ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
គំនិត​ស្នូល និង​ធាតុ​ផ្សំ​នៃ «ប្រជាធិបតេយ្យ»
16, May 2015 , 9:59 pm        
រូបភាព
បើកាលណា​គេ​និយាយ​ពី​សង្គម​ប្រជាធិបតេយ្យ គេ​នឹង​នឹក​ស្រមៃ​ដល់​ប្រទេសមួយ​ដែល​សិទ្ធិ និង​អំណាច​ស្ថិតក្នុង​កណ្តាប់ដៃ​ប្រជាពលរដ្ឋ​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល ។ បើកាលណា​គេ​និយាយ​ពី​សិទ្ធិ និង​អំណាច​ក្នុង​កណ្តាប់ដៃ​ប្រជាពលរដ្ឋ គេ​នឹង​នឹក​ស្រមៃ​ដល់​នីតិរដ្ឋ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ធានា​ដល់​ការប្រើប្រាស់​សិទ្ធិ និង​អំណាច​នោះ ។ បើកាលណា​គេ​និយាយ​ពី​នីតិរដ្ឋ គេ​នឹង​នឹក​ស្រមៃ​ដល់​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​បានរៀបចំ​រចនា​សម្ពន្ធ​ស្ថាប័ន​នយោបាយ​ដ៏​ល្អឥតខ្ចោះ ដើម្បី​ទ្រទ្រង់​នីតិរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ។ បើកាលណា​គេ​និយាយ​ពី​ការរៀបចំ​ប្រព័ន្ធ​នយោបាយ និង​ស្ថាប័ន​នយោបាយ គេ​នឹង​នឹក​ស្រមៃ​ដល់​ការចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប។ បើកាលណា​គេ​និយាយ​ពី​ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រជាពលរដ្ឋ គេ​នឹង​នឹក​ស្រមៃ​ថា​ប្រជា​ពល​ជា​អ្នកមាន​ការចេះដឹង​ជ្រៅជ្រះ និង​មានការ​អប់រំ​ខ្ពស់​ខ្ពស់ ។  ទាំងនេះ​ជា​ធាតុ​ផ្សំ​មួយចំនួន​ដែល​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​ប្រជាធិបតេយ្យ៖



  • សមភាព​អំណាច​នយោបាយៈ បែងចែក​អំណាច​នយោបាយ​ឲ្យ​មាន​តុល្យភាព រវាង​ស្ថាប័ន​កំពូល​ទាំងបី (ស្ថាប័ន​ធ្វើ​ច្បាប់ ស្ថាប័ន​អនុវត្ត​ច្បាប់ ស្ថាប័ន​បកស្រាយ​ច្បាប់) ដើម្បី​ឲ្យ​អ្នកនយោបាយ​ក្នុង​ស្ថាប័ន​ទាំងបី​នេះ​ធ្វើការ​ដោយ​ឯករាជ្យ​ក្រោម​ក្របខណ្ឌ​ច្បាប់រៀងៗខ្លួន​ដោយ​គ្មាន​ការ​លូត​ដៃ​ពី​ស្ថាប័ន​ដទៃ ។ ស្ថាប័ននីមួយៗមិន​ត្រឹមតែ​មានអំណាច​នយោបាយ​ក្នុង​ការធ្វើ​កិច្ចការ​របស់ខ្លួន​នោះទេ តែ​ក៏មាន​អំណាច និង​តួនាទី​ក្នុងការ​ឃ្លាំមើល​ចំពោះ​សកម្មភាព​ស្ថាប័ន​ដទៃទៀត​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​ស្ថាប័ន​ណាមួយ​ប្រើប្រាស់​អំណាច​នយោបាយ​របស់ខ្លួន​ហួស​ព្រំដែន​ដែល​ច្បាប់​កំណត់ ។ ស្ថាប័ន​ទាំងបី​ថ្វីត្បិតតែ​មិនមាន​អំណាច​នយោបាយ​លូកដៃ​ចូល​ស្ថាប័ន​ផ្សេង​ក៏ដោយ ក៏​ស្ថាប័ន​ទាំងបី​មានអំណាច​ក្នុង​ការធ្វើអន្តរាគមន៍​និង​ដាក់ទោស​គ្នា​ទៅវិញទៅមក ប្រសិនបើ​ស្ថាប័ន​ណាមួយ​អនុវត្ត​អំណាច​នយោបាយ​របស់ខ្លួន​ហួស​ព្រំដែន​កំណត់​នៃ​ច្បាប់។

  • នីតិរដ្ឋៈ ក្នុង​រដ្ឋ​ប្រកាន់យក​របប​ប្រជាធិបតេយ្យ បុគ្គ​ប​គ្រប់រូប​អាចមាន​ឋានន្តរសក្តិ​ខ្ពស់​ទាប​ជាង​គ្នា​អាស្រ័យ​ទៅតាម​តួនាទី និង​មុខងារ​ក្នុង​ស្ថាប័នរដ្ឋ ប៉ុន្តែ​អ្នក​គ្រប់គ្នា​មាន​សិទ្ធិ សេរីភាព​ដូចគ្នា និង​មានតម្លៃ​ស្មើគ្នា​ចំពោះមុខ​ច្បាប់។

  • អ្នកដឹកនាំៈ គឺជា​បុគ្គល ដែល​ប្រជា​ពល​ជ្រើសរើស​ដោយ​ការបោះឆ្នោត ហើយ​ប្រជាពលរដ្ឋ​ក៏​អាច​បោះឆ្នោត​ទម្លាក់​វិញ​បានដែរ នៅពេលដែល​អ្នកដឹកនាំ​ប្រព្រឹត្ត​អំពើ​ណាមួយ​ខុសឆ្គង​ដែល​ពលរដ្ឋ​យល់ថា​មិនអាច​លើកលែង​ឲ្យ​បាន ។ ក្នុងសង្គម​ប្រជាធិបតេយ្យ​គេ​ទាមទារ​យ៉ាង​ចាំបាច់​នូវ​មេដឹកនាំ​ដែលមាន​ចំ​ណឹ​ង​ខ្ពង់ខ្ពស់ មានគំនិត​ជ្រាលជ្រៅ​ក្នុងការ​ដឹកនាំ​រដ្ឋ មាន​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុង​ខ្លួន ហ៊ាន​ទទួលយក​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដើម្បី​យកមក​កែលម្អ ។ • ប្រជាពលរដ្ឋៈ វា​ជា​កត្តា​សំខាន់បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវតែ​លះបង់​ទាំង​កាយ​ទាំង​ចិត្ត​ក្នុង​ចូលរួម​កសាង​ប្រទេសជាតិ ឈឺឆ្អាល និង​តាមដាន​រឿង​នយោបាយ។ គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ គ្មានទេ​ប្រជាធិបតេយ្យ។

  • ប្រព័ន្ធ​ផ្សព្វផ្សាយៈ រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវតែ​ឯករាជ្យ និង​អព្យាក្រឹត​មិន​ស្ថិតនៅក្រោម​អំណាចរដ្ឋាភិបាល ឬ​គណបក្សនយោបាយ​ណាមួយ។

ពហុបក្សៈ ប្រជាធិបតេយ្យ​មិនអាច​ដំណើរ​ទៅមុខ​ដោយ​ឯក​បក្ស​នោះទេ ។ ដូច្នេះ​ដើម្បី​ឲ្យ​ចរន្ត​នយោបាយ​ប្រជាធិបតេយ្យ​មាន​ចលនា​ទៅមុខ​ដោយ​ ប្រសិទ្ធភាព ចាំបាច់​ត្រូវ​ទាមទារ​ឲ្យ​មាន​បក្ស​ច្រើន (យ៉ាងហោចណាស់​ក៏មាន​ពីរ​បក្ស) ក្នុង​ការរួម​ធ្វើ​នយោបាយ​ប្រកួត​ប្រចែង​ឈរឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត។

  • ប្រព័ន្ធ​បោះ​ឆ្នោ​តៈ ត្រូវតែ​រៀបចំ និង​ជ្រើសរើស​ប្រព័ន្ធ​បោះឆ្នោត (ប្រព័ន្ធ​ឯកត្តនាម ប្រព័ន្ធ​សមាមាត្រ ប្រព័ន្ធ​ចម្រុះ ) ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ស្ថានភាព​ស្រុកទេស​របស់ខ្លួន។
ដើម្បី​ឲ្យ​ការបោះឆ្នោត​មាន​ភាពយុត្តិធម៌ ចាំបាច់​ត្រូវតែ​រៀបចំ​ស្ថាប័ន​បោះឆ្នោត ឲ្យ​មាន​ឯករាជភាព អព្យាកតភាព មិន​ចម្រុះ​ឲ្យ​រដ្ឋាភិបាល។ បើ​ស្ថាប័ន​និង​ប្រព័ន្ធ​បោះឆ្នោត​មាន​បញ្ហា វា​អាច​នាំ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​មិន​ប្រកបដោយ​ភាពយុត្តិធម៌ ខុសពី​ឆន្ទៈ​ប្រជាពលរដ្ឋ ។ ឲ្យ​តែ​ការបោះឆ្នោត​មាន​ភាព​អ​យុ​ត្តិ​ហើយ ចឹ​ង​ប្រជាធិបតេយ្យ​នឹងមាន​ភាព​រង្គោះរង្គើ​ពី​ដើមទី​ទៅ​តែម្តង។
 
សិទ្ធិ​មនុ​ស្សៈ ប្រទេស​ដែល​ដើរ​តាម​មាគ៌ា​នយោបាយ​ប្រជាធិបតេយ្យ គឺជា​ប្រទេស​ដែល​ឲ្យ​តម្លៃ​និង​គោរព​សិទ្ធិមនុស្ស​យ៉ាង​ពេញលេញ ដូចជា សិទ្ធិ​រស់រានមានជីវិត និង​សិទ្ធិ​សន្តិសុខ​ផ្ទាល់ខ្លួន សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ក្នុងការ​បង្កើត​សមាគម ឬ​គណបក្សនយោបាយ សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ខាង​ជំនឿ​សាសនា ។ល។  

  ក្នុង​របប​កុម្មុយនីស្ត ទឹកដី​បាត់បង់​គឺជា​កំហុស​របស់​មេដឹកនាំ តែ​ក្នុង​របប​ប្រជាធិបតេយ្យ​ទឹកដី​បាត់បង់ ជា​កំហុស​របស់​យើងទាំងអស់គ្នា!  

© រក្សាសិទ្ធិដោយ thmeythmey.com