ខ្មែរ​ក្រហម
ជាតិ
អ.វ.ត.ក មិនទាន់​អាច​បញ្ជាក់​ពី​លទ្ធភាព​នៃ​ការផ្តល់​សក្ខីកម្ម​របស់​លោក ថេត សម្បត្តិ
13, May 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​មិនទាន់​បញ្ជាក់​ពី​លទ្ធភាព​នៃ​ការចូលរួម​ផ្ត​ល់ស​ក្តី​កម្ម របស់លោក ថេត សម្បត្តិ អ្នកកាសែត​ជើងចាស់​មួយរូប ដែល​បាន​ជួប​សម្ភាសន៍ ជាមួយ​លោក នួន ជា នៅឡើយ​នោះទេ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​បញ្ជាក់ថា ការចូលរួម​ផ្តល់​សក្ខីកម្ម  ឬក៏​មិន​ចូល របស់ លោក ថេត សម្បត្តិ ទំនង​អាច​បញ្ជាក់​នៅក្រោយ​ថ្ងៃទី២១ ខែឧសភា បន្ទាប់ពី​អង្គភាព​គាំពារ​សាក្សី និង​អ្នកជំនាញ​ធ្វើការ​ទាក់ទង​ទៅ​លោក ថេត​សម្បត្តិ​ផ្ទាល់។



រហូតមកដល់​ពេលនេះ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប ពី​សំណាក់​លោក ថេត សម្បត្តិ នៅឡើយ។ លោក​ថេត សម្បត្តិ គឺជា​អ្នកកាសែត​ជើងចាស់ ដែល​បាន​ជួប​សម្ភាសន៍ ជាមួយ​បងធំ​ទី២ នៃ​របប​ខ្មែរក្រហម លោក នួន ជា។

លោក ថេត សម្បត្តិ ក៏​ជា​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ ដែលមាន​ចំណងជើង​ថា«សត្រូវ​របស់​ប្រជាជ​ន‍» និង​បាន​បោះ​ពុ​ម្ភ​សៀវភៅ​ដែលមាន​ចំណងជើង​ថា «នៅ​ពីក្រោយ​វាល​ពិ​ឃា​ត‍» ដែល​និយាយ​អំពី​របប​ដឹកនាំ​ក្នុងសម័យ​ខ្មែរក្រហម។

សូមជម្រាបថា កាលពី​ថ្ងៃទី៧ឧសភា កន្លងទៅ តុលាការ​ខ្មែរក្រហម បានសម្រេច​កោះអញ្ជើញ​លោក ថេត សម្បត្តិ​ឲ្យ​ធ្វើជា​សាក្សី​អាទិភាព​នៅក្នុង​សំណុំរឿង០០២ វគ្គ​ទី២ដែល​កំពុងតែ​ជំនុំជម្រះ លើ​មេដឹកនាំ​សម័យ​ខ្មែរ លោក នួន ជា និង​លោក ខៀវ សំផន។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា៖«សាលាក្តី​ខ្មែរក្រហម នៅ​មិនទាន់​ទទួលបាន​ព័​ត៌​ដោយផ្ទាល់ ពី​លោក ថេត សម្បត្តិ អំពី​លទ្ធភាព​ក្នុងការ​ចូលរួម​ផ្តល់​សក្ខីកម្ម​នៅក្នុង​សំណុំរឿង០០២ភាគ​ទី២នៅឡើយ»។

អ្នកនាំពាក្យ​តុលាការ​កូនកាត់​រូបនេះ បន្តថា៖«ការចូលរួម​ផ្តល់​សក្ខីកម្ម ឬក៏​មិន​ចូលរួម របស់ លោក ថេត សម្បត្តិ ទំនង​អាច​បញ្ជាក់​នៅក្រោយ​ថ្ងៃទី២១ ខែឧសភា បន្ទាប់ពី​អង្គភាព​គាំពារ​សាក្សី និង​អ្នកជំនាញ​ធ្វើការ​ទាក់ទង​ទៅ​លោក ថេត​សម្បត្តិ​ផ្ទាល់»។

អង្គ​ជ​នុំ​ជម្រះ​បានសម្រេច​ទុកពេល២សប្តាហ៍ ដើម្បី​ឲ្យ​អង្គភាព​គាំពារ​សាក្សី និង​អ្នកជំនាញ​ធ្វើការ​ទាក់ទង​ទៅ​លោក ថេត​សម្បត្តិ​ដើម្បី​សាកសួរ​ពី​លទ្ធភាព​នៃ​ការចូលរួម​ផ្ត​ល់ស​ក្តី​កម្ម និង​ដើម្បី​ឲ្យ​សាលាក្តី​រៀបចំ​កាលវិភាគ​បើកសវនាការ​លើ​សំណុំរឿង០០២វគ្គ។

លោក ថេត សម្បត្តិ ធ្លាប់បាន​ធ្វើការ​ជាមួយ បងធំ​ទី២នៃ​របប​ខ្មែរក្រហម ជាច្រើន​ឆ្នាំ និង​បាន​ថត​សំឡេង របស់លោក នួន ជា ជាច្រើន​ទៀតផង ហើយ​ភស្តុតាង​របស់លោក​ថេត សម្បត្តិ​ដែល​កំពុងតែបន្ត​ស្នាក់នៅ​សហរដ្ឋអាមេរិក ជា​ប្រភព​ភស្តុតាង​ដ៏​សំខាន់​សម្រាប់​សាលាក្តី​ខ្មែរក្រហម។ នេះ​បើតាម​លោក នេត្រ​ភក្ត្រា​ដដែល។ មន្ត្រី​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា  នៅក្នុង​សវន​ការ​កាលពីពេល​កន្លងទៅ​ព្រះរាជអាជ្ញា​បាន​ចោទសួរ​ជន លោក នួន ជា ថា​បាន​ស្គាល់​លោក ថេត សម្បត្តិ ឬទេ? លោក នួន ជា បាន​ឆ្លើយ​បដិសេដថា មិនបាន​ស្គាល់​នោះទេ។

គួរ​បញ្ជាក់ថា ក្នុង​សំណុំរឿង០០២ វគ្គ​ទី១អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានសម្រេច​កាត់ទោស​ជន​ជាប់ចោទ នួន ជា និង ខៀវ សំផន​ឲ្យ​ជាប់គុក​អស់​មួយជីវិត។ប៉ុន្តែ​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ទាំងពីរ​បាន​ប្តឹង​សា​ទុក៕


© រក្សាសិទ្ធិដោយ thmeythmey.com