កីឡាជាតិ
ជាតិ
កម្ពុជា និង​ឡាវ ដែលមាន​ស្ថានភាព​ដូចគ្នា ប៉ះគ្នា​ក្នុងជំនួប​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ
02, Jun 2015 , 11:50 am        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ឡាវ​នា​វេលា​ម៉ោង៦ និង៣០នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ដោយ​ក្រុម​ជិតខាង​ទាំងពីរ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។



ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី១ ខែមិថុនា លោក Kazunori Ohara គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​លោក Steve Darby គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ សុទ្ធតែ​បាន​ទទួលស្គាល់ថា ក្រុម​របស់ខ្លួន បាត់បង់​កីឡាករ​វ័យក្មេង​ឆ្នើម​ជាច្រើន ដែល​ទៅ​ចូលរួម​ក្នុង​ឈុត​ស៊ី​ហ្គេម ប៉ុន្តែ​ពួកលោក​នៅតែមាន​ទស្សនៈ​វិជ្ជមាន​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ World Cup។

លោក Kazunori Ohara ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ World Cup ដោយសារតែ​កម្មវិធី​ប្រកួត​ប្រកៀក​គ្នា​ជាមួយ​ឈុត U-23 នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ក្នុងប្រទេស​សឹង្ហ​បុរី។ នៅមុន​ចូល​ដឹកនាំ​ក្រុម​ជម្រើស បុរស​ជនជាតិ​ជប៉ុន វ័យ៤២ឆ្នាំ រូបនេះ ក៏​ទើប​ទទួលបាន​តំណែង​ជា​នាយក​បច្ចេកទេស​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ។

ស្របពេល​ដែល​លោក Ohara ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ ហើយ​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon ផ្តោតទៅលើ​ឈុត​ស៊ី​ហ្គេម​របស់​កម្ពុជា លោក Steve Darby ជនជាតិ​អង់គ្លេស​អាយុ៦០ឆ្នាំ បាន​ចែករំលែក​ការងារ​ជាមួយ​លោក David Booth ដែលជា​មិត្ត​រួម​ជាតិ​របស់ខ្លួន។ លោក Darby ដែលជា​នាយក​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ឡាវ​ផងដែរ​នោះ ត្រូវ​ដឹកនាំ​ឈុត World Cup របស់​ឡាវ ខណៈ​លោក Booth ទទួល​ភារកិច្ច​ដឹកនាំ​ឈុត​ស៊ី​ហ្គេម។

លោក Ohara ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ពី​ឆ្នាំ២០១២ ដល់២០១៤ លើកឡើងថា ការប្រកួត​មិត្តភាព​ជាមួយ​ឡាវ គឺជា​ដំណាក់កាល​វាស់​ស្ទង់​សមត្ថភាព​ដ៏​សំខាន់​នៅមុន​ការប្រកួត​ជម្រុះ World Cup។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នេះ​ជាការ​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​កម្ពុជា នៅមុន​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ World Cup ដូច្នេះ​ខ្ញុំ​សង្ឃឹមថា កីឡាករ​នឹង​ប្រឹង​លេង​ប្រកបដោយ​ការតាំង​ចិត្ត​ខ្ពស់ ហើយនឹង​ទទួលលទ្ធផល​ល្អ​ពី​ការប្រកួត»។

លោក Darby ដែល​ចាប់​អាជីព​ជា​គ្រូបង្វឹក​តាំងពី​ឆ្នាំ១៩៧៩មក នៅ​ប្រទេស​ប៉ា​រែ​ន អូស្ត្រាលី ម៉ាឡេស៊ី វៀតណាម សឹង្ហ​បុរី ឥណ្ឌា រួមទាំង​ធ្លាប់​ដឹកនាំ​ឈុត​ស៊ី​ហ្គេម​របស់​ថៃ ផង​នោះ រំពឹងថា ក្រុម​ទាំងពីរ​នឹង​មិនមាន​បញ្ហា​របួស​នោះឡើយ​សម្រាប់​ការប្រកួត​មិត្តភាព​នេះ។

លោក​បាន​លើកឡើងថា៖ «យើង​ត្រូវការ​ត្រៀមខ្លួន​ឲ្យ​បានល្អ​ប្រសើរ​សម្រាប់​ការប្រកួត​ជម្រុះ World Cup នាពេលខាងមុខ ដូច្នេះ​យើង​មិន​ចង់ឃើញ​ផល​អវិជ្ជមាន​ដែល​កើតចេញពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះឡើយ»។

មុន​ជួប​ជាមួយ​កម្ពុជា ក្រុម​ជម្រើសជាតិ​ឡាវ បាន​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ២-០ ក្នុងជំនួប​មិត្តភាព​ដូចគ្នា​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​គូប្រជែង​មួយ​របស់​កម្ពុជា​ដែល​ស្ថិតនៅក្នុង​ពូ​ល E នៃ​វគ្គ​ជម្រុះ World Cup។ បន្ទាប់ពី​ជំនួប​ជាមួយ​ឡាវ កម្ពុជា​បាន​ណាត់​ការប្រកួត​មិត្តភាព​មួយទៀត​ជាមួយ​មី​យ៉ាន់​ម៉ារ​នៅ​ខេត្ត Samut Sakhon ប្រទេស​ថៃ នា​ថ្ងៃទី៥ ខែមិថុនា។

សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ World Cup នាពេលខាងមុខ កម្ពុជា​នឹង​ទទួលភ្ញៀវ​សឹង្ហ​បុរី នា​ថ្ងៃទី១១ ខែមិថុនា ខណៈ​ឡាវ​ទទួលភ្ញៀវ​មី​យ៉ាន់​ម៉ារ​នៅ​ថ្ងៃ​ដូចគ្នា។

កម្ពុជា​ស្ថិតក្នុង​ពូ​ល E ជាមួយ​សឹង្ហ​បុរី អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី និង​ជប៉ុន ខណៈ​ឡាវ​ស្ថិតក្នុង​ពូ​ល G ជាមួយ​មី​យ៉ាន់​ម៉ារ គូ​វែ​ត លី​បង់ និង​កូរ៉េខាងត្បូង។ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ គូសបញ្ជាក់ថា ជប៉ុន​គឺជា​មហា​ឧបសគ្គ​សម្រាប់​កម្ពុជា ខណៈ​កូរ៉េខាងត្បូង​គឺជា​មហា​ឧបសគ្គ​សម្រាប់​ឡាវ៕



© រក្សាសិទ្ធិដោយ thmeythmey.com