ជាតិ
លោក គឹម សេតារា កាន់តំណែងផ្លូវការជាប្រធានអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា ប្រធានថ្មីនៃអាជ្ញាធរជាតិព្រះវិហារ
× លោក គឹម សេតារា បានចូលកាន់តំណែងផ្លូវការជាប្រធានអាជ្ញាធរជាតិព្រះវិហារ បន្តពីលោក ជុច ភឿន តាមរយៈពិធីផ្លូវការមួយកាលពីថ្ងៃទី២៤ ខែមេសា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន។
យោងតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយ លោក ជា ស៊ីម ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៧ ខែមេសា លោក គឹម សេតារា ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរជាតិព្រះវិហារ ដែលមានឋានៈស្មើរដ្ឋមន្ត្រី លោក អ៊ុក តុបបុត្រា ជាអនុប្រធានដែលមានឋានៈស្មើរដ្ឋលេខាធិកា និងលោក គង់ ពុទ្ធិការ កាន់តួនាទីជាអគ្គនាយក។ ស្របពេលជាមួយគ្នានេះផងដែរ លោក ជុច ភឿន ដែលបានកាន់តំណែងជាប្រធានតាំងពីឆ្នាំ២០១០ ត្រូវបានតម្លើងជាប្រធានកិត្តិយសដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
អាជ្ញាធរព្រះវិហារ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ក្នុងទិសដៅការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិនៅតំបន់ប្រាសាទព្រះវិហារ។ លោក គឹម សេតារា សន្យាបន្តអភិវឌ្ឍន៍តាមគម្រោងដែលមានស្រាប់ ហើយបង្កើនការសាងសង់អាគារស្នាក់នៅសម្រាប់បុគ្គលិក និងពង្រីកការអភិវឌ្ឍន៍ធនធានមនុស្ស ។ ទោះបីជាយាងណាក៏ដោយ លោក ទទួលស្គាល់ថា លោកនឹងជួបបញ្ហាប្រឈមជាមួយចំនួន ដូចជាការទាក់ទាញ អ្នកជំនាញឲ្យពេញចិត្តរស់នៅតំបន់ព្រះវិហារ បញ្ហាធនធានមនុស្ស និងកង្វះថវិកា។
លោក គឹម សេតារា រៀនចប់មហាវិទ្យាល័យបុរាណវិទ្យាកាលពីឆ្នាំ១៩៩៥ ហើយបន្តការសិក្សាអនុបណ្ឌិតនៅសហរដ្ឋអាមេរិក និងអាហារូបករណ៍ Fulbright ផ្នែកនរវិទ្យាលើជំនាញសេដ្ឋកិច្ច និងនយោបាយ។ កាលពីឆ្នាំ២០០៤ លោកបានទទួលសញ្ញាបត្របណ្ឌិតពីប្រទេសស៊ុតអែតផ្នែកវិទ្យាសាស្ត្រនយោបាយ។ លោកបានចំណាយពេល១៣ឆ្នាំ ក្នុងការងារជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន CDRI៕
© រក្សាសិទ្ធិដោយ thmeythmey.com