អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួនាទី​សហភាព​អឺរ៉ុប​ក្នុង​បញ្ហា​សន្តិសុខ​សំខាន់​សម្រាប់​សមាហរណកម្ម​អាស៊ាន
26, May 2015 , 5:17 pm        
រូបភាព
បច្ចុប្បន្ននេះ​សហភាព​អឺរ៉ុប​ចាត់ទុក​អាស៊ាន​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ហើយ​សហភាព​អឺរ៉ុប​ដែលមាន​ជោគជ័យ​ក្នុង​ការធ្វើសមាហរណកម្ម​នោះ នឹង​បន្ត​ជួយ​ជ្រោមជ្រែង​អង្គការ​ថ្នាក់​តំបន់​អាស៊ាន​ដើម្បី​ឆ្ពោះទៅរក​សមាហរណកម្ម​តំបន់​និង​កសាង​សហគមន៍​រួមគ្នា ។ កិច្ចសហប្រតិបត្តិការ​អាស៊ាន និង​អឺរ៉ុប​រីកចម្រើន​រហ័ស​ស្ទើរ​គ្រប់​វិស័យ។ ការរីកចម្រើន​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អឺរ៉ុប​និង​អង្គការ​អាស៊ាន​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​តំបន់​និង​ពិភពលោក​ទាំងមូល ហើយ​ភាគី​ទាំងពីរ​នឹង​បន្ត​ទាញយក​ប្រយោជន៍​ច្រើន​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អប្រសើរ​នេះ​ផង​ទៅ​ថ្ងៃមុខ។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា អាស៊ាន​នឹង​បន្ត​ប្រឈម​បញ្ហា​ច្រើន​ទៀត​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ ជាពិសេស​សន្តិសុខ​ដូចជា ដូច​ជំរុញ​ការផ្សាភ្ជាប់ ជម្លោះដែនសមុទ្រ និង​ភេរវកម្ម​ផង។ សហភាព​អឺរ៉ុប​សង្ឃឹមថា​ការពង្រីក​និង​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹង​ជួយ​អាស៊ាន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ជោគជ័យ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សហភាព​អឺរ៉ុប បន្ត​រីកលូតលាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ សហភាព​អឺរ៉ុប​ក្លាយជា​ដៃគូ​ល្អ​របស់​អាស៊ាន និង​បន្ត​នៅ​ជា​មិត្ត​ដែល​អាស៊ាន​អាច​ពឹងពាក់​បាន​នៅពេល​ខាងមុខ។ ក្នុង​ក្រសែរ​ភ្នែក​អ្នកវិភាគ សហភាព​អឺរ៉ុប​មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការនាំ​ផ្លូវ​អាស៊ាន​ដើម្បី​ឈានទៅដល់​សម្រេច​ជោគជ័យ​ក្នុង​ការធ្វើសមាហរណកម្ម​តំបន់ ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ។ 

បើទោះជា​សហភាព​អឺរ៉ុប និង​អាស៊ាន​ខុសប្លែកគ្នា​តាំងពី​របប​នយោបាយ កម្រិត​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ភាពរឹងមាំ​នៃ​ស្ថាប័ន​ក៏ដោយ ភាគី​ទាំងពីរ​រំពឹងថា​នឹង​បន្ត​ចែករំលែក​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដើម្បី​ជំរុញ​ការកសាង​សហគមន៍ លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ជា​និរន្តរភាព និង​សមាហរណកម្ម​តំបន់។ ភាគី​ទាំងពីរ​សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ក្នុងការ​បន្ត​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ហើយ​អឺរ៉ុប​ត្រៀមខ្លួន​រួចហើយ​ជួយ​អាស៊ាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់។ បញ្ហា​សន្តិសុខ​នៅតែ​ជា​រឿង​សំខាន់​ដែល​ភាគី​ទាំងពីរ​មិនអាច​ព្រងើយកន្តើយ​បានឡើយ។

១. ពង្រីក​សហប្រតិបត្តិកា​រ​សន្តិសុខ​ជាមួយ​អាស៊ាន ជា​បញ្ហា​អាទិភាព​សម្រាប់​សហភាព​អឺរ៉ុប
សហភាព​អឺរ៉ុប​បានសម្រេច​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ដែល​ការ​ក្លាយជា​ភាគី​នេះ​បញ្ជាក់​ពី​គោលបំណង​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ភ្ជាប់​ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល។ សម្រាប់​អាស៊ាន ក៏ដូចជា​សហភាព​អឺរ៉ុប អ្វីដែល​សំខាន់​ចូលរួមចំណែក​ក្នុង​ការកសាង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​និង​សមាហរណកម្ម​តំបន់ គឺ​ការរក្សា​និង​បង្កើត​ស្ថិរភាព​និង​សន្តិភាព​តំបន់។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​សន្តិភាព គេ​មិនអាច​ព្រងើយកន្តើយ​បញ្ហា​សន្តិសុខ​បានឡើយ។ កន្លងមក សហភាព​អឺរ៉ុប​រួមចំណែក​ជាមួយ​អាស៊ាន​ដោះស្រាយ​បញ្ហា​ប្រឈម​ជារួម​មាន​ទាំង​ការគ្រប់គ្រង​គ្រោះមហន្តរាយ សន្តិសុខ​ដែនសមុទ្រ(ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង) ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ប្រឆាំង​ភេរវកម្ម។ សហភាព​អឺរ៉ុប​កន្លង​មកជា​អ្នកផ្តល់ជំនួយ​ផង និង​ជា​អ្នក​ជួយ​ដោះស្រាយ​ផង ហើយ​អ្វីដែល​សំខាន់​គោលនយោបាយ​សន្តិសុខ​អឺរ៉ុប ក៏​ចូលរួមចំណែក​សំខាន់​សម្រាប់​អាស៊ាន សម្រាប់​កំណត់​វិធានការ​សន្តិសុខ​តំបន់​ផងដែរ។ សម្រាប់​អឺរ៉ុប អាស៊ាន​ជា​ស្ថាប័ន​សំខាន់​ដែល​ប្រមែរ​ប្រមូល​មហាអំណាច​ពិភពលោក មក​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​រួមគ្នា។ ដូច​ឃើញស្រាប់​អាស៊ាន​មាន​វេទិការ​តំបន់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ជាដើម។

 ប៉ុន្តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​អាស៊ាន​និង​ក្តីកង្វល់​របស់​អឺរ៉ុប។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​អាស៊ាន-សហភាព​អឺរ៉ុប​ចុះ​ថ្ងៃ ១៨ឧសភា សហភាព​អឺរ៉ុប​បន្ត​ស្នើ​ឲ្យ​អាស៊ាន​និង​ចិន​ប្រឹងប្រែង​ចងក្រង​ក្រម​ប្រតិបត្តិ​សម្រាប់​គ្រប់គ្រង​ជម្លោះ ហើយ​អឺរ៉ុប​ដ​ង្ហើ​យ​ឲ្យ​ភាគី​គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សមុទ្រ និង​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ តាមពិតទៅ​តួនាទី​របស់​សហភាព​អឺរ៉ុប​កាន់តែ​ធំ​ក្នុង​ការសហការ​ជាមួយ​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ មិន​ត្រឹមតែ​លើ​កម្ពស់​សន្តិភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ដល់​ដំណើរ​ប្រ​ធិ​ប​តេ​យ្យូ​ប​នីយកម្ម នីតិរដ្ឋ​និង​ការគោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់​ដូចគ្នា​ដែរ។

២.ការផ្សាភ្ជាប់​ជំរុញ​សមាហរណកម្ម​អាស៊ាន​និង​សហភាព​អឺរ៉ុប
ក្រៅពី​ផ្តោតលើ​កិច្ចសហការ​ផ្នែក​សន្តិសុខ សហភាព​អឺរ៉ុប​និង​អាស៊ាន​នៅតែ​សំឡឹង​ឃើញ​ពី​សារសំខាន់​នៃ​ការផ្សាភ្ជាប់​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប។ កាលពី​ឆ្នាំមុន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន អឺរ៉ុប​នៅ​ប្រ៊ុ​យ​សែ​ល​ឆ្នាំមុន ភាគី​ក៏បាន​បង្ហាញ​ការគាំទ្រ​ការសហការ​គ្នា​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កសាង​ការផ្សាភ្ជាប់។ អឺរ៉ុប​គាំទ្រ​ពេញទំហឹង​ផែនការ​កសាង​ការផ្សាភ្ជាប់​ទាំងបី​ផ្នែក (មនុស្ស ស្ថាប័ន និង​ហេដ្ឋារចនាសម្ព័ន្ធ) ដើម្បី​ភ្ជាប់​ប្រជាជាតិ​អាស៊ាន​ទៅនឹង​បណ្តា​តំបន់​នានា​ទូទាំង​ពិភពលោក។ ការផ្សាភ្ជាប់​ជា​យុទ្ធសាស្ត្រ​ពិសេស​ជំរុញ​ការកសាង​ទំនុកចិត្ត សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សម្រួល​ដល់​ដំណើរ​សមាហរណកម្ម​ថែម​ទៀតផង។ សហភាព​អឺរ៉ុប​និង​អាស៊ាន​កន្លងមក​បន្ត​ជជែក​ពិភាក្សា​និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ដើម្បី​សម្រេចបាន​នូវ​ការផ្សាភ្ជាប់​រវាង​ស្ថាប័ន​និង​តំបន់​ទាំងពីរ​នេះ។ សហភាព​អឺរ៉ុប​ដែលជា​ស្ថាប័ន​ចាស់វស្សា​ហើយ​នោះ​រំពឹងថា​នឹង​ជួយ​ចែករំលែក​បទពិសោធន៍សំខាន់ៗ ដល់​អាស៊ាន​ជុំវិញ​ការលើកកម្ពស់​ការផ្សាភ្ជាប់​នេះ ។ ក្រៅពីនេះ​ក​ការដឹកជញ្ជូន​ដូចជា​អាកាសចរណ៍​ស៊ីវិល​ជា​ចំនុច​អាទិភាព​ដែល​ភាគី​ទាំងពីរ​បន្ត​ការជជែក​ពិភាក្សា ។ ការពង្រឹង​ការស្រាវជ្រាវ ទំនាក់ទំនង​អប់រំ និង​ការភ្ជាប់​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​នៅតែ​ជា​អ្វីដែល​ភាគី​ប្តេជ្ញា​លើកកម្ពស់​ឲ្យ​កាន់តែ​ប្រសើរ​នាពេលខាងមុខ។

៣.សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សំខាន់​ក្នុង​ក្រសែរ​ភ្នែក​សហភាព​អឺរ៉ុប
ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែលជា​បញ្ហា​ស្នូល​មួយ​នៃ​ទំនាក់ទំនង​អាស៊ាន និង​សហភាព​អឺរ៉ុប​ឯណោះ​វិញ គេ​មើលឃើញ​ពី​ឆន្ទៈ​រួម​នៃ​ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម លំហូរ​វិនិយោគទុន និង​ធុរកិច្ច​ផង។ អាស៊ាន​គ្រោង​នឹង​សម្រេចបាន​សហគមន៍​សេដ្ឋកិច្ច​រួមមួយ​ត្រឹម​ចុងឆ្នាំ ២០១៥ដោយមាន​ប្រជាជន​រួម​ជាង៦០០លាន​នាក់។ អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​លេខ​រៀង​ទី​បី​របស់​អឺរ៉ុប ខណៈពេល​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី២ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​បន្ទា​ប់​ពី​ចិន។ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ឆ្នាំ ២០១៣ ទំហំ​ពាណិជ្ជកម្ម​មាន​សេវា​និង​ទំនិញ​ទ្វេភាគី​កើន​ដល់ ២៣៨ពាន់​លាន​អឺរ៉ូ។ បើសិន​បើ​មើល​ពី​ទំហំ​សេដ្ឋកិច្ច​ប្រទេស ១០រួមគ្នា​សហគមន៍​នេះ​នៅ​ឈរ​លំដាប់​លេខ​រៀង​ទី៧ ក្នុងចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក ហើយ​អាស៊ាន​គ្រោង​នឹង​យក​តំណែង​លេខ​រៀង​ទី៤ ក្នុង​ឆ្នាំ ២០៥០ខាងមុខ។ ទាំងនេះ​សុទ្ធតែជា​ចំណុច​ដែល​សហភាព​អឺ​រុ​ប​មិនអាច​មើលរំលង​បាន ក្នុងការ​បង្កើន​ចំណង​ពាណិជ្ជកម្ម និង​ស្វែងរក​ឳ​កាស​វិនិយោគ​ក្នុង​តំបន់។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើត​ឱកាស​សម្រាប់​អឺរ៉ុប​ដាក់ទុន​វិនិយោគ នាំ​ទំនិញ​ចេញ ចូល​ទៅវិញទៅមក​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ឬ​តំបន់​ពាណិជ្ជកម្ម​សេរី​ជាដើម។ ភាគី​ទាំងពី​បន្ត​ជជែក​ពិភាក្សា​និង អនុវត្ត​គោលនយោបាយ​ដែល​ជំរុញ​ការវិវត្តន៍​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ប្រសើរ និង​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម៕





© រក្សាសិទ្ធិដោយ thmeythmey.com