អន្តរជាតិ
សមាគម​សត្វ​ខឹង​វៀតណាម​ធ្វើ​ព្រៃផ្សៃ​ចំពោះ​សត្វពាហនៈ​អូស្ត្រាលី
21, May 2015 , 6:59 pm        
រូបភាព
ដោយ:
រឿងអាស្រូវ​វៀតណាម​ធ្វើបាប​សត្វពាហនៈ​ដែល​ដឹក​ពី​អូស្ត្រាលី​ចូល​ស្រុក​នេះ បាន​ផ្ទុះឡើងថ្មីៗនេះ ដោយសារ​សមាគម​Animals Australia បាន​ប្រាប់ថា មាន​កន្លែង​សម្លាប់​សត្វពាហនៈ​នៅ​វៀតណាម​ជាច្រើន បាន​ប្រើ​ញញួរ​វាយដំ​ក្បាលសត្វ​រហូត​បែកខ្ចាយ។ រដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​ធ្វើការ​អង្កេត​ជាមុនសិន មុននឹង​ចេញ​វិធានការ​ប្រតិកម្ម​ជាមួយ​វៀតណាម។



សមាគម​ការពារ​សត្វ​Animals Australia បាន​ប្រាប់ថា មាន​រូបភាព​ដែល​ប៉ះទង្គិច​ចិត្ត និង​ពិបាក​ទទួលយក ជា​រូបភាព​បង្ហាញ ពី​ភាព​ខ្ទេចខ្ទាំ បែកខ្ចាយ​នៃ​ក្បាល​របស់​សត្វពាហនៈ។ សត្វពាហនៈ​ទាំងនេះ ត្រូវបាន​វៀតណាម​ដឹក​ទាំង​រស់​មកពី​អូស្ត្រាលី។ Animals Australia បានដាក់​ពាក្យ​ប្តឹងទៅ​ក្រសួងកសិកម្ម។

ប្រឈម នឹង​រឿងអាស្រូវ​លក្ខន្តិក​សម្លាប់​សត្វ​នេះ អូស្ត្រាលី​មិនទាន់​ចាត់វិធានការភ្លាមៗទៅលើ​ទំនាក់ទំនង​រកស៊ី​ផ្នែក​សត្វពាហនៈ​ជាមួយ​វៀតណាម​ទេ។ មូលហេតុ​គឺ​ដោយសារតែ កាលពី​ឆ្នាំ២០១៣ អូស្ត្រាលី​ធ្លាប់​ជួបប្រទះ​រឿង​ប្រហាក់ប្រហែលគ្នា​នេះ ជាមួយ​ឥណ្ឌូណេស៊ី ធ្វើអោយ​អូស្ត្រាលី​ប្រតិកម្ម ប៉ះទង្គិច​ដល់​ទំនាក់ទំនង​ជាមួយ​ក្រុង​ចា​កាតា។ កាលពី​ឆ្នាំ២០១៣ ទូរទស្សន៍​បាន​ចុះផ្សាយ​ពីបទ​យកការណ៍​មួយ​ទាក់ទង​នឹង​កន្លែង​សម្លាប់សត្វ​នៅ​ឥណ្ឌូណេស៊ី។ រដ្ឋាភិបាល​មកពី​គណបក្ស​ការងារ​អូស្ត្រាលី​បាន​ប្រតិកម្ម​យ៉ាង​តក់ក្រហល់ ដោយបាន​បិទ​ទីផ្សារ​សត្វពាហនៈ​ជាមួយ​ឥណ្ឌូណេស៊ី។

រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​បរិហារ​ថា ប្រតិកម្ម​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់​កាលពី២ឆ្នាំមុន គឺជា​កំហុសឆ្គង ព្រោះ​ក្រោយពី​បាន​បិទ​ទីផ្សារ​មក ប្រជាជន​អូស្ត្រាលី​រាប់ពាន់នាក់​បាន​បាត់បង់​ចំណូល មួយរយៈ​ពេល ហើយ​ថែមទាំង​ធ្វើអោយប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌូណេស៊ី​ទៀតផង។ ដូច្នេះ ត្បិត​ថា មានការ​ប្តឹង​ពី​សមាគម​Animals Australia ប្រឆាំង​កន្លែង​សម្លាប់សត្វ​នៅ​វៀតណាម​ក្តី ក៏​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនអាច​ប្រតិកម្មភ្លាមៗដែរ គឺ​ត្រូវតែ​ស៊ើបអង្កេត​ជាមុនសិន។

គួរ​បញ្ជាក់ថា លើ​ទីផ្សារ វៀតណាម​ជា​ប្រទេស​ទី២ធំ​បំផុត ដែល​នាំចូល​សត្វពាហនៈ​អូស្ត្រាលី។ ក្នុង​ឆ្នាំ២០១៤កន្លងទៅ វៀតណាម​បាន​នាំចូល​ក្នុងស្រុក នូវ​សត្វពាហនៈ​អូស្ត្រាលី​ដល់​ទៅ១៧៨ ០០០ ក្បាល៕



© រក្សាសិទ្ធិដោយ thmeythmey.com