អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​ស៊ី​លបាញ់​ពី​នាវាមុជទឹក​ថ្មី​របស់​កូរ៉េខាងជើង ធ្វើ​ឲ្យ​អាមេរិក​ភ្លឺភ្នែក
10, May 2015 , 3:00 pm        
រូបភាព

កូរ៉េខាងជើង​បានធ្វើអោយ​ពិភពលោក​ភ្ងា​ក់​ផ្អើល​ជាថ្មីទៀត​ដោយ​ប្រកាស​ពី​ម្សិលមិញ​នេះ​ថា ខ្លួន​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​ពិសេស​បាញ់​ចេញពី​នាវាមុជទឹក។  បើ​វា​ជាការ​ពិតមែន វា​បញ្ជាក់ថា កូរ៉េខាងជើង​ក្រៅពី​មាន​កាំជ្រួច​នុយក្លេអ៊ែរ ប្រទេស​នេះ​អាច​សម្រេច​ផលិត​ប្រភេទ​អាវុធ​យុទ្ធសាស្ត្រ​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​ហើយ។ ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា អាវុធ​ប្រភេទ​នេះ​ចំណាយ​ច្រើនណាស់ មិនគួរ​កូរ៉េខាងជើង​អាច​ផលិត​បាន​លឿន​ដូច្នេះ​ទេ។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ




មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​ពី​ម្សិលមិញ​ថា កូរ៉េខាងជើង​សម្រេច​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក។ មេដឹកនាំ​រូបនេះ​បានចាត់ទុក​អាវុធ​ថ្មី​នេះ ជា​អាវុធ​យុទ្ធសាស្ត្រ​កម្រិត​ពិភពលោក និង​ការបាញ់​សាកល្បង​ជោគជ័យ​អាវុធ​ថ្មី​នេះ ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជាតិ​កូរ៉េខាងជើង​ថែមទៀត។  ប៉ុន្តែ​បើ​វា​ជា​រឿង​ពិតប្រាកដ ការផលិត​អាវុធ​និង​បាញ់​សាកល្បង​ជាថ្មី​នេះ រំលោភ​លើ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​មិនអាច​ប្រកែក​បានឡើយ។

 ក្រៅពី​រំលោភច្បាប់​អន្តរជាតិ សកម្មភាព​កូរ៉េខាងជើង​នេះ មិនមែនជា​រឿង​ធម្មតា​ឡើយ​សម្រាប់​តំបន់។ សម្រាប់​អ្នកជិតខាង​និង​ជាស​ត្រូវ​កូរ៉េខាងជើង រួមទាំង​សហរដ្ឋអាមេរិក​ផង​នោះ ទំនងជា​ព្រឺ​ខ្នង​បន្តិច​ដែរ នៅពេល​លឺ​ព័ត៌មាន​នេះ។ គ្រាន់តែ​លឺ​កូរ៉េខាងជើង​ប្រកាស​ពី​អាវុធ​ថ្មី​ភ្លាម ក្រុង​វ៉ាស៊ីនតោន​បានបង្ហាញ​ប្រតិកម្ម​ភា្លមៗ ដោយ​ស្នើ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​ណា​ដែល​បង្ក​ការគំរាមកំហែង និង​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​ទៀត។

 នេះ​ក៏ដោយ​សារ មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​អាចជួយ​អោយ កងកម្លាំង​កូរ៉េខាងជើង​អាច​បត់បែន​តាម​កាលៈទេសៈ​ក្នុងការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រយុទ្ធ និង​អាច​វាយឆ្មក់​សត្រូវ​បាន​បាន​ជិត​ឆ្ងាយ​ពិសេស​ជាង​ពេលណា​ទាំងអស់។ កាលមុនៗ គេ​មិនសូវ​ខ្វាយខ្វល់​ប៉ុន្មាន​រឿង​ការគំរាមកំហែង​របស់​ក្រុង​ព្យុងយ៉ាង​ឡើយ បើទោះជា​ប្រទេស​នេះ​គំរាម​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។ ប៉ុន្តែ​ការប្រកាស​ជោគជ័យ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​នេះ បញ្ជាក់ថា​សមត្ថភាព​វាយប្រហារ​របស់​ក្រុង​ព្យុងយ៉ាង​ពេលនេះ កាន់តែ​ខ្ពស់​និង មិន​ដូច​លោកខាងលិច​ធ្លាប់​រំពឹងទុក​ឡើយ។

បើទោះជា​ប្រមុខរដ្ឋ​កូរ៉េខាងជើង​បញ្ជាក់ ពី​ជោគជ័យ​ពិសេស​នេះ​ក្តី គេ​មិនទាន់​បានទទួល​ព័ត៌មាន​ជាក់ច្បាស់​ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​នេះឡើយ។ ចំណែក​ខាង​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​បាន​លួច​បញ្ចេញ​រូបភាព​ដែលមាន​បង្ហាញ​ពី​ការបាញ់​កាំជ្រួច​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក ហើយ​រូបភាព​ផ្កាយរណប​ដែល​ថត​បាន​កាលពីថ្មីៗនេះ ក៏បាន​បង្ហាញ​ផងដែរ​ថា កូរ៉េខាងជើង​បានសម្រេច​បំពាក់​កាណុង​មួយគូ​នៅលើ​នាវាមុជទឹក សម្រាប់​បាញ់​កាំជ្រួច​មី​ស៊ី​បាលី​ស្ទិ​ក ឬ​កាំជ្រួច​មី​ស៊ី​ល​ធម្មតា។ បើតាម​រូបភាព​ដែល​បង្ហាញ​ចេញមុខ​នោះ គេ​អាច​វាយតម្លៃ​បាន​ថា កូរ៉េខាងជើង​ពិតជា​បានសម្រេច​ជោគជ័យ​ក្នុងការ​ផលិត​និង​បាញ់​សាកល្បង​អាវុធ​ប្រភេទ​ថ្មី​នេះ​មែន។ ប៉ុន្តែ​ចំពោះ​ពេលវេលា​នៃ​ការបាញ់​សាកល្បង និង​នៅទីណា​នោះ​មិនមាន​ការបញ្ជាក់​ច្បាស់​ឡើយ។

ចំណែក​អ្នកវិភាគ​មួយចំនួន​នៅ​មិនទាន់​ជឿជាក់ថា គីម​ជុង​អ៊ុន អាច​សម្រេច​ផលិត​អាវុធ​ថ្មី​និង​បាញ់​សាកល្បង​បាន​ជោគជ័យ​រហ័ស​បែបនេះ​ទេ។ ពួកគេ​បាន​សង្កត់ធ្ងន់ថា អាវុធ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ ចំណាយលុយ​ច្រើន និង​បច្ចេកវិទ្យា​ទំនើប​ណាស់​ដើម្បី​ផលិត។ ហើយ​បើតាម​ស្ថានភាព​កូរ៉េខាងជើង​បច្ចុប្បន្ន ម្តេច​នឹង​អាច​ផលិត​អាវុធ​នេះ​បាន។ ប៉ុន្តែ​ការវាយតម្លៃ​នេះ​ត្រូវបាន​បដិសេធ​ដោយ​លោក Dan Pinkston អ្នកជំនាញ​សមាជិក​វិបត្តិ​អន្តរជាតិ​ពី​ក្រុង​សេ​អ៊ូ​ល។ អ្នកជំនាញ​រូបនេះ​បាន​សង្កត់ធ្ងន់ថា វា​មិនមែនជា​ឧបសគ្គ​ឡើយ ប្រសិនជា កូរ៉េខាងជើង​ចង់បាន​អី្វ​ហើយ គេ​នឹង​ព្យាយាម​ផលិត​វា​ទាល់តែ​បាន និង​រហ័ស​តាម​ដែល​អាច​ធ្វើបាន​ថែម​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com