កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ វឌ្ឍនាកា អបអរ​បែប «Boxing Celebration» ដូច Rooney និង Cahill
04, Jun 2015 , 11:07 am        
រូបភាព
ការអបអរ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ ចាន់ វឌ្ឍនាកា នា​ជ័យជម្នះ ៣-១ លើ​ហ្វីលីពីន ក្នុងការ​ប្រកួត​ដំបូង​របស់​កម្ពុជា​នៅ​ពូ​ល A ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកគាំទ្រ​ជាច្រើន។ តាម​រូបភាព​វីដេអូ កាយវិការ​អបអរ​បែប​ជាការ​ប្រដាល់​នេះ ដូច​ទៅនឹង​ការអបអរ​របស់​កីឡាករ​អង់គ្លេស Wayne Rooney និង​កីឡាករ​អូស្ត្រាលី Tim Cahill ផងដែរ ហើយ​កាសែត​បរទេស​មួយចំនួន​ចាត់ទុកជា «Boxing Celebration»។



ក្រោយ​ការបញ្ជូន​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែលជា​ប្រធាន​ក្រុម ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី៣ នៅ​នាទី៨០ ពោលគឺ៣នាទី​ក្រោយ​ការបង្ហាញ​វត្តមាន​នៅលើ​ទីលាន។ ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី វឌ្ឍនាកា បាន​រត់​សំដៅទៅ អុល រ៉ាវី ហើយ​បាន​ប្រើ​ក្បាច់​ប្រដាល់​ដាក់​មិត្ត​រួម​ក្រុម​របស់ខ្លួន មុននឹង​ឱប​គ្នា​ដើម្បី​អបអរ។

ខ្សែប្រយុទ្ធ​អង់គ្លេស Wayne Rooney បានធ្វើ​ការអបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ក្នុង​រូប​ភាពជា​កីឡាករ​ប្រដាល់​ផងដែរ នា​ជំនួប​កាលពី​ថ្ងៃអាទិត្យ ទី១៥ ខែមេសា នា​ជ័យជម្នះ ៣-០ លើ Tottenham Hotspurs នៅ Old Trafford។ រូបភាព​វីដេអូ បាន​បង្ហាញថា Rooney ធ្វើ​កាយវិការ​ជា​អ្នក​ប្រដាល់ ហើយ​ក្រោយមក​ដួល​នៅលើ​សង្វៀន (Knocked out) ដែល​រូបភាព​នេះ ស្រដៀង​នឹង​ការចេញផ្សាយ​ឃ្លី​ប​របស់​កាសែត The Sun។ The Sun បានបង្ហាញ​ឃ្លី​ប​វីដេអូ​ឯកជន​របស់ Rooney ដែល​បាន​ហាត់​ប្រដាល់​នៅផ្ទះ​របស់ខ្លួន​ជាមួយ Phil Bardsleyខ្សែការពារ Stoke City។

ប៉ុន្តែ យោងតាម​សារព័ត៌មាន ESPNFC ខ្សែប្រយុទ្ធ Rooney ដែល​ស្រឡាញ់​កីឡាប្រដាល់​យ៉ាង​ងប់ងុល​នោះ បាន​និយាយថា រូបគេ​ឈប់​អបអរ​បែប «Boxing Celebration» ទៀតហើយ ដោយសារតែ​កូនប្រុស​ច្បង​របស់ខ្លួន គឺ Kai Rooney បានធ្វើ​ត្រាប់​នៅ​សាលា។ «ពេល​ភរិយា​របស់ខ្ញុំ​ទៅយក​កូន​នៅ​សាលា គាត់​បានឃើញ​កូន​ធ្វើ​ត្រាប់​តាម​ខ្ញុំ​នៅក្នុង​ថ្នាក់រៀន​របស់គេ។ ខ្ញុំ​នឹងមិន​អបអរ​បែប​នោះ​ទៀតឡើយ»។ នេះ​ជាការ​អះអាង​របស់ Rooney។

«Boxing Celebration» ក៏​ជាការ​អបអរ​ដ៏​ពេញនិយម​របស់​ខ្សែប្រយុទ្ធ Tim Cahill ផងដែរ ជាពិសេស​នៅពេលដែល​គេ​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី ក្លិប Everton និង New York Red Bulls ជាដើម។ សារព័ត៌មាន​មួយចំនួន​បានសរសេរថា ការអបអរ​របស់ Cahill ជា «Boxing Kangaroo»។ ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី Cahill បាន​រត់​សំដៅ​ទៅខាង​ជ្រុង ហើយ​ប្រើ​ក្បាច់​ប្រដាល់​វាយ​ទៅលើ​ទង់។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នេះ ហ្គេម FIFA 10 កន្លងមក ក៏បាន​បង្ហាញ​ពី​ការអបអរ​បែប «Boxing Celebration» ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com