ជាតិ
សង្គមជាតិ
ក្រសួងប្រៃសណីយ៍ដាក់វិធានការជេរប្រមាថ នៅក្នុងសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មអ៊ីនធើណែត
× ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានថា ការញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ ជំនឿសាសនា ការមួលបង្កាច់ បរិហាកេរ្តិ៍ ការជេរប្រមាថ និងការផ្សព្វផ្សាយប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិ នឹងត្រូវរាប់បញ្ចូលក្នុងបទល្មើសនានា។ បទល្មើសនេះនឹងមាននៅក្នុងសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មអ៊ិនធើណែត។
សេចក្ដីបំភ្លឺជុំវិញសេចក្ដីព្រាងច្បាប់ ឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធើណែតរបស់ក្រសួងប្រៃសណីយ៍ ចុះថ្ងៃទី២៥ ឧសភា បានឲ្យដឹងថា គោលការណ៍ ការផ្តទ្ទាទោស និងការដាក់ពិន័យចំ ពោះបទល្មើសទាំងឡាយខាងលើនេះ និងត្រូវមានសង្គតិភាព (បូកបញ្ចូលគ្នា) ជាមួយបទបញ្ញត្តិ ច្បាប់នានា ជាធរមាន ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមព្រហ្មទណ្ឌជាដើម ។
ក្រសួងប្រៃសណីយ៍បន្តថា ច្បាប់នេះមានបំណងកំណត់វិធានការអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាបការប្រព្រឹត្តបទល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីធានាការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាសុវត្ថិភាព និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់ក្នុងការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
«ឧក្រិដ្ឋកម្ម និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានច្រើនប្រភេទ ហើយពាក់ព័ន្ធនឹងសមត្ថកិច្ចជាច្រើន រាប់ពីការភ្ជាប់ដោយខុសច្បាប់ទៅកាន់ប្រព័ន្ធកំព្យូទ័រអ្នកដទៃ ការជ្រៀតជ្រែកទិន្នន័យ-ប្រព័ន្ធការផលិតចែកចាយរូបអាសអាភាសកុមារ ការឆបោក ការក្លែងបន្លំតាមរយៈកំព្យូទ័រ ក៏ដូចជាបទល្មើសផ្សេងទៀតដែលប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យ សន្តិសុខជាតិ»។ នេះបើតាមសេចក្ដីបំភ្លឺរបស់ក្រសួងប្រៃសណីយ៍។
ក្រសួងប្រៃសណីយ បានឲ្យដឹងថានៅពាក់កណ្តាលឆ្នាំ២០១០ ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតក្រុមការងារមួយ ដើម្បីបំពេញការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ដោយមានអ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានពីក្រុមប្រឹក្សាអឺរ៉ុប។ សេចក្តីបំភ្លឺបន្ថែមថាការតាក់តែងព្រាងច្បាប់នេះ ក៏មានការសហការពីប្រទេសមួយចំនួនក្នុងតំបន់ មានប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្ត្រាលី និងណូវែលហ្សេឡង់។ហើយដំណើរការព្រាងច្បាប់នេះ ទើបតែបានចងក្រងឡើងដោយប្រមូលនូវឯកសារពាក់ព័ន្ធនានា ដាក់បញ្ចូលគ្នា និងបានធ្វើការពិភាក្សាខ្លះៗក្នុងកម្រិតការងារបច្ចេកទេសតែប៉ុណ្ណោះ។
ការបំភ្លឺរបស់ក្រសួងប្រៃសនីយ៍នេះ ធ្វើឡើងក្រោយពីលោក ផៃ ស៊ីផាន បានសរសេរលិខិតស្នើទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ កាលពីពេលថ្មីៗនេះឲ្យចាត់វិធានការទៅលើជនមួយចំនួនប្រើប្រាស់ប្រព័ន្ធសង្គមដោយប្រើពាក្យអសុរោះ ប្រមាថមាក់ងាយ បំផ្លើស(អក្សរ និងរូបភាព)និងវាយបរិហារកេរ្តិ៍ដល់មន្ត្រីរាជការដែលជាថ្នាក់ដឹកនាំមួយចំនួននៃរដ្ឋាភិបាល។លោកផៃ ស៊ីផាន បញ្ជាក់ថាការប្រមាថ និងការបរិហារកេរ្តិ៍គឺមិនស្ថិតនៅក្នុងសេរីភាពនៃការបញ្ចេញយោបល់នោះឡើយប៉ុន្តែវាជាការរំលោភសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវរងការប្រមាថនិងបៀតបៀនសេចក្តីថ្លៃថ្នូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com