អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​ប្រទេស៧ គាំទ្រ​ការបន្ត​ទុក​ទណ្ឌកម្ម​ប្រ​ឆាំង​រុស្ស៊ី​តម្រូវ​ចិត្ត​អាមេរិក
09, Jun 2015 , 8:59 am        
រូបភាព

មេដឹកនាំ​ក្រុម​ប្រទេស៧ ជួបជុំគ្នា​នៅ​ភាគខាងត្បូង​ប្រទេស​អាឡឺម៉ង់ ដោយ​អធិការបតី​អាឡឺម៉ង់​ស្វាគមន៍​ភ្ងៀ​វ​កិត្តិយស​ដោយ​ចាក់​ស្រា​ប្រចាំ​តំបន់​Bavarian។ បរិ​យា​ការរីករាយ​ត្រលប់​ទៅជា​អួល​អាប់​ដោយ​បញ្ហា​វិបត្តិ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​បំណុល​ក្រិ​ក ប៉ុន្តែ​យ៉ាងណាក៏ដោយ​មេដឹកនាំ​ទាំងនោះ​មិនសូវ​ឈឺក្បាល​ទេ ព្រោះ​គ្មាន​វត្តមាន​ប្រមុខរដ្ឋ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន។ វិបត្តិ​អ៊ុយ​ក្រែ​ន​នៅតែ​ជា​រឿង​ក្តៅគគុក និង​ស្មុគស្មាញ​បំផុត តែ​មេដឹកនាំ​ទាំងអស់​បង្ហាញ​ជំហរ​គាំទ្រ​ចំណាត់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​រឹតបន្តឹង​និង​រក្សាទុក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៀត ព្រោះ​រុស្ស៊ី​គ្មាន​ឆន្ទៈ​ពិតប្រាកដ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk។ កិច្ចប្រជុំ​កំពូល​នេះ​រៀបចំឡើង​ស្រប​ពេលដែល​ជម្លោះ​នៅ​ភាគ​ខាងកើត​ចេះតែ​ធ្ងន់ធ្ងរ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បារាំង អាឡឺម៉ង​ឆ្ការដៃឆ្ការជើង​ជួយ​ជ្រោមជ្រែង​ភាគី​ជម្លោះ​ឲ្យ​បង្កើតឡើង​នោះ​កំពុងតែ​រង​ការគំរាមកំហែង​ខ្លាំង អាច​នឹង​ត្រូវគេ​ទាត់ចោល​ផង​ក៏​ថា​បាន។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ



មេដឹកនាំ​ក្រុម​ប្រទេស ៧បាន​អញ្ជើញ​ដល់​ភាគខាងត្បូង​ប្រទេស​អាឡឺម៉ង់​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ដែល​ចាប់ផ្តើម​កាលពី​ម្សិលមិញ ដោយ​ផ្តោតលើ​ការពិភាក្សា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​សកល​ជាច្រើន។ ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំង​ប្រាំពីរ​នេះ តែងតែ​ជួបពិភាក្សា​ជា​រៀងរាល់ឆ្នាំ តែ​ឆ្នាំនេះ​ប្រធានបទ​សំខាន់​និង​ក្តៅ​ជាច្រើន​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា។ បញ្ហា​កំណើនសេដ្ឋកិច្ច សន្តិសុខ​សាកល ការប្រែប្រួល​អាកាសធាតុ ជាដើម​ជា​ប្រធានបទ​សំខាន់។ តែ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​បំណុល​ក្រិ​ក បាន​គ្របដណ្តប់​វេទិកា​កិច្ចប្រជុំ ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​រឹតតែ​ស្មុ​គ្រ​ស្មាញ​ឡើង។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ស្របពេល​ដែល​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​ភាគី​លែង​ខ្វល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​គេ​ទទួលយក​កាលពី​ខែកុម្ភៈ​កន្លងទៅ​នៅ​ទីក្រុង Minsk បេឡា​រ៉ុ​ស។ រុស្ស៊ី​ដែល​ត្រូវគេ​ព្យួរ​សមាជិកភាព​កាលពី​ឆ្នាំមុន​ព្រោះ​ក្រសោប​យក​តំបន់ Crimea ពី​អ៊ុយ​ក្រែ​ន​នោះ កំពុង​រង​ការ​ថ្កោលទោស​ជាថ្មី និង​អាច​នឹងរង​ទណ្ឌកម្ម​បន្ថែម​របស់​ប្រទេស​ទាំង ៧នេះ​ផង ព្រោះ​មិនមាន​ឆន្ទៈ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ដែលមាន​ស្រាប់។ កន្លងមក ប្រមុខ​រដ្ឋាភិបាល​ជប៉ុន និង​កាណាដា ក៏បាន​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​ដើម្បី​បង្ហាញ​ការគាំទ្រ​អ៊ុយ​ក្រែ​ន​ប្រឆាំង​ក្រុង​ម៉ូស្គូ។

១. ការរក្សា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ត្រឹម​តម្រូវ​ចិត្ត​អាមេរិក​និង​អង់គ្លេស?
មុន​ចាប់ផ្តើម​កិច្ចប្រជុំ​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ថ្លែងប្រាប់​សម្ព័ន្ធមិត្ត​ខ្លួន​ទាំងអស់​មាន ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​ស ដេវីដ ខេ​មេ​រ៉ូ​ន ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នាយករដ្ឋមន្ត្រី​អ៊ីតាលី MatteoRanziនាយករដ្ឋមន្ត្រី​កាណាដា Stephen Harper នាយ​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ហ្សូ​អា​បេ ចំនុច​សំខាន់​សម្រាប់​ក្រុម​ប្រទេស​ទាំង៧គឺ​ត្រូវ​រួមគ្នា​ប្រឆាំង​ដាច់ខាត​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀត​យក​ឱកាស​កិច្ចប្រជុំ​ស្វែងរក​ការគាំទ្រ​វិធានការ​រឹតបន្តឹង​និង​បន្ត​រក្សា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​រង​ការគំរាមកំហែង​ដោយ​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាត​កើត។ ទាំង​លោកស្រី​អធិការបតី​អាឡឺម៉ង់ អែន​ជឺ​ឡា ម៉ា​ហ្កែ​ល ជឿថា​ទុក​ទណ្ឌកម្ម​ដើម្បី​គំរាមរ​ស្ស៊ី​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង។ ចំណែក​មេដឹកនាំ​ប្រទេស​ផ្សេងទៀត​សុទ្ធតែ​មើលឃើញថា​ការបន្ត​រក្សាទុក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នៅតែ​ជា​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​អ៊ុយ​ក្រែ​ន។ តាមពិតទៅ អាមេរិក​ខ្លួនឯង​ធ្លាប់​ទទួលស្គាល់ថា​ទណ្ឌកម្ម​គ្មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ឡើយ មិនអាច​វាយបំបាក់​ធ្មុង​រុស្ស៊ី​ឲ្យ​ដក​ដៃ​ចេញពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ឡើយ។ យ៉ាងណាក៏ដោយ ការបង្ហាញ​ជំហរ​គាំទ្រ​ការរក្សា​ទណ្ឌកម្ម​លើ​រុស្ស៊ី ជាការ​តម្រូវ​ចិត្ត​ក្រុង​វ៉ាស៊ីនតោន និង​ចក្រភព​អង់គ្លេស​ច្រើនជាង​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ពិតប្រាកដ។បញ្ហាសំខាន់ វា​មិន​ចំណេញ​ទាល់តែសោះ​សម្រាប់​រដ្ឋ​អឺរ៉ុប​ខ្លះ​ដែលមាន​ចំណូល​ពឹងពាក់​លើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ម៉ូស្គូ។ តែបើ​បន្ទោស​មេដឹកនាំ​អឺរ៉ុប​ក៏​មិនកើត ទាំង​បារាំង អាឡឺម៉ង់ម្នាក់ៗសុទ្ធតែ​ទូល​រែក​សម្ពាធ​ប៉ុន​ភ្នំ​ដែល​ក្រុង​វ៉ាស៊ីនតោន​ទម្លាក់​លើ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន។ កន្លងមក​បារាំង​សុខចិត្ត​ខាតបង់​លុយ​វាល់​លាន​ដុ​លា្ល​រ ដោយ​ឈប់​លក់​នាវាចម្បាំង Mistrals ទៅ​ឲ្យ​រុស្ស៊ី​ព្រោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ដែរ។  

២.វិបត្តិ​អ៊ុយ​ក្រែ​ន គ្មាន​ដំណោះស្រាយ ឬ​គ្មាន​អ្នក​ចង់​ដោះស្រាយ?
កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ ១៥ កុម្ភៈ​កន្លងមក មានចែង​ចំណុចសំខាន់ៗជុំវិញ​ការបញ្ឈប់​ការប្រយុទ្ធ​សិន និង​ឈានទៅ​ពិភាក្សាគ្នា​បន្ត​លើ​ការបញ្ចប់​ជម្លោះ។ តាមពិតទៅ​កិច្ចព្រមព្រៀង​នេះ​ជា​មូលដ្ឋានគ្រឹះ​សំខាន់​សម្រាប់​ភាគី​ក្នុងការ​ឈានទៅ​បង្កើត​សន្តិភាព ប៉ុន្តែ​ភាគី​ទាំងពីរ​កន្លងមក​តែង​ចោទ​គ្នា​ទៅវិញ​មក​រឿង​រំលោភ​កិច្ចព្រមព្រៀង។រុស្ស៊ី​បន្ត​រង​ការចោទប្រកាន់​ពី​លោកខាងលិច ស្របពេល​រដ្ឋាភិបាល​ក្រុង​គៀវ​អះអាងថា រុស្ស៊ី​មិន​ព្រម​ដាក់​សម្ពាធ​លើ​ក្រុម​ឧទ្ទាម​ឲ្យ​គោរព​បទ​ឈប់​បាញ់។ លោកខាងលិច​នៅតែ​បន្ត​ប្រើប្រាស់​ទណ្ឌកម្ម​និង​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោរ តែ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ជួយ​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​ឡើយ។ តាមពិតទៅ​ការដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ជា​រឿង​លំបាក​បំផុត​មួយ​ប៉ុន្តែ​វា​មិន​លំបាក​ដល់​ថ្នាក់​រក​ផ្លូវ​បញ្ចប់​មិនបាន​ឡើយ។ បើ​មិន​មានការ​លូកដៃ​ពី​មហាអំណាច​ម្ល៉េះ​ជម្លោះ​ក៏​មិន​ធ្ងន់ធ្ងរ​ដល់​បច្ចុប្បន្ន​ដែរ និង​រក​ផ្លូវ​ចប់​មិនឃើញ​ដែរ។ សូមបញ្ជាក់ថា ប​ញ្ហ​ស្នូល​និង​ចម្រូងចម្រាស​បច្ចុប្បន្ន​ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​មិន​ត្រូវរ៉ូវ​គ្នា​សោះ​នោះ​គឺ​ការធ្វើ​វិមជ្ឈការ​អំណាច​និង​ការទាមទារ​ស្វ័យភាព​របស់​ក្រុម​ឧទ្ទាម។ ភាគី​ក្រុម​ឧទ្ទាម​ទាមទារ​ស្វ័យភាព ខណៈពេលដែល​រដ្ឋាភិបាល​មាន​ឆន្ទៈ​ត្រឹម​ផ្តល់​អំណាចខ្លះៗដល់​ខេត្ត​ភាគ​អាគ្នេយ៍​ប្រទេស​ប៉ុណ្ណោះ ព្រោះ​ខ្លាច​ថា​ថ្ងៃ​ណាមួយ​ខេត្ត​ទាំងនោះ​របូត​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​រុស្ស៊ី​ដូច Crimea។ បើសិន​ភាគ​ដើរ​ថយក្រោយ​ម្នាក់​មួយ​ជំហាន ប្រហែលជា​មិនមាន​ការបន្ត​ការប្រយុទ្ធ​គ្នា​មកដល់​បច្ចុប្បន្ននេះ​ទេ។ យ៉ាងណាមិញ ដើម្បី​ធានាថា ការផ្សះផ្សា​ជាតិ​អាច​សម្រេច​ជោគជ័យ វា​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ធ្វើកំណែទម្រង់​របប​ដឹកនាំ​ឲ្យ​ស៊ីជម្រៅ​ធ្វើ​ឲ្យ​របប​ដឹកនាំ​ប្រសើរឡើង​តាមរយៈ​ការរៀបចំ​រដ្ឋធម្មនុញ្ញ​អ៊ុយ​ក្រែ​ន​ថ្មី សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​គ្រប់គ្នា​គ្មាន​ការរើសអើង​ក្រុម​ណាមួយ​ឡើយ។ ដើមហេតុ​នៃ​វិបត្តិ ក៏ដោយ​សារ​របប​ដឹកនាំមុនៗប្រើប្រាស់​គោលនយោបាយ​រើសអើង​ប្រជាជន​ផងដែរ។ ចំណែក​បញ្ហាសំខាន់​មួយ​ផ្សេងទៀត​គឺ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ត្រូវ​ត្រលប់​ជ្រើស​យក​គោលការណ៍​អ​ព្យា​ក្រិ​ត្យ បញ្ឈប់​រាល់​មហិច្ឆតា​ភ្ជាប់​ខ្លួន​ជាមួយ​លោកខាងលិច​ជាពិសេស​ការចង់​ក្លាយជា​សមាជិក​ណា​តូ និង សហភាព​អឺរ៉ុប​ផង។ បើ​អ៊ុយ​ក្រែ​ន​រក្សា​ជំហរ​របស់ខ្លួន​បានល្អ ម្ល៉េះ​មហាអំណាច​ជិតខាង​ជាពិសេស​រុស្ស៊ី​មិន​ប្រឹង​បន្ត​លូកដៃ​យ៉ាងជ្រៅ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ​បានឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com