ជាតិ
នយោបាយជាតិ
សមាជិកគ.ជ.ប ថ្មីកំពុងមមាញឹកធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអគ្គលេខាធិការដ្ឋាន
×
ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោតថ្មីទាំងអស់ កំពុងតែមមាញឹកធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានគ.ជ.ប ។ នេះបើតាមប្រសាសន៍របស់ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ថ្មី ។
លោកប្រធានគ.ជ.ប ថ្មីរូបនេះ នៅមិនទាន់ប្រាកដថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចុះហត្ថលេខាលើសេចក្តីព្រាងនៃអនុក្រឹត្យនេះ ក្រោយពីលោកត្រឡប់មកពីក្រៅប្រទេសវិញនោះទេ។ « អគ្គលេខាធិការដ្ឋាននៃគ.ជ.ប មិនអាចដំណើរការបានទេ ប្រសិនបើគ្មានអនុក្រឹត្យនេះ។ យើងនៅមិនទាន់អាចបញ្ជាក់ពីឈ្មោះបេក្ខជនដែលនឹងក្លាយជាអគ្គលេខាធិការ គ.ជ.ប ថ្មីបានទេ។ ខ្ញុំក៏មិនអាចនិយាយបានថា អគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ ដាក់មនុស្សជាកូតាបក្សនោះដែរ » ។នេះជាការបញ្ជាក់របស់លោក ស៊ិក ប៊ុនហុក។
ក្រៅពីកំពុងមមាញឹកធ្វើសេចក្តីព្រាងអនុក្រឹត្យខាងលើ សមាជិកគ.ជ.ប ថ្មី ក៏កំពុងពិនិត្យមើលច្បាប់ស្តីលក្ខន្តិកមន្ត្រីរាជការដែរ ពីព្រោះការកែទម្រង់ការបោះឆ្នោតថ្មីនេះ បានកំណត់ឲ្យបុគ្គលិក គ.ជ.ប ទទួលបានក្របខណ្ឌដូចមន្ត្រីរាជការដែរ។លោក ស៊ិក ប៊ុនហុក បញ្ជាក់ដូច្នេះថា៖ « យើងកំពុងពិនិត្យបញ្ហានេះ ព្រោះយើងធ្វើឲ្យស្ថាប័ននេះជាស្ថាប័នធម្មនុញ្ញ ដែលឯករាជ្យ មិនក្រោមសម្ពាធពីខាងណាមួយ » ៕
© រក្សាសិទ្ធិដោយ thmeythmey.com