ជាតិ
ពីនេះ ពីនោះ
៥ចំណុច​ដើម្បី​ត្រៀមខ្លួន​ដាក់ពាក្យ​សុំ​អាហារូបករណ៍​ឲ្យ​បាន​ជោគជ័យ
30, Apr 2015 , 12:24 pm        
រូបភាព
ដោយ: ថ្មីៗ
ការដាក់​ពាក្យ​ដើម្បី​យក​អាហារូបករណ៍​ទៅ​រៀន​នៅក្រៅ​ប្រទេស គឺជា​ដំណើរ​ការដែល​យុវជន​ខែ្មរ​ភាគ ច្រើន​ចង់​ចេះ និង​ចង់ដឹង ប៉ុ​នែ្ត​មានការ​ធ្វេសប្រហែស​ក្នុងការ​រៀបចំ​ឯកសារ។ ខាងក្រោម​នេះ គឺជា​ការ ចែករំលែក​មួយចំនួន របស់​យុវជន​ខែ្មរ​ដែល​ធ្លាប់​ប្រលង​ជាប់​អាហា​រូប​ករ​ណ៏​ទៅ​រៀន​នៅក្រៅ​ប្រទេស៖



១. ការស្រាវជ្រាវ​ពី​ព័ត៌មាន​អាហារូបករណ៍៖ តាមរយៈ​ការប្រើ​អ៊ិន​ធ​រ័​ណិ​ត និង​ស្វែងរក​ក្នុង​គេហ​ទំ​ព​រ័ Google រក​ពាក្យ​ថា scholarship in 2015 or 2016 អ្នក​អាច​ទទួលបាន​ព័ត៌មាន​ជាច្រើន​ស្តីពី អាហារូបករណ៍​នៅក្រៅ​ប្រទេស។ អ្នក​ត្រូវធ្វើ​ការសិក្សា​ពី​ព័ត៌មាន​នៃ​អាហារូបករណ៍​នោះ​ដោយ​យកចិត្តទុកដាក់ ជាពិសេស​ទៅលើ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ដូចជា៖  អ្វីខ្លះ​ដែល​ត្រូវ​ផ្ញើជូន​សាលា​និង​ម្ចាស់ជំនួយ និង​កាលបរិច្ឆេទ​កំណត់​នៃ​ការដាក់​ពាក្យ។ អ្នកត្រូវការ​ពេលវេលា​មួយចំនួនធំ​ក្នុងការ​ស្វែងរក​អាហារូបករណ៍​ណា ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​ដែល​អ្នកមាន និង​មាន​ប្រធានបទ​ដែល​អ្នក​ចង់​រៀន។

.ការត្រៀមខ្លួន​ដើម្បី​ប្រឡង  TOEFL ឬ IELTS៖ តាមរយៈ​ការចែករំលែក​របស់​យុវជន ពេជ្រ គីម​តេង អ្នក​គួរ​ធ្វើការ​សាកល្បង​លំ​ហាត់​TOEFL ឬ IELTSជាមួយ​មិត្តភក្តិ​ជាពិសេស​លើ​ជំនាញ​នៃ​ការសរសេរ រួច​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន។ យុវជន ភក វិសាល ជ្រើសរើស​ការចូល​រៀន​វគ្គ ត្រៀមប្រលង​TOEFL ឬ IELTS មុនពេល​ប្រឡង​ដើម្បីអោយ​ខ្លួន​ទទួលបាន​ចំណេះដឹង និង​ទំនុកចិត្ត​ច្រើនជាង​មុន។ ក្រៅពីនេះ​យុវជន​វិសាល​ក៏​បន្ត​ប្រឹងប្រែង​រៀន​បន្ថែម​ដោយ​ខ្លួនឯង​ជាមួយ នឹង​លំ​ហាត់​TOEFL ឬ IELTSដែលមាន​នៅក្នុង​បណ្ណាល័យ​របស់​មហាវិទ្យាល័យ​ខ្លួន​ដែរ។

៣.ការប្រឡង TOEFL ឬ IELTS៖  យុវតី មាស វង្ស​លី​ណា ជ្រើសរើស​ការ​ទៅដល់​ទីតាំង ប្រឡង​អោយបាន​មុខ​ម៉ោង​ប្រឡង​ដើម្បី​កុំអោយ​មានការ​ភ័យខ្លាច​នៅពេល​ប្រឡង។ ម្យ៉ាងទៀត​អ្នក​ក៏មាន​ពេល​សាកល្បង​កម្រិត​សំឡេង​ដែល​អ្នក​ត្រូវ​ស្តាប់​នៅក្នុងពេល​ប្រឡង​ស្តាប់ ហើយ​អាច​ប្រាប់​គណៈមេប្រយោគ​អោយ​បន្ថយ ឬ​ដំឡើង​បាន​មុខ​ពេល​ប្រឡង ព្រោះ​ការបន្ថយ​នៅពេល​ប្រឡង​អាច​រំខាន​ដល់​ការ​ស្តាប់​របស់​អ្នក​ដោយសារ​ការ​ស្តាប់​មាន​ពេល​តែម្តង​ប៉ុណ្ណោះ។ យុវជន​ទាំងពីរ​ខាងលើ​ក៏​ធ្វើការ​ក្រើនរំលឹក​ផងដែរ​ថា បន្ទាប់ពី​ប្រឡង​រួច បើ​អ្នក​មិន​ពេញ​ចិត្តនឹង​ពិន្ទុ​TOEFL ឬ IELTSរបស់​អ្នក​ទេនោះ អ្នក​ក៏​មិនគួរ​ធ្វើការ​ប្រឡង​ឡើងវិញភ្លាមៗនោះដែរ អ្នក​គួរ​រៀនសូត្រ​បន្ថែម​ដើម្បី​ត្រៀម​អោយបាន​ល្អ​ជាង​មុខ និង សុំ​ប្រឹក្សា​ជាមួយ​គ្រូបង្រៀន​របស់​អ្នក​ដើម្បី​ទទួលបាន​យោបល់​បន្ថែម។

៤.ការរៀបចំ​ឯកសារ​ដើម្បី​ដាក់ពាក្យ​អាហារូបករណ៍៖ អ្នក​ក៏ត្រូវ​ត្រៀមខ្លួន​និង​ពេលវេលា​ក្នុងការ សរសេរ​ប្រវត្តិរូប​សង្ខេប(CV) សរសេរ​លិខិត​បង្ហាញ​ពី​ការ​បេ្ត​ជ្ញា​ចិត្ត ( Motivation letter) សំបុត្រ​បញ្ជាក់​ប្រវត្តិ​ការងារ(Recommendation letters) បញ្ជាក់​សញ្ញាបត្រ ឬ​ពិន្ទុ(Transcript certification) ប្រឡង​TOEFL ឬ IELTSដើម្បី​បង្ហាញ​សមត្ថភាព​ភាសា​អង់គ្លេស បំពេញ​ទម្រង់ បែបបទ​របស់​សាលា ឬ​ម្ចាស់ជំនួយ(Filling application form)ជាដើម។ ករណី​មុខជំនាញ​បែប​វិទ្យាសាស្ត្រ​ខ្លះ និស្សិត​ត្រូវ​សរសេរ​ឯកសារ​ស្រាវជ្រាវ ( Research paper)ដើម្បី​បង្ហាញ​ពី​ចំណេះដឹង របស់​អ្នក​លើ​ការ​មុខជំនាញ​បែប​វិទ្យាសាស្ត្រ​ដែល​អ្នកសិក្សា។ ការសរសេរ​លិខិត​បង្ហាញ​ពី​ការ​បេ្ត​ជ្ញា​ចិត្ត មាន​សារៈសំខាន់​ណាស់​សំរាប់​ការដាក់​ពាក្យ​រៀន អ្នក​ត្រូវ​សរសេរ​បែបណា​ដែល​បង្ហាញថា​អ្នកនឹង ត្រឡប់មក​ប្រទេស​កំណើត​របស់​អ្នក​វិញ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​អាស្រ័យ​ទៅតាម​ជំនាញ​ដែល​អ្នក​បាន​សិក្សា។ អ្នក​ក៏ត្រូវ​បញ្ជាក់​ពី​មូលហេតុ​អ្វីដែល​អ្នក​ជ្រើសរើស​មុខជំនាញ​មួយ​នោះ និង​ថា​តើ​ជំនាញ​មួយ​នោះ​នឹង​ឆ្លើយតប​នឹង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យ៉ាងដូចម្តេច? ការធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប​សង្ខេប (CV)របស់​អ្នក ដើម្បី​បង្ហាញថា​អ្នកមាន​បទពិសោធន៍​ជាមួយនឹង​មុខជំនាញ​ដែល​អ្នក​ចង់​សិក្សា​ក៏​ជា​ចំណុច​សំខាន់​ដែល​អ្នក​មិនគួរ​មើលរំលង។

៥.ការត្រៀមខ្លួន និង​ឆ្លើយតប​នឹង​សំនួរ​របស់​ម្ចាស់ជំនួយ៖នេះ​ជា​ចំណុច​ចុងក្រោយ​តែ​ក៏មាន​សារៈសំខាន់ ព្រោះ​ជួនកាល​សាលា​ដែល​អ្នកដាក់ពាក្យ ឬ​ម្ចាស់ជំនួយ​ចង់បាន​ឯកសារ​បន្ថែម​អ្វីមួយ ដូច្នេះ​អ្នក​ត្រូវ​ត្រួត​ពិនិត្យមើល​សារ​អេឡិចត្រូនិក(Email)របស់​អ្នក​អោយបាន​ញឹកញាប់៕

សូម​ជូនពរ​សំណាងល្អពី ​ស្ត្រី​ខ្មែរ

www.streikhmer.wordpress.com
[email protected]




© រក្សាសិទ្ធិដោយ thmeythmey.com