង មានខ្លះសម្ដែងនៅលានជល់ដំរី។
ក្រៅពីការប្រកួត និង សម្ដែងកីឡា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះក៏មានប្រគំតន្រ្តី តាំងពិពណ៌ពានិជ្ជកម្ម និង ឧស្សាហកម្ម ពិពណ៌ម្ហូបអាហារ លេងល្បែងប្រជាប្រិយ សម្ដែងរបាំប្រពៃណី និងកម្មវិធីកម្សាន្តនានា ជូនមហាជនទស្សនាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com