ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ​នឹងធ្វើ​បឋកថា​ស្តីពី «នយោបាយ​ឈ្នះឈ្នះ» ប្រាប់សមាជិកបក្ស​នៅ​ថ្ងៃអាទិត្យ​នេះ​
22, May 2015 , 3:28 pm        
រូបភាព
លោក ហ៊ុន សែន នៅក្នុង​មហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​ពេល​កន្លងទៅ​
លោក ហ៊ុន សែន នៅក្នុង​មហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​ពេល​កន្លងទៅ​
អនុប្រធាន​គណបក្ស​ប្រជាជ​នកម្ពុជា លោក ហ៊ុន សែន នឹង​ចំណាយ​ពេលវេលា​ប្រហែល៣ម៉ោង​នៅព្រឹក​ថ្ងៃអាទិត្យទី២៤ឧសភានេះ ដើម្បី​ធ្វើ​បឋកថា​លើកទីមួយ​ស្តីពី «យុទ្ធវិធី​ឈាន​ទៅ​រក​សម្រេច​​នយោបាយ​​ឈ្នះ ឈ្នះ» លើ​ក្រុម​ឧទ្ទាមខ្មែរក្រហមនៅ​ចុងឆ្នាំ​១៩៩៨ ។ នេះ​បើតាម​ការ​អះអាង​របស់​លោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជាក់បន្ថែមថា ការ​ធ្វើ​បឋកថារបស់​លោក​នាយករដ្ឋមន្ត្រី នឹងត្រូវរៀបចំ​នៅទីស្នាក់ការកណ្តាល​របស់​គណបក្សតែម្តង។



«ខ្ញុំ​មិនទាន់ដឹងច្បាស់អំពីចំនួន​ពិតប្រាកដទេ គ្រាន់តែ​ដឹងថាមាន​ច្រើន​ពាន់នាក់ ដែលជា​ថ្នាក់ដឹកនាំ​ និងជាយុវជនរបស់​បក្ស។ សម្តេច​ជា​ម្ចាស់គំនិតនៃ​​នយោបាយឈ្នះ ឈ្នះ នេះ។ ប៉ុន្តែ​សម្តេច​ពុំដែលមានពេលពន្យល់លម្អិត​អំពីយុទ្ធវិធី ឬ​តាកទិក​នៃការ​អនុវត្ត​នយោបាយនេះ ប្រាប់​សមាជិក​គណបក្ស​ឡើយ»។ នេះជាការ​ពន្យល់របស់​អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា ដែលនឹង​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំបក្ស​នោះដែរ។

ការរៀបចំធ្វើ​បឋកថាស្តីពី​គោលនយោបាយឈ្នះឈ្នះ​របស់​លោក​នាយករដ្ឋមន្ត្រី កំពុងត្រូវធ្វើ​ឡើងចំពេលដែល​ក្រសួងការពារជាតិ​កំពុងរៀបចំ​កសាង​មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ​ឈ្នះឈ្នះដែរ។ គោលនយោបាយ​ឈ្នះឈ្នះ គឺជា​រូបមន្តមួយដែលបាន​វាយបំបែក​មូលដ្ឋានកងទ័ពខ្មែរក្រហមចុងក្រោយ​​ដែលនៅសេសសល់៕



© រក្សាសិទ្ធិដោយ thmeythmey.com