អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​សកម្ម​ជាងគេ​ក្នុងការ​គាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​តំបន់​អាហ្វ្រិក
26, May 2015 , 5:09 pm        
រូបភាព
បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ​ប្រើប្រាស់​ទ័ព​ច្រើន​ក្នុង​ចំនួន​ច្រើន​បំផុត​មួយ​សម្រាប់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ពិភពលោក ដែល​ចំនួន​នេះ​ពិតជា​ច្រើន​បំផុត​មួយ។ ជម្លោះ​បន្ត​កើតមាន​ច្រើន ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រទេស​នានា ជាពិសេស​ការផ្តល់​កង​ទ័ព​ទៅ​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​សហរដ្ឋអាមេរិក​ដែលជា​មហាអំណាច​ពិភពលោក​មួយ​នោះ បាន​ព្យាយាម​គៀងគរ​រក​ជំនួយ​ជំរុញ​រដ្ឋ​ឯទៀត​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព និង​ផ្តល់ជំនួយ​ច្រើនយ៉ាង​ទាំង​ហិរញ្ញវត្ថុ កងកម្លាំង និង ការបំពាក់​បំប៉ន​សម​ត្ថ​ភាព​ជាដើម។


មានសំឡេង



សហរដ្ឋអាមេរិក​បាន​បង្ហាញ​ក្តីបារម្ភ ដោយសារ​បច្ចុប្បន្ននេះ​អង្គការសហប្រជាជាតិ​បាន​ពង្រាយ​កងទ័ព​មួក​ខៀវ​របស់ខ្លួន​ជិត១១ម៉ឺន​នាក់​ដើម្បី​រក្សា​សន្តិភាព​នៅ​ទូទាំង​ពិភពលោក ហើយ​កងទ័ព​ភាគច្រើន​ត្រូវបញ្ជូន​ទៅកាន់​អាហ្វ្រិក។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ ២១ ឧសភា​កន្លងទៅ​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរ​ទេ​អាមេរិក​លោកស្រី Victoria Holt បាន​បញ្ជាក់ថា ចំនួន​កងទ័ព​អង្គការសហប្រជាជាតិ​ដ៏​ច្រើន​ស្មើ២ភាគ៣នៃ​កងទ័ព​សរុប ត្រូវបាន​ដាក់ពង្រាយ ដើម្បី​រក្សា​សន្តិភាព បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​និង​សង្គ្រាមស៊ីវិល​នៅលើ​សាកលលោក។

ជុំវិញ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​សាកល​នេះ​សហរដ្ឋអាមេរិក​បា​នប​ន្ត​តួនាទី​របស់ខ្លួន​ក្នុងការ​កៀរគរ​ការចូលរួម​ដើម្បី​ជំរុញ​ឲ្យ​ការរក្សា​សន្តិភាព​នៅលើ​ពិភពលោក​អាច​រៀបចំ​ទៅបាន​ដោយមាន​ប្រសិទ្ធភាព​និង​ឆ្លើយតប​តាម​កាលៈទេសៈ និង​ស្ថាន​ការចាំបាច់។ ម្យ៉ាង​អាមេរិក​ខ្លួនឯង ជា​រដ្ឋ​មួយ​ដែល​បាន​ផ្តល់ជំនួយ​ទាំង​កងទ័ព ព្រមទាំង​ហិរញ្ញវត្ថុ​ច្រើនជាងគេ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ ហើយ​អាមេរិក​ក៏​ផ្តល់​ការហ្វឹកហ្វឺន​និង​បំពាក់បំប៉ន​សមត្ថភាព​កងទ័ព​ផងដែរ។

បើតាម​របាយការណ៍​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ សហរដ្ឋអាមេរិក​ក្លាយជា​រដ្ឋ​ដែល​ផ្តល់​ចំ​នួ​យ​ហិរញ្ញវត្ថុ​ច្រើនជាងគេ​បំផុត​ដើម្បី​ទំនុកបម្រុង​អង្គការសហប្រជាជាតិ​និង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ប្រចាំ​តំបន់​អាហ្វ្រិក តាម​ការផ្តល់​ជំនួយ​ទៅ​សហភាព​អាហ្វ្រិក និង​ផ្តល់ជំនួយ​ទៅកាន់​ប្រទេសនីមួយៗដែល​ចូលរួម​ក្នុង​សកម្មភាព​រក្សា​សន្តិភាព។ក្រៅពីនេះ សហរដ្ឋអាមេរិក​ក៏បាន​ជួយ​បំពាក់បំប៉ន និង​ផ្តល់​ការហ្វឹកហាត់​ដល់​កងក​ម្លាំ​ង​សហភាព​អាហ្វ្រិក​ជាង២៥ម៉ឺន​នាក់ និង​ថវិកា​សរុប​ប្រហែល១ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ។ ក្រៅពី​តំបន់​អាហ្វ្រិក សហរដ្ឋអាមេរិក​ក៏បាន​ចូលរួមចំណែក​ផ្តល់​ការគាំទ្រ​ចំពោះ​សកម្មភាព​រក្សា​សន្តិភាព​ដូចគ្នា​ដែរ។

តាមពិតទៅ តួនាទី​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​គឺ​ជួយ​គាំទ្រ​រដ្ឋាភិបាល ប្រទេស​ដែល​កំពុង​រង​ទុក្ខ​វេ​នា​ដោយ​សង្គ្រាម ជម្លោះ​ប្រដាប់អាវុធ និង​ហិង្សា​នានា​ដើម្បី​បង្កើត​សន្តិភាព តាមរយៈ​ការ​ជ្រោមជ្រែង​ជំរុញ​ការចរចា​ដោយ​សន្តិភាព និង​ប្រើ​ដំណោះស្រាយ​នយោបាយ​ផ្សេងទៀត។ ពួកគេ​មិន​ត្រឹមតែ​ជួយ​ឲ្យ​ភាគី​ចរចា និង​ឈានទៅរក​ការឯកភាព​គ្នា​បង្កើត​កិច្ចព្រមព្រៀង​នយោបាយ​ប៉ុណ្ណោះ​ទេ យុទ្ធនាការ​របស់​ពួកគេ​គឺ​បង្កើត​ឲ្យ​មាន​ស្ថិរភាព ការពារ​សិទ្ធិមនុស្ស និង​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​ទាំងនោះ​ផង។ កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ជួយ​បញ្ចប់​ហិង្សា​និង​ជម្លោះ​បង្ហូរឈាម កសាង​សន្តិភាព និង​ជួយ​ការពារ​មិន​ឲ្យ​ហិង្សា​បែបនេះ​កើតឡើង​សារជាថ្មី​ទៀត។

បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មាន​ប្រទេស​ជាង១០០ចូលរួម​ក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព​សាកលលោក​នេះ។ ការចូលរួម​របស់​ប្រទេស​ដ៏​ច្រើន​នេះ​បញ្ជាក់​ពី​ការ​ឈឺឆ្អាល​របស់​ពួកគេ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​សាកលលោក និង​រក្សា​សន្តិភាព​រួមគ្នា។ ប៉ុន្តែ​យ៉ាងណាមិញ​វា​ចាំបាច់​ត្រូវមាន​ការចូលរួម​បន្ថែមទៀត​ពីរ​ដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ ព្រោះ​ជម្លោះ​ចេះតែ​កើន ខណៈ​យុទ្ធនា​ការរក្សា​សន្តិភាព​ប្រឈម​កង្វះខាត៕





© រក្សាសិទ្ធិដោយ thmeythmey.com