អន្តរជាតិ
នយោបាយអន្តរជាតិ
នីហ្សេរីយ៉ាកម្ទេចជម្រកក្រុមបូកូហារ៉ាម និងសង្គ្រោះស្ត្រីជិត៣០០នាក់
×
កងកម្លាំងទាហានរដ្ឋាភិបាលនីហ្សេរីយ៉ាបានសង្គ្រោះស្ត្រីប្រហែល៣០០នាក់ដែលត្រូវបានក្រុមភេរវជនចាប់ជម្រិតនិងធ្វើជាទាសករផ្លូវភេទខណៈពេលកងទ័ពនេះវាយកម្ទេចមូលដ្ឋានក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមនេះនៅភាគខាងជើងប្រទេស។យ៉ាងណាក៏ដោយស្ត្រីដែលត្រូវបានសង្គ្រោះនោះមិនទាន់ត្រូវបានអះអាងពីរដ្ឋាភិបាលថាជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាក្មេងរងការជម្រិតកាលពីឆ្នាំមុននោះទេ។
ម្សិលមិញក្រោយប្រតិបត្តិការវាយកម្ទេចជម្រកក្រុមសកម្មប្រយុទ្ធប៉ូកូហារ៉ាម (Boko Haram) នៅភាគខាងជើងនីហ្សេរីយ៉ាកងកម្លាំងរដ្ឋាភិបាលបានជួយសង្គ្រោះស្ត្រីដែលជាជនរងគ្រោះ២៩៣នាក់ដែលត្រូវបានក្រុមនេះចាប់ធ្វើជាចំណាប់ខ្មាំងនិងទាសករផ្លូវភេទ។
បើយោងតាមលោក Chris Olukolade អ្នកនាំពាក្យការពារជាតិនីហ្សេរីយ៉ាកងម្លាំងរដ្ឋាភិបាលបានសង្គ្រោះក្មេងស្រី២០០នាក់និងស្ត្រី៩៣នាក់ផ្សេងទៀតក្នុងការបើកប្រតិបត្តិវាយកម្ទេចក្រុមបូកូហារ៉ាម។ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងនោះដើម្បីស្វែងរកក្រុមគ្រួសារ។
គួររម្លឹកផងដែរកាលពីខែមេសាឆ្នាំ២០១៤កន្លងទៅនេះក្រុមនេះបានចាប់ជម្រិតក្មេងស្រីប្រមាណ២៧៦នាក់នៅសាលាដែលស្ថិតនៅក្រុង Chibok និង Borno។ក៏ប៉ុន្តែជនរងគ្រោះទាំងនោះមិនទាន់ត្រូវបានរំដោះចេញពីក្រុមសកម្មប្រយុទ្ធនោះទេ។
យ៉ាងណាក៏ដោយជនរងគ្រោះទាំង២៩៣នាក់ដែលទើបតែសង្គ្រោះមិនទាន់មានការកំណត់ណាមួយដែលបង្ហាញថាជាទាក់ទងនិងករណីចាប់ជម្រិតក្មេងកាលពីឆ្នាំ២០១៤ដែរព្រោះករណីនៃការចាប់ជម្រិតទៅលើក្មេងស្រីនីហ្សេរីយ៉ាគឺមានច្រើនករណីណាស់។
គួរបញ្ជាក់ផងដែរក្រុមបូកូហារ៉ាមគឺក្រុមឥស្លាមជ្រុលនិយមដែលបានបង្កើតមូលដ្ឋាននៅក្នុងនីហ្សេរីយ៉ាហើយក្រុមនេះតែងតែប៉ះទង្គិចគ្នាជាមួយនឹងក្រុមកងកម្លាំងរដ្ឋាភិបាល។ជាពិសេសនោះពួកគេតែងតែចាប់ជម្រិតក្មេងស្រីដើម្បីធ្វើជាទាសករផ្លូវភេទនិងក្មេងប្រុសដើម្បីធ្វើជាសកម្មជនរបស់ពួកគេផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com