អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន​ចង់​ប្រែ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ទៅជា​តំបន់​ទេសចរណ៍
12, May 2015 , 8:15 pm        
រូបភាព
ដោយ:
 
អវត្តមាន​នៃ​យន្តការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បានធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង នៅក្នុង​រយៈពេល​ចុងក្រោយ​រវាង​ប្រទេស​វៀតណាម ហ្វីលីពីន ជាមួយ​មហា​យក្ស​ចិន។  យ៉ាងណាក៏ដោយ ដើម្បី​បញ្ជៀ​ស​ការប្រឈមមុខគ្នា​កាន់តែខ្លាំង រដ្ឋាភិបាល​ហ្វីលីពីន បានសម្រេច​ថា​នឹង​អភិវឌ្ឍ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ខ្លួន​កំពុង​គ្រប់គ្រង ឲ្យ​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​វិញ។



ម្សិលមិញ​នេះ រដ្ឋាភិបាល​ហ្វីលីពីន បានប្រកាស​ពី​គម្រោង​កែប្រែ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​វិញ។ ការកែប្រែ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​រក្សា​នូវ​សន្តិភាព និង​ទប់ស្កាត់​ការប្រឈមមុខគ្នា​ផ្នែក​យោធា ជាមួយ​ចិន ដែលជា​ភាគី​តែមួយគត់ ដែល​ឥទ្ធិពល​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

ហ្វីលីពីន នឹង​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​នេះ ជំនួស​ការប្រើ​កម្លាំង​ទ័ព​ដោយ​គ្រប់គ្រង​តំបន់​ជម្លោះ​ដោយ​សន្តិភាព និង ធ្វើ​ឲ្យ​ការគ្រប់គ្រង​របស់ខ្លួន កាន់តែ​ស្របច្បាប់​ផង​នោះ ។ នោះ​គឺ ហ្វីលីពីន នឹង​អភិវឌ្ឍ​តំបន់​ជម្លោះ ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាប់ ភ្ញៀវ​ជាតិ និង អន្តរជាតិ។

ក្រៅពី​លើកកម្ពស់​សន្តិភាព​នៅក្នុង​តំបន់ ការកែប្រែ​តំបន់​ជម្លោះ​នេះដែរ គឺជា​យន្តការ​តែមួយគត់ ដែល​អាច​បញ្ឈប់​នូវ​ការ​វាតទី​ដោយ​ខុសច្បាប់​របស់​ចិន ដែល​កំពុងតែ​បន្តធ្វើ ដោយ​គ្មាន​ប្រទេស​ពាក់​ព​ន្ធ័​ណាមួយ​ហ៊ាន​បញ្ឈប់​សកម្មភាព​នោះទេ។ ជុំវិញ​នៃ​ការអភិវឌ្ឍន៍​នេះដែរ នាវា និង យន្តហោះ​ដឹក​អ្នកដំណើរ​ជាច្រើន នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​កោះ។

យ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍​តំបន់​ជម្លោះ​នេះ ពិតប្រាកដ​ណាស់ នឹងធ្វើ​អោយមាន​ការប៉ះពាល់ ក៏ដូចជា​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​កំពុង​ដាក់ពង្រាយ​ទ័ព​ល្បាត​របស់ខ្លួន និង សាងសង​ប្រព​ន្ធ័​ផ្កាយរណប​នៅក្នុង​តំបន់​នោះទេ​ស្រាប់។

ពាក់​ព​ន្ធ័​នឹង​គម្រោង​នេះដែរ គេ​អាច​ទស្សន៍ទាយ​បាន​ថា សន្តិភាព​នៅក្នុង​តំបន់​ជម្លោះ គឺ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់។ហ្វីលីពីន អាច​នឹងត្រូវ​ប្រឈម​ជាមួយនឹង​បញ្ហា​ច្រើន​ជាមួយ​ចិន។ ជាក់ស្តែង មាន​ហេតុការណ៍​ជាច្រើន​ករណី ដូចជា ការចាប់​ទូក​នេសាទ ការបាញ់​ពន្លិច​នាវា​បាន​កើតឡើង ដែល​បាន​បង្កឡើង​ដោយ​ទាហាន​ល្បាត​របស់​ចិន។
អ្វីដែល​គួរកត់សម្គាល់​នោះ គេ​សង្កេតឃើញថា​នៅក្នុង​រយៈពេល​ចុង​ក្រោយនេះ​រដ្ឋាភិបាល​ហ្វីលីពីន ហាក់ដូចជា​ដើរ​ដល់​ផ្លូវ​ទាល់​មួយ ពោលគឺ ធ្វើ​អ្វី​ក៏​មិនបាន​សម្រេច។ ក្នុងនោះ​ហ្វីលីពីន បាន​ប្តឹង​ចិន ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ តែ​ត្រូវ​ចិន​បដិសេធ។ក្រោយមក ហ្វីលីពីន បាន​យក​អាស៊ាន ដើម្បី​វាយប្រហារ​ចិន តែ​ត្រូវ​សមាជិក​អាស៊ាន​មួយចំនួន​ច្រានចោល​ដោយ​មិន​លើក​មក ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com