ជាតិ
សង្គមជាតិ
លោក ជេត ជាលី៖ អ្នក​ជាតិនិយមមួយចំនួនបែរ​ជា​​​ភ្ជាប់​ករណី​​សញ្ញាបត្រ​ទៅ​នយោបាយ
24, May 2015 , 9:39 am        
រូបភាព
ដោយ: រួបរួម
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ កាលពី​ថ្ងៃទី២២ ខែឧសភា បាន​ចេញមុខ​ឆ្លើ​យ​​តបទៅនឹងការរិះគន់​លើ​ការចេញ​សន្លឹក​សញ្ញាបត្រ​ដោយ​គ្មាន​ភ្ជាប់បាវចនា «ជាតិ សាសនា ព្រះ​មហា​ក្សត្រ​»​។ លោក​បានអះអាង ករណីនេះមិន​មែន​ជារឿង​ចៃដន្យនោះឡើយ ដោយ​វាកើត​ចេញពី​ការសម្រេច​រួមគ្នាពី​សំណាក់បញ្ញវន្តមួយ​ក្រុម​របស់​សាកល​វិទ្យាល័យ។



ការ​រិះគន់​លើ​សន្លឹក​សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាកល​វិទ្យាល័យភូមិន្ទបាន​ផុស​ផុល​ឡើង បន្ទាប់​ពី​​គ្រឹះ​ស្ថាន​អប់​រំ​​ដ៏វ័យ​ចំណាស់​នៅ​កម្ពុជាមួយនេះ បាន​រៀបចំ​ពិធីអបអរសាទរ និងប្រគល់​ដល់​និស្សិត​ដែល​​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ និងបរិញ្ញាបត្រ​ជាន់ខ្ពស់ ក្រោមអធិបតីភាព​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅមជ្ឈមណ្ឌល​កោះពេជ្យ កាលពី​ថ្ងៃទី១៩ ខែឧសភា កន្លងមក។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម បាន​បង្ហោះ​រូបសញ្ញាបត្រ ដែលគេ​មិន​ឃើញមានសរសេរពាក្យ​ «ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា» និង​ បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ » ។ ក្រុមអ្នក​រិះគន់​បាន​ស្តី​បន្ទោស​ដល់​ថ្នាក់​ដឹកនាំ​សាកល​វិទ្យា​ល័យ​ថា ការធ្វើសន្លឹកសញ្ញាបត្របែបនេះ គឺមិន​ផ្តល់​តម្លៃ​ដល់​ជាតិ​របស់​ខ្លួន។

«យើងបាន​ប្រមូលផ្តុំគ្នា មិនមែនខ្ញុំជាសាកលវិទ្យាធិការមានសិទ្ធិគ្រប់បែបយ៉ាងនោះទេ។ យើង​បាន​ប្រគល់​កិច្ចការ​នេះទៅឲ្យ​ក្រុម​បញ្ញវន្ត​មួយក្រុមដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយដែលមាន​បទពិសោធន៍ច្រើន»។ នេះ​ជា​ការអះអាង​របស់​លោក ជេត ជាលី សាកល​វិទ្យាធិការនៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ទាក់ទង​នឹង​ការ​ចេញ​សន្លឹក​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យថ្មី។

លោក ជេត ជាលី ដែល​ទទួល​បាន​សញ្ញាបត្របណ្ឌិតពី​សាកលវិទ្យាល័យ Nagoya ប្រទេស​ជប៉ុន កាលពីឆ្នាំ​២០០២នោះ បាន​បញ្ជាក់ ការរៀបចំ​សណ្ឋាន​សន្លឹក​សញ្ញាបត្រ​ថ្មី ចាប់ផ្តើម​ឡើង​បន្ទាប់ពី​​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​សាកល​វិទ្យា​ល័យ​​នីមួយៗ​​ចេញ​សញ្ញាបត្រ​ដោយ​ខ្លួន​ឯង ដែល​កន្លងមក វា​ជាបន្ទុក​ក្រសួងអប់រំ យុវ​ជន និងកីឡា។

លោក​បាន​លើក​ឡើង​ថា៖ «ក្រសួង​បាន​ទម្លាក់​ការចេញ​សញ្ញាបត្រ​ឲ្យសាកល​វិទ្យាល័យនីមួយៗ មិនមែនជាជាតិ​ទៀត​ទេ ជាអ្នក​ចេញ […] រដ្ឋមន្ត្រី​ក្រសួងអប់រំ ឬតំណាង​លែងចុះ​ហត្ថលេខា លែងមាន​ឡូហ្គោ​ក្រសួងនៅ​លើ​សញ្ញាបត្រទៀតហើយ មិនមាន​ត្រាក្រសួងទៀត មិនស្លាក​សញ្ញាក្រសួង​ទៀត គឺ​ជាផលិត​ផល​របស់​សាកលវិទ្យាល័យ។ មិនមែន​តំណាងឲ្យជាតិ​ទៀត គឺ​តំណាងឲ្យ​សាកលវិទ្យាល័យ»។

សាកលវិទ្យាធិការវ័យ៤៧​ឆ្នាំ​រូបនេះ បាន​បក​ស្រាយ​ប្រាប់ក្រុមនិស្សិត និងអ្នក​សារព័ត៌មានថា សន្លឹក​សញ្ញា​បត្រ​នេះ​ គឺ​ជា​ស្នាដៃដែល​កើត​ចេញពីការសម្រេច​រួម​គ្នា​អស់​ជា​ច្រើន​ខែ​របស់​បញ្ញាវន្ត​​​នៃ​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេ​ញ​ទាំងមូល ដោយ​សន្លឹក​សញ្ញាបត្រ​មាន​លក្ខណៈ​ជាខ្មែរ មិនជាប់​​ពាក់ព័ន្ធ​រឿងនយោបាយ និង​មិន​បញ្ចូល​ព័ត៌​មាន​​ដែល​គ្មាន​ការពាក់ព័ន្ធ។

លោក​បានអះអាង ក្រុម​ការងា​ររបស់​លោកបានសិក្សា​លើ​ទម្រង់​សញ្ញាបត្រពី​ប្រទេស​សង្គម​និយម ប្រទេស​សេរី លោក​ខាងលិច លោក​ខាងកើត និង​ប្រទេស​កាន់​សាសនា​ផ្សេងៗ​គ្នា។ ឆ្លើយ​តបទៅនឹងការរិះគន់​ដែល​ថា​ថ្នាក់​ដឹក​នាំ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ មើល​ងាយ​ជាតិ តាមយៈ​ការ​លុប​បំបាត់​បាវចនានៅ​លើ​សន្លឹក​សញ្ញា​បត្រ​នោះ លោក ជេត ជាលី បាន​កត់​សម្គាល់​ថា គ្មាន​ច្បាប់ណាមួយ​ដែល​ចែងថា វា​ជាអំពើ​ខុស​ច្បាប់នោះ​ឡើយ។

ការរិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ត្រូវបាន​សាកលវិទ្យាធិការភូមិន្ទ​ភ្នំពេញ កត់​សម្គាល់​ផង​ដែរថា៖ «ទន្ទឹម​នឹងអ្នក​ជាតិនិយម​ខ្លះមិនសប្បាយ​ចិត្ត រឿងរ៉ាវ​បន្ត​រាយ​ប៉ាយ​ដល់​​រឿងនយោបាយថែម​ទៀត​ ដោយចោទ​ថាព្យាយាម​បំបាត់ជាតិ ទម្លាក់ជាតិ ហូរហែ​»។

លោក​បាន​បន្ថែម​ថា សាលា​របស់លោក​មិនមាន​ភាពក្រអឺតក្រទម​ដាក់បាវចនាជាតិ​លើ​សញ្ញាបត្រ ដូច​សន្លឹក​ដែល​ចេញ​ដោយក្រសួងអប់រំ យុវ​ជន និងកីឡា​កន្លងមកនោះ​ឡើយ ព្រោះវា​ត្រឹម​តែជាផលិត​ផល​របស់​សាលា​តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏​ដោយ លោក ជេត ជាលី បាន​លើក​ឡើងថា លោក​នឹង​រង់ចាំ​ទទួល​ការរិះគន់ និង​កែលំអពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា​ ជានិច្ច ប្រសិន​បើ​មានកំហុស​ឆ្គង ហើយ​ពិត​ជាចង់ឃើញ​ការឯកភាពគ្នា​លើ​សន្លឹកសញ្ញាបត្រ។

«មាន​សាស្ត្រចារ្យម្នាក់ផ្ញើឲ្យ​ខ្ញុំកាលពីយប់​មិញនូវ​​រូបចាស់​របស់សម្តេច ជួន ណាត​ ដែល​ចេញពីកន្លែងនេះ ខ្ញុំមិនដឹង​រូបនោះ ពិតឬមិនពិតទេ […] គ្មានទេបាវចនា ​ជាតិ ​សាសនា ព្រះមហាក្សត្រ ប៉ុន្តែមិនត្រូវបានគេ​វាយ​ប្រហារ​ទេ ព្រោះ​រដ្ឋាភិបាល​សម័យនោះមិន​មែន​ជា​រដ្ឋាភិបាល​ដែល​គេស្អប់ ឥឡូវអ្នក​ដែលនិយាយនោះ ច្រើនណាស់ដែល​រាល​ដាលមិន​ត្រឹម​វ៉ៃ​តែសាលា មិនត្រឹម​វ៉ៃ​តែខ្ញុំ ប៉ុន្តែវ៉ៃទៅ​រដ្ឋាភិបាលដែលគ្នាមិន​ដឹងអីសោះ»។ នេះជាការ​លើក​យក​បញ្ជាក់​របស់​លោក ជេត ជាលី ដោយ​កត់សម្គាល់ផង​ដែរថា ឡូហ្គោពេលនោះ មាន​ដាក់ព្រះរាជសង្ហារព្រះចៅក្រុង​កម្ពុជានៅកណ្តាល​ ដូច​កន្លែងដែល​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ដាក់​ឡូហ្គោ​របស់​ខ្លួន ដោយ​សារតែពេលនោះ សញ្ញាបត្រ​ចេញ​ដោយ​ថ្នាក់ជាតិ។

បើតាម​លោក​ ជេត ជាលី ការ​យល់ឃើញ​ថា ជាការមើលងាយ​ជាតិ ឬមិនមើលងាយ​ជាតិ គឺ​អាស្រ័យ​ទៅ​លើ​ការបកស្រាយ ហើយ​លោក​ទុក​ឲ្យ​មនុស្ស​១៥លាន​នាក់​ធ្វើ​ការ​ពិភាក្សា​វែកញែក។ លោក​បានអះអាងថា ក្រសួង​អប់រំ យុវជន និងកីឡា នឹងបើក​កិច្ចប្រជុំ​លើ​ករណីនេះ៕

 ​









© រក្សាសិទ្ធិដោយ thmeythmey.com