ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានភាព​ជំងឺ៖ រូបរាងកាយ​លោក ប៉ែន សុវណ្ណ ស្គមស្គាំង​ខ្លាំង
12, Jun 2015 , 1:31 pm        
រូបភាព
រូបភាព លោក ប៉ែន សុវណ្ណ ក្នុងអំឡុងពេលព្យាបាលនៅប្រទេសសិង្ហបូរី កាលពីពេលកន្លងទៅ
រូបភាព លោក ប៉ែន សុវណ្ណ ក្នុងអំឡុងពេលព្យាបាលនៅប្រទេសសិង្ហបូរី កាលពីពេលកន្លងទៅ
ដោយ: ថ្មីៗ
ស្ថានភាព​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​របស់លោក លោក ប៉ែន សុវណ្ណ ក្រោយ​ព្យាបាល​អស់​រយៈពេល​ជាង៥ ខែ​មកនេះ នៅតែ​មិនទាន់​ធូរស្រាល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ តែ​ផ្ទុយទៅវិញ រូប​រាយ​កាយ​របស់លោក ប៉ែន សុវណ្ណ កាន់តែ​ស្គមទៅៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ បច្ចុប្បន្ន​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​រយៈពេល ៦ ខែ​រូបនេះ​នៅតែ​មិនទាន់​អាច​និយាយ និង​កម្រើកខ្លួន​បាន​ដដែល ។ លោក ប៉ែន សុវណ្ណ កំពុងស្ថិត​នៅក្រោម​ការ​ថែទាំ​ពី​សំណាក់​កូនធម៌​របស់ខ្លួន ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ។



ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រូបរាងកាយ​របស់លោក ប៉ែន សុវណ្ណ កាន់តែ​ស្គមទៅៗ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់លោក​ព្រួយបារម្ភ​យ៉ាងខ្លាំង។ ជាង៥ ខែ​មកហើយ ដែល​លោក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​ឆ្នាំ ១៩៨១ រូបនេះ មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ចាប់តាំងពី​ថ្ងៃទី ១៩ មករា ឆ្នាំ ២០១៥ មក។ ថ្វី​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​សាច់ញាតិ​យកទៅ​មើលថែ​នៅ​ខេត្ត​កំណើត​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​ពិតមែន តែ​មកដល់ពេលនេះ អាកា​រៈ​ជំងឺ​របស់​អ្នកនយោបាយ​មាន​វ័យ ៧៩ ឆ្នាំ រូបនេះ ហាក់​នៅ​មិនទាន់​ធូរស្បើយ​សោះ។

អ្នកថែរក្សា និង​ជា​កូនស្រី​ធម៌​លោក ប៉ែន សុវណ្ណ ផង​នោះ អ្នកស្រី ប៉ែន សុទ្ធា បាន​និយាយថា ស្ថានភាព​ជំងឺ​ឪពុកធម៌​របស់​អ្នកស្រី​មកដល់ពេលនេះ គ្រាន់តែ​អាច​ស្តាប់​យល់​ពីអ្វី​ដែល​គេ​និយាយបាន​ខ្លះ តែ​លោក​មិនអាច​និយាយ​បានទេ។ អ្នកស្រី បន្ថែមថា ខ្លួនប្រាណ​ឪពុក​របស់ខ្លួន​ស្គមស្គាំង​ជាង​មុន​ខ្លាំងណាស់ ដោយសារតែ​លោក ប៉ែន សុវណ្ណ មិនអាច​ពិសា​របាយ​បាន។ « ពេល​គាត់​ស្តាប់​យើង​បាន គាត់​ឲ្យ​សញ្ញា​ញញឹម​បន្តិច ។ គាត់​មិនអាច​និយាយ​បានទេ ។ ជើង​គាត់ ម្ខាង​អាច​កម្រើក​បាន​ខ្លះ តែ​ក្រៅពីនេះ មិនបាន​ទាំងអស់ ។ គាត់​ស្គម​ជាង​មុន ចេញឆ្អឹងជំនី ដែល​ធ្វើ​ខ្ញុំ​បារម្ភ​ខ្លាំងណាស់។គាត់​មិនអាច​ហូប​ថ្នាំ ឬ​បបរ​តាម​មាត់​បានទេ តែ​ខ្ញុំ​ត្រូវ​សុង​ថ្នាំពេទ្យ​ឬ​បបរ​បន្តិច​បន្តូច​តាម​ច្រមុះ»។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា ប៉ែន សុទ្ធា ដែល​បាន​ហៅ​លោក ប៉ែន សុវណ្ណ ថា ឪពុក​តាំងពី​នាង​នៅ​ក្មេង​ពោលគឺ​ចាប់ពី​ឆ្នាំ ១៩៩២ បន្ទាប់ពី​លោក ប៉ែន សុវណ្ណ ចេញពី​គុក​នៅ​ប្រទេស​វៀតណាម។

អ្នកស្រី ប៉ែន សុទ្ធា បញ្ជាក់​បន្ថែមថា ឪពុកធម៌​របស់​អ្នកស្រី ក៏មាន​ជំងឺ​លើស​ជាតិ​ស្ករ​ផងដែរ ហើយ​ជំងឺ​នេះ​ប្រសិនបើ​មាន​អាកា​រៈ​ប្លែក អ្នកស្រី​ត្រូវ​ទូរ​សព្ទ​ទៅ​ក្រុមគ្រូពេទ្យ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​ពួកគេ​មក​ពិនិត្យ​បន្ទាន់។ រីឯ​ថ្នាំពេទ្យ​សម្រាប់​លោក ប៉ែន សុវណ្ណ វិញ ត្រូវ​ទិញ​ពី​គ្លីនិក​ឯកជន​ក្នុង​មួយខែ​ម្តង។

កូនស្រី​ធម៌​របស់លោក ប៉ែន សុវណ្ណ រូបនេះ បញ្ជាក់ថា សម្រាប់​ការចំណាយ​លើ​ការ​ទំនុកបម្រុង​ដល់​ការព្យាបាល​ថែទាំ​ជំងឺ​ឪពុក​ខ្លួន ភាគច្រើន​បានទទួល​ជំនួយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រាក់ខែ​ជា​តំណាងរាស្ត្រ​របស់​ឪពុក​អ្នកស្រី។ ជាងនេះទៀត អ្នកស្រី ប៉ែន សុទ្ធា​អះអាងថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជួយ​ជ្រោមជ្រែង​ក្នុងការ​ផ្គត់ផ្គង់​ឪពុកធម៌​របស់ខ្លួន​ផងដែរ។ អ្នកស្រី​បរិយាយ​ដូច្នេះ​ថា ៖« លោក សម រង្ស៊ី និង​លោក កឹម សុខា លោក​ទាំងពីរ​ប្រាប់​ខ្ញុំ​ថា បើ​ខ្វះខាត​អ្វី ត្រូវ​ប្រាប់​ពូក​គាត់ ហើយ​ពួកគាត់​នឹង​ជួយ » ។

យ៉ាងណា​ក៏ដោយចុះ ពាក់ព័ន្ធ​នឹង​តំណែង​របស់ខ្លួន​វិញ ថ្វីដ្បិតតែ​ពេលនេះ​លោក ប៉ែន សុវណ្ណ មិនអាច​ដើរ និង​និយាយបាន​ក្តី ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដក​ឈ្មោះ​រូបលោក​ចេញពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​គណបក្ស​នេះដែរ។ ពីព្រោះ លោក ប៉ែន សុវណ្ណ ជា​មនុស្ស​មាន​គុណូបការៈ​ច្រើន​សម្រាប់​គណបក្ស ហើយ​ម្យ៉ាងទៀត​ពេលនេះ​រូបលោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីពេល​កន្លងទៅ ៕



© រក្សាសិទ្ធិដោយ thmeythmey.com